ពេលត្រឡប់មកពីបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសជប៉ុនកាលពីម្សិលមិញ មន្ត្រីរដ្ឋាភិបាលរបស់លោក ហ៊ុន សែន មួយរូបបានបដិសេធថា ការបង្កើនទំនាក់ទំនងថ្មីជាមួយប្រទេសជប៉ុន និងសេចក្ដីសម្រេចរបស់កម្ពុជាក្នុងការចូលរួមជាមួយប្រទេសជិតខាងរបស់អាស៊ាន ក្នុងកិច្ចព្រមព្រៀងស្ដីពី“ការហោះហើរដោយសេរី” នៅទីក្រុងតូក្យូ មិនធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងជិតស្និទ្ធរបស់ខ្លួនជាមួយទីក្រុងប៉េកាំងទេ។
អំឡុងពេលធ្វើទស្សនកិច្ចនោះ លោក ហ៊ុន សែន បានបង្កើនទំនាក់ទំនងជាផ្លូវការជាមួយជប៉ុន ដើម្បីធ្វើជា“ ដៃគូយុទ្ធសាស្ត្រ” ហើយនៅឯកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន កាលពីថ្ងៃសៅរ៍ បានចូលរួមនៅក្នុងសេចក្ដីថ្លែងការណ៍រួមមួយស្តីពីសិទ្ធិហោះហើរដោយសេរីនៅក្នុងតំបន់នេះ។
ប្រទេសចិនទំនងជាបកស្រាយសេចក្ដីថ្លែងការណ៍រួមនេះថា ជាការប្រឆាំងនឹងតំបន់ការពារដែនអាកាសដែលខ្លួនបានប្រកាសជាឯកតោភាគីនៅលើកោះមានជម្លោះក្នុងសមុទ្រចិនខាងត្បូងេនះ។
ពេលត្រឡប់មកពីទីក្រុងតូក្យូថ្មីៗជាមួយលោក ហ៊ុន សែន លោក កៅ គឹមហួន រដ្ឋមន្ត្រីអមនាយករដ្ឋមន្ត្រី បានថ្លែងទៅកាន់អ្នកយកព័ត៌មានអំពីដំណើរទស្សនកិច្ចនេះនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
នៅពេលសួរថា តើការចូលរួមរបស់កម្ពុជានៅក្នុងសេចក្ដីថ្លែងការណ៍រួមរបស់អាស៊ាននេះអាចធ្វើឲ្យចិនដែលជាវិនិយោគិនធំបំផុតនៅកម្ពុជាអាក់អន់ចិត្តឬយ៉ាងណានោះ លោក កៅ គឹមហួន បានអះអាងថា កិច្ចព្រមព្រៀងហោះហើរដោយសេរីនេះគ្រាន់តែលើកឡើងសាជាថ្មីនូវគោលការណ៍នៅក្នុងគោលការណ៍អនុវត្តដែលមានរួចហើយក្នុងចំណោមប្រទេសជាសមាជិកអាស៊ានពាក់ព័ន្ធនឹងនាវាចរណ៍ក្នុងសមុទ្រចិនខាងត្បូង។
លោក កៅ គឹមហួន មានប្រសាសន៍ថា “កិច្ចព្រមព្រៀងនេះមានចែងរួចហើយនៅក្នុងគោលការណ៍អនុវត្តន៍។គោលការណ៍អនុវត្តន៍នេះចែងរួចហើយថា ត្រូវមានសកម្មភាព និងសន្តិសុខសម្រាប់នាវាចរណ៍។ អ្វីដែលយើងកំពុងធ្វើគឺដើម្បីពង្រឹងទំនាក់ទំនងរវាងអាស៊ាន និងប្រទេសជាដៃគូរបស់អាស៊ាន”។
លោក កៅ គឹមហួន ក៏បានមានប្រសាសន៍ដែរថា ការបង្កើនទំនាក់ទំនងទ្វេភាគីជាមួយប្រទេសជប៉ុនគឺស្របតាមគោលនយោបាយអាស៊ាន។
លោកបានមានប្រសាសន៍ថា “ ប្រទេសកម្ពុជា គឺជាសមាជិកអាស៊ាន ហើយអាស៊ានមានទំនាក់ទំនងជាមួយប្រទេសដទៃទៀត ដូចជាចិន ជប៉ុន កូរ៉េខាងត្បូង និងឥណ្ឌា។ សម្រាប់កម្ពុជា អ្វីដែលសំខាន់នោះគឺគោលនយោបាយអាស៊ានរបស់ខ្លួន ហើយជប៉ុនក៏បានផ្ដល់ប្រយោជន៍ឲ្យយើងច្រើនដែរ”។
ប្រទេសជប៉ុនដែលជាប្រទេសផ្ដល់ជំនួយអភិវឌ្ឍន៍ច្រើនជាងគេដល់កម្ពុជានោះ បានចុះហត្ថលេខាផ្ដល់កម្ចីថ្មីចំនួន១៣៤លានដុល្លារទៀតដល់រដ្ឋាភិបាលរបស់លោក ហ៊ុន សែន សម្រាប់គម្រោងចំនួនបី។ នៅឯកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន កាលពីថ្ងៃសៅរ៍ រដ្ឋាភិបាលជប៉ុនក៏បានប្រកាសពីផែនការផ្ដល់ជំនួយចំនួន២០ពាន់លានដុល្លារដល់ប្រទេសជាសមាជិកអាស៊ានសម្រាប់រយៈពេលប្រាំឆ្នាំក្រោយនេះដែរ។
លោក កៅ គឹមហួន បានពន្យល់អំពីដៃគូជាយុទ្ធសាស្ត្រថ្មីរបស់កម្ពុជាជាមួយជប៉ុន ស្របពេលមានការប្រកួតប្រជែងខ្លាំងជាមួយចិនថា ការបង្កើនទំនាក់ទំនងនេះមានន័យថា កិច្ចសហប្រតិបត្តិការ “ កាន់តែស៊ីជម្រៅ និងធំជាងមុន” លើកិច្ចការសំខាន់ៗជាច្រើនជាមួយទីក្រុងតូក្យូ។
លោកបានមានប្រសាសន៍ថា “ ដៃគូជាយុទ្ធសាស្ត្រនេះកាន់តែទូលំទូលាយ។ វិស័យទាំងនេះកាន់តែស៊ីជម្រៅ និងទូលំទូលាយ ដូចដែលអស់លោកឃើញហើយថា សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងស្នើសុំឲ្យជប៉ុនជួយកែទម្រង់ប្រព័ន្ធបោះឆ្នោត។ ហើយក៏មានកិច្ចសហប្រតិបត្តិការយោធា ដែលយើងមិនធ្លាប់មានពីមុនផងដែរ។ ឥឡូវនេះយើងមានកិច្ចព្រមព្រៀងស្ដីពីសហប្រតិបត្តិការយោធា។ យើងក៏កំពុងជំរុញឲ្យមានកិច្ចសហប្រតិបត្តិការផ្នែកនគរបាលផងដែរ ដូច្នេះកិច្ចសហប្រតិបត្តិការនេះធំជាងមុន”។
មិនមានព័ត៌មានលម្អិតអំពីកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការយោធា និងផ្លាស់ប្ដូរព័ត៌មានរវាងកម្ពុជា និងជប៉ុនទេ។
ប្រទេសទាំងពីរក៏ព្រមព្រៀងចាប់ផ្ដើមចរចាអំពីការបង្កើតជើងហោះហើរពាណិជ្ជកម្មដោយផ្ទាល់ផងដែរ៕គឹមហឿន