29 C
Phnom Penh

ក្រុម​អង្កេត​ការណ៍​អំពាវ​នាវ​ឲ្យ​អនុវត្ត​ដំណាក់​កាល​ទី​២​នៃ​ដំណើ​រការ​កាត់​ក្តី​នៅ​សាលាក្តី​ឲ្យ​បាន​ឆាប់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គការ​គំនិត​ផ្តួច​ផ្តើម​យុត្តិធម៌​សង្គម​​បើក​ទូលាយ​ (Open Socirty Justice Initiative) ហៅ​កាត់​ថា អង្គការ​ OSJI ដែល​មាន​មូល​ដ្ឋាន​នៅ​ទីក្រុង​ញូវ​យ៉ក​ បាន​លើក​ឡើង​នៅ​ក្នុង​​សេច​ក្តីថ្លែង​ការណ៍​កាល​ពីម្សិលមិញ​ថា សាលា​ក្តី​ខ្មែរ​ក្រហម​ត្រូវ​តែធានា​ថា ដំណាក់​កាល​ទី​២​នៃ​សំណុំ​រឿង​លោក នួន​ ជា​ និង​ ខៀវ​ សំផន​​ដំណើរ​ការ​ឲ្យ​បាន​ឆាប់​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​ទៅ​បាន​។ កាល​ពីសប្តាហ៍​មុន​ ចៅក្រម​ ព្រះ​រាជ​អាជ្ញា មេធាវី​ការពារក្តី​ និង​មេធាវី​ដើម​បណ្តឹង​រដ្ឋ​ប្ប​វេណី​ បាន​​បើក​កិច្ច​ប្រជុំ​រយៈ​ពេល​ពីរថ្ងៃ​ ដើម្បី​ពិភាក្សា​គ្នា​អំពី​​ដំណើរការ​កាត់​ក្តី ក្នុង​គោល​បំណង​សម្រេច​ថា តើ​គួរ​បង្កើត​គណៈ​ចៅ​ក្រម​ទី​២​ ដើម្បី​បើក​សវនា​ការ​​កាត់​ក្តី​លើក​ទី​២​​ ឬ​យ៉ាង​ណា​ ឬក៏ថា តើ​ដំណើរការកាត់​ក្តី​លើក​ទី​២​នេះ​គួរ​តែ​បន្ត​ការ​ងារ​របស់​ខ្លួន​ក្រោម​ចៅក្រម​អង្គ​បុរេជំនុំ​ជម្រះ ​ដែល​បច្ចុប្បន្ន​កំពុង​ពិភាក្សា​​សម្រេច​លទ្ធ​ផល​​នៅ​ដំណាក់​កាល​ទី ១​។

លោក​ ជែម ហ្គោល​ស្តុន​ (James Goldston)​ នាយក​ប្រតិបត្តិ​អង្គការ​ OSJI បាន​មាន​ប្រសាសន៍​ថា “ ប្រសិន​បើ​​អង្គជំនុំ​ជម្រះ​លើក​ទី ២​ត្រូវមាន​លទ្ធភាព​អនុវត្ត​ការ​ផ្តល់​យុត្តិ​ធម៌​ប្រកប​ដោយ​ខ្លឹម​សារ​ ខណៈ​ដែល​ជន​ជាប់​ចោទ​នៅមាន​ជីវិត​រស់​នៅ​ និង​អាច​ចូល​រួម​អង្គជំនុំ​ជម្រះ​នេះ​បាន​ ដំណើរ​ការ​នេះ​មិន​ត្រូវ​ត្រឹម​តែ​ចាប់​ផ្តើម​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាង​មុខ​នោះទេ​ ថែម​ទាំ​ងត្រូវ​​បាន​​អនុវត្ត​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ខ្ពស់​បំផុត​​ស្រប​តាម​ស្តង​់ដារ​ជំនុំ​ជម្រះ​ប្រក​បដោយ​​យុត្តិ​ធម៌​អន្តរ​ជាតិ​”។

កាល​ពីសប្តាហ៍​មុន ព្រះ​រាជអាជ្ញា​បាន​​លើក​ឡើង​ថា ខ្លួន​ចង់​ឲ្យ​ដំណាក់​កាល​បន្ទាប់​នៃ​អង្គ​ជំនុំ​ជម្រះ​ចាប់​ផ្តើម​យ៉ាង​យូរ​នៅ​ចុង​ខែ​កុម្ភៈ​ ឆ្នាំ​២០១៤​ ហើយ​ខ្លួន​ត្រូ​វការ​រយៈ​ពេល៩៦ថ្ងៃ​​ ដើម្បីគ្រប់​គ្រង​ការ​ងារ​​លើ​បទ​ចោទ​ប្រកាន់ជនជាប់​​​ចោទ​​ស្រប​ច្បាប់​ដែល​នៅ​សេស​សល់​ ដូចជា បទ​ប្រល័យ​ពូជ​សាសន៍​ បទ​ឧក្រិដ្ឋ​ប្រឆាំ​ងមនុស្ស​ជាតិ​ បទ​ឧក្រិដ្ឋ​សង្គ្រាម​ និង​អាពាហ៍​ពិពាហ៍​ដោយ​បង្ខំ​ជា​ដើម​។ លោក ហ្គោល​ស្តុន បាន​មាន​ប្រសាសន៍​ ថា “ វា​ជា​រឿង​ដ៏​ប្រសើរ ​ប្រសិន​បើ​បាន​ឃើញ​​គោល​គំនិត​លម្អិត​ ផែនការ​ និង​កម្ម​វិធី​តស៊ូ​មតិ​​ដែល​កើត​ចេញ​ពី​ព្រះរាជអាជ្ញា​។ ភាគី​ពាក់​ព័ន្ធ​ផ្សេង​ៗ​ទៀត​នៅ​​តុលាការ​ ត្រូវ​តែ​អនុ​ វត្ត​ការងារ​ទៅតាម​កម្រិត​នៃការ​ដឹក​នាំ​”។
ចៅក្រម​អង្គ​បុរេ​ជំនុំ​ជម្រះ​កាល​ពីសប្តាហ៍​មុន​ហាក់​ដូចជា​ស្ទាក់​ស្ទើរ​ក្នុងការ​ចាប់​ផ្តើម​អនុ​វត្ត​ដំណាក់​កាល​ទី​២​នេះ​ ទោះបី​ជា​ក្រុម​រដ្ឋបាល​នៅ​សាលាក្តីខ្មែរក្រហម​អះអាង​ចំពោះ​គណៈចៅក្រម​ថា មូល​និធិ​ដែល​បាន​បង្ក​បញ្ហា​អាប់​អួរ​ដល់​ដំណើ​រកាត់​ក្តី​កាល​ពី​ឆ្នាំ​មុន​នោះ​មិន​មែន​ជា​បញ្ហា​ក៏​ដោយ​។

លោក​ ហ្គោល​ស្តុន​ បាន​មាន​ប្រសាសន៍​បន្ត​ថា “ សេចក្តី​សម្រេច​ថា តើ​ចៅ​ក្រម​រូប​ណា​ខ្លះ​នឹង​ដឹក​នាំ​អង្គ​ជំនុំ​ជម្រះ​លើក​ទី ២​នេះ​ អាច​ ឬ​ក៏​ត្រូវ​តែ​ ត្រូវ​បាន​ធ្វើ​ឡើង​ក្នុ​ង​រយៈពេល​ដ៏ខ្លី​ ដើម្បី​ឲ្យ​ការ​ចាត់​ចែង​កម្លាំង​បុគ្គលិក​សម្រាប់​អង្គ​បុរេ​ជំនុំ​ជម្រះ​ថ្មី​​ ឬ​ក៏​ការ​ចាត់​ចែង​បុគ្គលិក​បន្ថែម​សម្រាប់​អង្គបុរេ​ជំនុំ​ជម្រះ​ដែល​មាន​ស្រាប់​នោះ​មិន​ក្លាយទៅ​ជា​លេស​មួយសម្រាប់គាំទ្រ​ការ​ពន្យារ​ពេល​បន្ថែម​ទៀតឡើយ​​”៕ សុធា

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស