27 C
Phnom Penh

គណបក្ស​ប្រជា​ជន​កម្ពុជា​​នឹង​ចាត់វិធានការ​​លើ​ការ​បន្ត​ធ្វើពហិការសភា​​របស់​គណបក្ស​ប្រឆាំង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅពេល​ឆាប់ៗ​នេះរដ្ឋសភា​ដែល​គ្រប់​គ្រ​ង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជានឹង​ផ្ញើ​លិខិ​តមួយ​ច្បាប់​ទៅ​​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះឆ្នោត​ (​គ.ជ.ប.) ដើម្បី​ជម្រាប​​ស្ថា​ប័ន​នេះ​ជា​ផ្លូវ​ការ​អំ​ពីការ​ធ្វើ​ពហិការ​មិន​ចូល​ប្រជុំ​សភា​ពី​សំណាក់​សមា​ជិកសភា​គណ បក្ស​សង្គ្រោះជាតិ​ទាំង​៥៥​រូប ​ហើយ​នេះ​​ទំនង​ជា​វិធានការ​​ដំបូង​​ក្នុង​ការ​គំរាម​កំហែង​របស់​គណបក្ស​កាន់​អំណាច​ដើម្បី​​ដកហូត​​អាសនៈ​របស់​គណបក្សប្រឆាំង​។

​ថ្ងៃ​ច័ន្ទ​ខាង​មុខ​នេះ​នឹង​​មាន​​រយៈ​ពេល​បី​ខែ​ហើយ ចាប់​តាំងពី​ព្រះមហាក្សត្រ នរោត្តម សីហមុនី បាន​កោះ​ប្រជុំ​សភា​បច្ចុប្បន្ន​ដែល​មាន​តែ​ការ​ចូល​រួម​ពី​សមាជិក​សភា​គណបក្ស​ប្រជា​ជន​កម្ពុជា​៦៨​រូប​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ប៉ុណ្ណោះ។ នៅថ្ងៃ​នោះ​ក៏​ជា​ថ្ងៃ​​ឱសានវាទ​ដែល​គណ​​បក្ស​ប្រជា​ជន​កម្ពុជា​កំណត់​ឲ្យ​គណបក្ស​ប្រឆាំង​​ទទួល​យក​អាសនៈ​របស់​ខ្លួន​នៅ​ក្នុង​សភា បើ​មិន​ដូច្នេះ​ទេ ត្រូវ​ប្រឈម​នឹង​ការ​បាត់​បង់​​អាសនៈ​ទាំង​ស្រុង​។

គណបក្ស​សង្គ្រោះជាតិ​​កំពុង​​ធ្វើ​ពហិការ​មិន​ចូល​​រដ្ឋ​សភា​ដើម្បី​តវ៉ា​នឹង​ការ​បោះ​ឆ្នោត​ជាតិ​កាលពីខែ​កក្កដា ហើយ​គណបក្ស​នេះ​​បាន​​ចោទ​គណបក្ស​ប្រជា​ជន​កម្ពុជា​ថា​បាន​ឈ្នះ​​បន្តិច​បន្តួច​ដោយ​ការលួច​បន្លំ​សន្លឹក​ឆ្នោត​។ លោក ជាម យៀប សមាជិក​សភា​គណ​បក្ស​​​ប្រជា​ជន​កម្ពុជា​ និង​ជា​អ្នក​នាំពាក្យ​គណ​បក្ស​​នេះ​ បាន​មាន​ប្រសាសន៍​កាលពី​ម្សិល​មិញ​ថា ប្រសិន​បើ​​គណបក្ស​​ប្រឆាំង​បន្ត​ធ្វើ​ពហិការ​​រហូត​ដល់​ថ្ងៃ​ច័ន្ទ លោក​ ហេង សំរិន ប្រធាន​រដ្ឋសភា មកពីគណ បក្ស​ប្រជា​ជន​កម្ពុជា​នឹង​ផ្ញើ​លិខិត​ទៅ​ គ.ជ.ប. និង​ថ្វាយ​ព្រះ​មហាក្សត្រ​ និង​​​ទៅក្រុម​ប្រឹក្សាធម្មនុញ្ញ​ ​ដើម្បី​ជម្រាប​ពី​អវត្តមា​ន​ដ៏យូ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​។

លោក ជាម យៀប បាន​មាន​ប្រសាសន៍​ថា “ លិខិត​នេះ​នឹង​លើក​ឡើង​ពីការ​ធ្វើ​ពហិការ​បន្ទាប់ពី​រដ្ឋសភា​បានបន្ត​ការ​ងា​ររបស់​ខ្លួន​អស់​រយៈ​ពេល​បីខែ​មក​”។
លោក​បាន​មាន​ប្រសាសសន៍​ថា ការ​​ដក​ឬ​មិន​ដក​ហូតអាសនៈ​របស់​គណបក្ស​ប្រឆាំង​ទាំង​៥៥​នោះ​អាស្រ័យ​លើ​ គ.ជ.ប.។ លោក​ ជាម យៀប បាន​មាន​ប្រសាសន៍​ថា លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បានមាន​ប្រសាសន៍​ថា នឹង​យក​អាសនៈ​ទាំង​នោះ​ទៅ​បែង​ចែក​ឲ្យ​គណបក្ស​នយោបាយ​ដទៃ​ទៀត​ដែល​​មាន​សំឡេង​ឆ្នោត​”។ “វា​​អាស្រ័យ​លើ​ការ​យល់​របស់​ គ.ជ.ប.​និង​ក្រុ​ម​ប្រឹក្សាធម្មនុញ្ញ”។

គ.ជ.ប.​ត្រូវ​គេ​ចាត់​ទុក​ថា ជំពាក់​គុណ​គណ​​​បក្ស​ប្រជា​ជន​កម្ពុជា​របស់​លោក ហ៊ុន សែន ហើយ​​សមាជិក​នៃ​ស្ថាប័ន​នេះ​បាន​បដិ​សេធ​មិនធ្វើ​អត្ថាធិប្បាយ​ថា តើ​ពួកគេ​មាន​អំណាច​ស្រប​ច្បាប់​ក្នុ​ង​ការ​ដក​ហូត​អាសនៈ​របស់​គណបក្ស​សង្គ្រោះជាតិ ឬ​អត់​​នោះ​ទេ​​។​ ទោះ​ជាយ៉ាង​ណា អ្នក​ជំនាញ​ផ្នែក​ច្បាប់​ និង​ផ្នែក​បោះ​ឆ្នោត​បាន​លើក​ឡើង​ថា ទង្វើ​បែប​​នេះ​ប្រឆាំង​នឹងគណបក្ស​សង្គ្រោះជាតិ​នឹ​ង​រំលោភ​ច្បាប់​ហើយ។

ច្បាប់​ស្ដីពីការ​បោះ​ឆ្នោត​ជ្រើ​សតាំង​​តំណាង​​​​​រាស្ត្រ​ចែង​ថា “គ.ជ.ប​. អាច​បែង​ចែក​អាសនៈ​​​របស់​គណបក្ស​មួយ​បាន​​តែ​ក្នុង​ករណី​ដែល​គណបក្ស​នោះ​ប្រកាស​បោះ​បង់​ចោល​” តែ​​ប៉ុណ្ណោះ​ជា​អ្វីដែល​គណបក្ស​សង្គ្រោះជាតិ​អះ​អាង​ថា ខ្លួន​មិន​បាន​បោះ​បង់​ចោល​ឡើយ​។ ដោយ​មិន​ខ្វល់​នឹង​ការ​ធ្វើ​ពហិការ​របស់​គណបក្ស​ប្រឆាំង​ គណបក្ស​ប្រជាជន​កម្ពុជា​បាន​បន្ត​ប្រជុំ​សភា​ដដែល​​ ដោយ​បាន​អនុ​ម័ត​តែងតែង​គណៈ​រដ្ឋមន្ត្រី​ថ្មី​សម្រាប់​លោក​ ហ៊ុន សែន និង​អនុម័ត ច្បាប់​ថវិកា​ជាតិ​ដែល​មា​ន​ទឹក​ប្រាក់​៣,៤​ពាន់​លាន​ដុល្លារ​ដោយ​ខ្លួនឯង​។

សេចក្ដី​ថ្លែង​ការ​ណ៍​ដែល​ចេញ​ដោយ​រដ្ឋ​សភា​កាលពីម្សិលមិញ​លើក​ឡើង​ថា សភា​នឹង​កោះ​​ប្រជុំ​ម្ដង​ទៀត​នៅ​ថ្ងៃ​សុក្រ ដើម្បី​បោះ​ឆ្នោត​តែ​ង​តាំង​មន្ត្រី​រដ្ឋាភិបាល​បន្ថែម និង​អនុម័​ត​គម្រោង​​តបណ្ដាញ​អគ្គិសនី​ដែល​មាន​ប្រវែង​១៩៨​គីឡូម៉ែត្រ​ចំណាយទឹក​ប្រាក់អស់​១១៩​លាន​ដុល្លារ​ ដើម្បី​បញ្ជូន​ចរន្តអគ្គិសនី​ពី​រោង​ចក្រ​អគ្គិសនី​នៅ​ខេត្ត​ព្រះសីហនុ មក​កាន់​រាជ​ធានី​​ភ្នំពេញ។

លោក ជាម យៀប សមាជិក​សភា​គណ​ប្រជាជន​កម្ពុជា និង​លោក​ ឈាង វុន អ្នក​នាំ​ពាក្យ​រដ្ឋសភា​បា​ន​មានប្រសាសន៍​ថា  ​អ្នក​ដែល​ត្រូវ​តែង​​​តាំង​​រួម​មាន​លោក ស៊ុយ សែម ជា​រដ្ឋ​​មន្ត្រី​ក្រសួង​រ៉ែ​ និង​ថាម​ពល​ និង​លោក អ៊ុច គឹមអន អតី​ត​ឯក​អគ្គរាជទូត​ប្រចាំ​ប្រទេស​បារាំង​ជា​រដ្ឋមន្ត្រី​អម​នាយក​រដ្ឋមន្ត្រី​៕សារុន

http://www.cambodiadailykhmer.com/news/8441/

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស