30.7 C
Phnom Penh

មានការ​អះអាង​ថា ​ស្ត្រី​ខ្មែរ​ម្នាក់​ត្រូវ​បាន​ឃុំខ្លួន​ និង​​វាយ​ដំ​ក្នុង​​កាស៊ីណូ​​នៅប្រទេស​ថៃ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាច់​ញាតិ​របស់​ស្ត្រី​ខ្មែរ​ម្នាក់​ដែល​ធ្វើការ​ក្នុង​កាស៊ីណូ​មួយ​នៅ​ទីក្រុង​បាង​កក បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​សមាគម​សិទ្ធិ​មនុស្ស​អាដ​ហុក​ កាល​ពីថ្ងៃ​ច័ន្ទ​ ដើម្បី​ស្វែង​រកជំនួយ​បន្ទាប់​ពី​រូប​ថត​សាច់​ញាតិ​របស់​ខ្លួន​ដែល​​អត់​សម្លៀក​បំពាក់​ពាក់​កណ្តាល​ខ្លួន​​ លេច​ចេញ​នៅ​លើ​បណ្តាញ​ទំនាក់​ទំនង​សង្គម​ហ្វេសប៊ុក​​ រយៈពេល​ប្រហែល​ពីរ​សប្តាហ៍​ បន្ទាប់ពី​សាច់​ញាតិ​របស់​ស្ត្រី​រូប​នេះ​បាន​បាត់​បង់​ទំនាក់​​ទំនង​ជាមួយ​នាង​។

ស្ត្រី​ឈ្មោះ សូ ម៉ាសា អាយុ​៣២​ឆ្នាំ​ មក​ពី​ខេត្ត​បន្ទាយ​មាន​ជ័យ​ បាន​ធ្វើការ​នៅ​​កាសីុ​ណូ​ មួយ​នៅ​ក្រុង​ប៉ោយ​ប៉ែត​ អស់​រយៈពេល​ពីរឆ្នាំ​ មុន​ពេល​ប្តូ​រកន្លែង​ធ្វើ​ការ​ទៅ​កាស៊ីណូ​មួយ​នៅ​ទីក្រុង​បាង​កក​។សាច់​ញាតិ​របស់​ស្ត្រី​រូប​នេះ​បាន​លើកឡើងថា នៅ​ទី​នោះ​គាត់​កំពុង​រង​ការ​គំរាម​។

លោក​ ស៊ុំ ចាន់​គា​ អ្នក​សម្រប​សម្រួល​សមាគម​អាដហុក​នៅខេត្ត​បន្ទាយ​មាន​ជ័យ​​បាន​និយាយ​កាល​ពីម្សិលមិញថា លោក​បាន​​ទទួល​ពាក្យ​បណ្តឹងពីសាច់​ញាតិ​របស់​​ស្ត្រី​ឈ្មោះ សូ ម៉ាសា ដែល​បញ្ជាក់​ថា ស្ត្រី​រូប​នេះ​ ត្រូវ​បាន​អ្នក​គ្រប់គ្រង​ឃុំ​ខ្លួន​ និង​វាយ​ដំ ប៉ុន្តែ លោក​មិន​ស្គាល់​ឈ្មោះអ្នក​គ្រប់​គ្រង​រូប​នោះ​ទេ​។

លោក ចាន់គា បាន​មាន​ប្រសាសន៍​ថា  “ជន​រងគ្រោះ​​បាន​បាត់​ខ្លួន​តាំង​ពីថ្ងៃ​ទី ២៩​ខែ​វិច្ឆិកា​ ហើយ​រហូត​ដល់​ខែ​ធ្នូ​  ទើប​មិត្ត​ភក្តិ​ និង​អ្នក​ធ្វើ​ការ​ជាមួយ​ជន​រងគ្រោះ​បាន​ផ្តល់​​ដំណឹង​ដល់​ [​សាច់​ញាតិ​របស់​ស្ត្រីរូប​នេះ​] ទាក់​ទង​ទៅ​នឹង​ជន​រងគ្រោះ​ ព្រម​ទាំង​រូប​ថត​នៅលើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេសប៊ុក​​ដែល​បង្ហាញ​ស្ត្រីអាក្រាត​កាយ​ពី​រនាក់​ដែល​ត្រូវ​បាន​គេ​វាយ​ដំ​”។ លោកបាន​មាន​ប្រសាសន៍​បន្ត​ទៀ​តថា “ម្នាក់​​ក្នុង​ចំណោម​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​នេះ​មាន​ឈ្មោះថា ផាត សូម៉ាសា…​ ហើយ​ម្នាក់​ទៀត​មិន​ទាន់​ស្គាល់ឈ្មោះ​នៅឡើយ​ទេ​ ពោល​គឺ​​យើង​កំពុង​ស្រាវជ្រាវ​រក​សាច់​ញាតិ​របស់គាត់​នៅឡើយ​”។

លោក​ ឈុំ​ សុភាព អាយុ​៣២ឆ្នាំ ត្រូ​វជា​បង​ថ្លៃ​​របស់​ស្ត្រី​ឈ្មោះ សូ ម៉ាសា បាន​​ឲ្យ​ដឹង​ថា ស្ត្រី​ដែល​បាត់​ខ្លួន​រូប​នេះ​​បាន​ទាក់​ទង​សាច់​ញាតិ​​របស់ខ្លួន​កាល​ពីយប់​ថ្ងៃ​ច័ន្ទ ជា​លើក​ដំបូង​ដែល​សាច់​ញាតិ​របស់​ស្ត្រី​រូប​នេះ​បាន​ឮដំណឹង​ពី​ខ្លួន តាំង​ពី​រូប​ថត​បាន​លេច​ឡើង​នៅ​ក្នុង​បណ្តាញ​ទំនាក់​ទំនង​សង្គម​ហ្វេស​ប៊ុក។
លោក​បានមាន​ប្រសាសន៍ថា “កាល​ពី​យប់​ថ្ងៃ​ច័ន្ទ ប្អូនថ្លៃ​របស់​ខ្ញុំ​បាន​ទូរស័ព្ទ​មក​គ្រួសារ​របស់​យើង​។ នាង​បាន​​និយាយ​ខ្សឹប​ៗ​​ហើយ​ថា នាង​កំពុង​រង​ការ​គំរាម​កំហែង​ពី​អ្នក​គ្រប់​គ្រង​នៅកាស៊ី​ណូ​ដែល​នាង​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​”។

លោក សុភាព បាន​បន្ត​ថា អ្នក​គ្រប់​គ្រង​នៅ​កាស៊ី​ណូ​នោះ​បាន​រឹប​អូស​យក​ប្រាក់​សន្សំ​របស់​ស្ត្រី​រង​គ្រោះ បន្ទាប់​ពីចោទ​ប្រកាន់​​ស្ត្រី​រង​គ្រោះ និងស្ត្រី​ដែល​មិន​ទាន់​ស្គាល់​អត្ត​សញ្ញាណ​ថា បាន​ឃុប​ឃិត​ជាមួយ​អ្នក​លេង​ល្បែង​បោក​ប្រាស់​កាស៊ី​ណូ​។ លោក​បាន​មាន​ប្រសាសន៍ថា “ប្រាក់​១​លាន​បាត​[ប្រហែល​៣១.១០០ដុល្លារ​]  ដែល​នាង​រកបាន​តាម​រយៈការងារ​ និ​ងការ​សន្សំ​អស់​រយៈពេល​ពីរឆ្នាំ​នោះត្រូវ​បាន​គេ​ដក​ហូត​យក​”។

ចំណែក​ឯពេល​វេលា​ដែល​រូប​ថត​ទាំង​នោះ​បាន​លេច​ឡើង​នៅលើ​បណ្តាញ​អ៊ីន​ធើណិត​ ឬ​ក៏​មូល​ហេតុ​ដែល​អ្នក​ធ្វើ​ការ​ជាមួយ​នាង​ប្រហែលជា​បាន​យក​ និង​បង្ហោះ​រូប​ថត​ទាំង​នេះ​ ដោយ​មិន​ធ្វើ​ឲ្យ​មាន​ការភ្ញាក់​ផ្អើល​ដល់​​អាជ្ញា​ធរ​កាល​ពី​ដំបូ​ងនោះ​ មិន​មាន​ភាព​ច្បាស់​លាស់​ទេ​។ លោក ចាន់​គា បាន​លើក​ឡើង​ថា សមាគមអាដហុក​​ នឹង​បន្ត​ស៊ើប​​អង្កេត​លើ​ករណីនេះ​៕​សុធា​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស