កាលពីម្សិលមិញសាលាដំបូងរាជធានីភ្នំពេញបានចោទប្រកាន់បុរសខ្មែរសញ្ជាតិឡាវម្នាក់ពីបទរួមគំនិតសម្លាប់ស្ត្រីអ្នកជំនួញម្នាក់ដែលបានចោទបុរសរូបនេះពីបទឆបោកកាលពីឆ្នាំ២០១១។
លោក សន ឌីចាម អាយុ៤០ឆ្នាំជាជនជាតិខ្មែរសញ្ជាតិឡាវត្រូវបានតុលាការផ្ដន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេលបួនឆ្នាំកាលពីឆ្នាំ២០១១ពីបទឆបោកយកលុយ៥០.០០០ដុល្លារពីអ្នកនាំឈើចេញឈ្មោះ ខៃ ណារិន អាយុ៥៣ឆ្នាំ ដែលជាថៅកែរបស់គាត់នៅពេលនោះ។ លោក ឌីចាម ក៏ត្រូវបានចោទដែរថា បានរួមគំនិតឲ្យគេសម្លាប់អ្នកស្រី ណារិន ប៉ុន្តែលោក សួស សំអាត ប្រធានចៅក្រមជំនុំជម្រះទើបតែចោទប្រកាន់គាត់កាលពីម្សិលមិញ។
លោក សំអាត មានប្រសាសន៍ថា “បុរសនេះត្រូវបានចោទប្រកាន់ជាមេខ្លោងនៅក្នុងការរួមគំនិតសម្លាប់អ្នកស្រី ណារិន”។ សាក្សីដ៏សំខាន់ម្នាក់នៅក្នុងរឿងក្ដីនេះឈ្មោះ អ៊ូច លីវ៉ាន់ អាយុ៤០ឆ្នាំ បានប្រាប់តុលាការថា គាត់បានជួបលោក ឌី ចាម បីដងនៅក្នុងប្រទេសឡាវ ហើយពួកគេបានរៀបគម្រោងសម្លាប់អ្នកស្រី ណារិន នៅទីនោះដោយលោក លីវ៉ាន់ ត្រូវទទួលបានលុយចំនួន១០.០០០ដុល្លារ។
នៅពេលអ្នកទាំងពីរប៉ុនប៉ងឆ្លងដែនចូលមកខេត្តស្ទឹងត្រែងវិញ បន្ទាប់ពីបានជួបគ្នាបីលើក នគរបាលកម្ពុជាបានរង់ចំាចាប់ខ្លួនពួកគេ ប៉ុន្តែក្រោយមកបានដោះលែងលោក លីវ៉ាន់ វិញ។ លោក ឌីចាម ក្រោយមកបានជាប់ពន្ធនាគារពីបទឆបោក ប៉ុន្តែមិនត្រូវបានចោទប្រកាន់ភ្លាមៗពីបទប៉ុនប៉ងមនុស្សឃាតទេ ហើយហេតុផលមិនត្រូវបានបង្ហាញនៅក្នុងតុលាការឡើយកាលពីម្សិលមិញ។
លោក ឌីចាម បានច្រានចោលការចោទប្រកាន់ទាំងអស់មកលើរូបគាត់ រួមទាំងការចោទប្រកាន់កាលពីឆ្នាំ២០១១ពីបទឆបោក និងរំលោភលើសេចក្ដីទុកចិត្តផង។ គាត់បាននិយាយថា “គេចោទខ្ញុំថា ជាអ្នករួមគំនិតនៅក្នុងការសម្លាប់នេះ និងពីបទឆបោកយកលុយនោះ ប៉ុន្តែវាមិនពិតទេ”។ លុយចំនួន៥០.០០០នោះបានបាត់នៅក្នុងកិច្ចព្រមព្រៀងមួយកាលពីឆ្នាំ២០១១ដែលនៅក្នុងកិច្ចព្រមព្រៀងនោះ អ្នកស្រីបានស្នើសុំឲ្យលោក ឌី ចាម រៀបចំដឹកឈើប្រណីតពីប្រទេសកម្ពុជាទៅទីក្រុងហុងកុង តាមរយៈប្រទេសឡាវ ដោយប្រើប្រាស់ក្រុមហ៊ុនដឹកជញ្ជូនរបស់ថៃ និងចិន។
នៅពេលក្រុមហ៊ុនដឹកជញ្ជូនចិនមិនបានទទួលទំនិញពីក្រុមហ៊ុនថៃដូចការគ្រោងទុកនោះ ការស៊ើងអង្កេតបានចាប់ផ្ដើមឡើង។ លោកចៅក្រម សំអាត មានប្រសាសន៍ថា សំណុំរឿងឃាតកម្មនេះត្រូវបានបញ្ជូនទៅឲ្យចៅក្រមស៊ើបសួររួចហើយ៕ គឹមហឿន