29 C
Phnom Penh

តុលាការ​​​​ខេត្ត​​​កំពង់​​​ស្ពឺ​​​លើក​យក​​​​រឿង​​​ក្តី​​​វិវាទដីធ្លី​ពាក់​ព័ន្ធ​​​​​​នឹង​​​សមាជិកព្រឹទ្ធ​សភាម្នាក់​មក​ជំនុំជម្រះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តំណាង​សហគមន៍​ម្នាក់​បាន​និយាយ​ថា សាលា​ដំបូង​ខេត្ត​កំពង់​ស្ពឺ បាន​កោះ​ហៅ​ប្ដី​ប្រពន្ធ​ពីរ​នាក់ដែល​ជាប់​ចោទ​ពីបទ​ទន្ទ្រាន​​យក​ដី​ដែលកាត់​ចេញ​ពី​ដី​ចម្ការ​របស់​លោក លី យ៉ុងផាត់ សមា​ជិក​ព្រឹទ្ធ​សភា​​​មក​​​ពី​​​​គណបក្ស​ប្រជា​ជន​កម្ពុជា​ និង​ជា​ពាណិជ្ជករ​ម្នាក់ មក​ជំនុំ​ជម្រះ​ ហើយ​បាន​ចេ​ញ​ដីកាចាប់​ខ្លួន​អ្នកភូមិ​ជាង​២០​នាក់​ទៀត​កាល​ពី​ខែ​មុន ដែល​ជាប់ ពាក់​ព័ន្ធ​នឹង​វិវា​ទ​ដីធ្លី​ជាមួយ​​​​ឧកញ៉ា​ស្ករស​​​នេះ​​​​។

អ្នក​ស្រី​ ឃឹម ស្រីពៅ និង​ប្ដី​របស់​គាត់​ឈ្មោះ ពុធ យឿន ត្រូវ​បា​ន​ចោទ​ប្រកាន់​ពី​បទ​កាន់​កាប់​​​ដីមួយ​ក្បាល​ដោយ​ខុស​ច្បាប់​​ដែល​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​៥២​ ក្នុង​ឃុំ​អម​លំាង​ ស្រុក​ថ្ពង ដែល​​​​ធ្លាប់​​​ជា​កម្ម​សិទ្ធិ​របស់​ក្រុម​ហ៊ុន​ស្ករ​ស​ភ្នំពេញ របស់​លោក​ លី យ៉ុង​ផាត់។ ពួកគាត់ស្ថិត​នៅ​ក្នុង​ចំណោម​អ្ន​ក​ភូមិ​ជា​ច្រើននាក់​​ដែល​​ត្រូវ​បាន​ចោទ​​​​ប្រកាន់​ពី​បទ​ទន្ទ្រាន​យក​ដី​ដែល​ស្ថិត​នៅតាម​កំណាត់​ផ្លូវ​នោះចាប់​តាំង​ពីឆ្នាំ​២០១០​មក​។

អ្នកស្រី​ ស្រីពៅ បាន​និយាយ​ថា តុលាការ​បាន​កោះ​ហៅ​អ្នកស្រី​កាលពី​សប្ដា​ហ៍មុន​។ អ្នកស្រី​បាន​បដិសេធ​ការ​ចោទ​​ប្រកាន់​ពីបទ​ទន្ទ្រាន​យក​ដីនោះ ហើយ​បាន​និយាយ​ថា អ្នកស្រី និង​ប្ដី​របស់​អ្នកស្រី​បានមក​រស់​នៅ​ និង​ធ្វើស្រែ​ចម្ការ​លើ​ដី​មាន​ជម្លោះ​នេះ​ចាប់​តាំង​ពី​ឆ្នាំ​២០០២​មក​ម៉្លេះ គឺមុន​ពេល​រដ្ឋា​ភិបាល​បាន​ប្រគល់​តំបន់នេះ​ទៅ​ឲ្យ​លោក​ លី យ៉ុង​ផាត់ កាលពីឆ្នាំ​​២០១០ទៅទៀត​។

អ្នកស្រី​បាននិយាយ​ថា “ចាប់​តាំង​ពី​ក្រុម​ហ៊ុន​បា​ន​ទទួល​ដី​សម្បទា​ន​នេះ​មក ក្រុម​ហ៊ុន​នេះបាន​បង្ក​បញ្ហា​ដល់​រូប​ខ្ញុំ​យ៉ា​ង​ច្រើន​តាំង​ពី​ឆ្នាំ​​២០១០​មក​។ លោក ផល វណ្ណៈ តំណាង​គ្រួសារអ្នក​ភូមិ​បាននិយាយ​ថា បើទោះ​ជា​ដី​​ទំហំ​១០​ហិក​តា​​​​នេះ ត្រូវ​បាន​កាត់​ចេញពី​ដី​សម្ប​ទាន​នេះ​កាលពី​ឆ្នាំ​២០១០​​ឲ្យ​គ្រួសារ​អ្នក​ភូមិ​ក៏​ដោយ ក៏វិវាទ​ដីធ្លី​​​​នេះ​​​បាន​​​​កើត​​​ឡើង​​​ដែរ​​​ ហើយ​បន្ទាប់​​​​​​​​​​​ពី​​​បាន​ទុក​ដីនេះចោល​ស្ទើរ​តែ​ពេញ​មួយ​ឆ្នាំ​នេះ ​​​​ជម្លោះ​​​​​​នេះ​​​បាន​​​កើត​​​ឡើង​​​​ម្តង​​​ទៀត​ក្នុង​រយៈ​​ពេល​ពីរ​បីខែ​កន្លង​មក​នេះ​ ដោយមាន​​​ពាក្យ​​​បណ្តឹង​​​ជា​​​ច្រើន​​​។

បន្ថែម​ពីលើការ​​​កំណត់​​​ពេល​​​​បើក​សវ​នា​ការ​ជំនុំ​ជម្រះ​​​​អ្នកស្រី​ ស្រីពៅ និង​ប្ដី​របស​់​គាត់​ តុលាការ​បានចេញ​ដីកា​ចាប់ខ្លួន​មនុស្ស​ប្រាំបួន​​នាក់ និង​បាន​កោះ​ហៅ​មនុស្ស​​១៩​នាក់​ទៀត​មក​សាក​សួរ​តាំង​ពី​ខែ​វិច្ឆិកា​មក​។ បើ​ទោះណាជា​មាន​ការ​ចោទ​ប្រកាន់​មក​លើពួកគាត់​ដោយ​មាន​ការ​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​ដោយ​​​​ជន​​​អនាមិក​ក៏ដោយ​ ក៏​លោក​បាន​និយាយ​ថា ចុង​ចោទ​ណា​ដែល​សម្រេច​ដោះស្រាយ​វិវាទ​ដីធ្លី​នេះ​​ជា​ថ្នូ​រ​នឹង​ប្រាក់​នោះ​ត្រូវ​ចរចា​ជាមួយ​តំណាង​ក្រុម​ហ៊ុ​ន​​​​ស្ករស​ភ្នំពេញ ដោ​យ​លើក​ឡើង​ពីកង្វល់​ថា ក្រុម​ហ៊ុន​នេះ​បាន​ប្ដឹង​​ពួកគាត់​តាមរយៈអ្នក​តំណាង។

លោក​ វណ្ណៈ បាននិយាយ​ថា យើង​​ត្រូវ​ចរចា ហើយ​ទាមទារ​ប្រាក់​ពីតំណាង​ក្រុម​​ហ៊ុន​​​​​ស្ករ​​ស​នេះ​​ ប្រសិនបើ​យើង​ចង់​បញ្ចប់​​រឿង​ក្ដី​នេះ​ ដូច្នេះ​មាន​ន័យ​ថា ក្រុម​ហ៊ុន​ស្ករស​នេះ​បាន​ប្រើ​ល្បិចកល​មិន​ល្អ​ដោយ​ជួល​អ្នក​ផ្សេង​​ឲ្យ​ប្ដឹង​ពួកយើង”។

លោក អ៊ីវ បូរិន​ ចៅ​ក្រម​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​សាលា​ដំបូង​ខេត្ត​​​បាន​​​បញ្ជាក់​​​​ថា ពិត​ជា​បាន​កោះ​ហៅ​អ្នកស្រី​ ស្រីពៅ និង​ប្ដី​របស់​​​​គាត់​មែន ប៉ុន្តែ​បាន​មាន​ប្រសាសន៍​ថា លោក​មិន​ទទួ​ល​ខុស​ត្រូ​វ​ចំពោះការ​កោះ​ហៅ​អ្នក​ផ្សេង​ឡើយ ហើយ​លោក​មិន​អាច​​​ធ្វើ​​​​អត្ថា​ធិប្បាយ​បាន​ទេ។ លោក​បាន​មាន​ប្រសាសន៍​ថា ការ​ជំនុំ​ជម្រះ​ក្ដី​ប្ដីប្រពន្ធ​ទាំងពីរ​នាក់​នេះ​​ ដែល​ដំបូង​​ត្រូវ​​ធ្វើ​នៅ​សប្ដាហ៍នេះនោះ ត្រូវ​​​បាន​ពន្យារ​ពេល​។

អ្នកស្រី​ ឈាង គឹមស៊ុន តំណាង​ក្រុម​ហ៊ុន​ស្ករស​ភ្នំពេញ បាន​បដិសេធ​ថា ក្រុម​ហ៊ុន​មិន​មាន​តួនាទី​ប្ដឹ​ង​គ្រួសារ​អ្នក​ភូមិ​ទេ ប៉ុន្តែ​បាន​អះអាង​ថា ក្រុម​ហ៊ុន​បាន​ទិញ​ដី​ពីពួកគាត់​។
អ្នកស្រី​បាន​និយាយ​ថា “ យើង​មិន​ប្ដឹង​​អ្នក​ភូមិ​ទេ។ ជា​​ការ​ពិត​ យើង​បាន​ទិញ​ដីមួយ​ចំនួនពី​ម្ចាស់ដីស្រប​ច្បាប់​ តែយើង​មិន​បាន​ចាប់​យកដីពីពួកគាត់​ឡើយ​៕  សារុន

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស