28 C
Phnom Penh

ក្រសួង​មហាផ្ទៃ​យល់​ព្រមឲ្យ​​​បង្កើត​ខណ្ឌ​ថ្មី​ចំនួន​បីបន្ថែម​ទៀត​​នៅក្នុង​រាជ​ធានី​ភ្នំពេញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​មហាផ្ទៃ​បាន​យល់ព្រម​ឲ្យ​ប​ង្កើត​​ខណ្ឌ​ថ្មី​បី​ទៀត​ក្នុង​​រាជ​​ធានី​ភ្នំពេញ​បន្ទាប់​ពី​មាន​សំណើ​ពី​សាលា​រាជ​ធានី​សុំ​បង្កើត​​ខណ្ឌ​ថ្មី​ចំនួន​ប្រាំ​នៅមុន​ការ​បោះ​ឆ្នោត​ជ្រើស​រើស​​​សមា​ជិកក្រុម​ប្រឹក្សា​រាជ​ធានី​ ខេត​្ត​ ក្រុង​ ស្រុក​ ខណ្ឌ​នៅ​ខែ​ឧសភា។
លោក សក់ សេដ្ឋា រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃបាន​មាន​ប្រសាសន៍ថា ខណ្ឌ​ថ្មី​ទាំង​បីនោះ​​​​​​​មាន​​​ឈ្មោះ ខណ្ឌ​ច្បារ​អំពៅ ខណ្ឌ​ជ្រោយ​ចង្វា និង​ខណ្ឌ​ព្រែកព្នៅ​ បន្ទាប់​ពី​ខណ្ឌ​ធំៗដែលមាន​រួច​ហើយ។

លោក សេដ្ឋា បាន​មាន​ប្រសាសន៍ថា ការ​បំបែក​ចេញ​ពី​ខណ្ឌ​ទាំង​ប្រាំបួន​ដែល​មាន​ស្រាប់​ក្នុង​រាជ​ធានី​ភ្នំពេញ​នេះ​ នឹង​ “ធ្វើ​ឲ្យ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​គ្រប់​គ្រង​រដ្ឋ​​​បាល​ និង​ផ្តល់​សេវាកម្ម​ដល់​ប្រជា​ពល​រដ្ឋ”។

លោក​បាន​បន្ថែមថា ក្រសួង​មហា​ផ្ទៃ​បាន​កា​ត់​បន្ថយ​សំណើដំបូង​របស់​សាលា​​រាជ​ធានី​សុំ​បង្កើត​ខណ្ឌ​ថ្មី​ប្រាំ​ ពីព្រោះ​​ក្រសួង​បាន​សម្រេច​ជំទាស់​នឹង​ការ​សុំ​បង្កើត​ខណ្ឌ​ថ្មី​ចំ​​​កណ្តាល​រាជ​ធានី​ភ្នំពេញ​ ដោយ​ផ្តោត​លើ​ការ​ពង្រឹង​រដ្ឋបាលនៅ​ជាយ​ក្រុង​វិញ។

លោក​បាន​មាន​ប្រសាសន៍ថា “បើ​ទោះ​ជា​​​មាន​មនុស្ស​ច្រើន​នៅ​កណ្តាល​រាជ​ធានី​ភ្នំពេញ​ក៏ដោយ ក៏​ដី​មាន​ទំហំ​​តូច​ដដែល ហើយ​ខណ្ឌ​នៅ​ជាយ​ក្រុង​កំពុង​អភិ​វឌ្ឍយ៉ាង​លឿន ដែលជា​​បញ្ហា​ក្នុង​ការ​គ្រប់​គ្រង”។

លោក ប្រាក់ សំអឿន ប្រធាន​នាយក​ដ្ឋាន​រដ្ឋបាល​ក្រសួង​មហាផ្ទៃ​បាន​មាន​ប្រសា​​​សន៍​​​ថា គម្រោង​នេះ​នឹង​ត្រូវ​បញ្ជូន​ទៅ​ទីស្ត​ីការ​គណៈរដ្ឋមន្ត្រី​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​​​ខាង​​​មុខ​នេះ​ ប៉ុន្តែ​បាន​បដិសេធ​មិន​​និយាយ​ថា ខណ្ឌ​ថ្មី​ទាំង​នេះ​នឹងត្រូវ​បង្កើត​នៅ​ពេល​ណា​ ឬ​ថា តើត្រូវ​ជ្រើស​​​​អ្នក​​​គ្រប់​​​គ្រង​​​​ដូច​ម្តេច​​​ឡើយ។

សមាជិកក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ ដែល​ភាគច្រើន​គឺ​ជា​អ្នក​ស្មោះ​ស្ម័គ្រ​នឹង​គណ​បក្ស​​ប្រជាន​ជន​កម្ពុជានោះ​នឹង​​​​​បោះ​​​ឆ្នោត​​​ជ្រើស​រើស​សមា​ជិក​ក្រុម​ប្រឹក្សា​រាជ​ធានី​ និង​ខណ្ឌ​ថ្មី​នៅ​​ថ្ងៃទី​១៨ ខែ​ឧស​ភា។ ក្រុម​ប្រឹក្សា​ស្រុក​ និង​ខេត្ត​ក៏នឹង​ត្រូវ​បោះ​ឆ្នោត​ជ្រើ​សរើស​ក្នុង​ខេត្ត​ទាំងក្រុង​​២៤​ទូទាំង​ប្រទេស​ផងដែរ។
លោក សំអឿន បាន​មាន​ប្រសាសន៍ថា ខណ្ឌ​ថ្មី​ទាំង​បី​ក្នុង​រាជ​ធានី​ភ្នំពេញ​នេះ​នឹងយក​សង្កាត​់​ចេញ​ពី​ខណ្ឌ​បួន​ដែលមាន​ស្រាប់។

ខណ្ឌ​ច្បារ​អំពៅនឹង​មានប្រាំបី​សង្កា​ត់​ ដែល​ពីមុន​ស្ថិត​ក្នុង​ខណ្ឌ​មាន​ជ័យ​រីឯខណ្ឌ​​ជ្រោយ​ចង្វា​នឹង​មានប្រាំសង្កាត​់​ដែល​​​​បំបែក​ចេញ​ពី​ខណ្ឌ​ឫស្សី​កែវ​ ហើយ​ខណ្ឌ​ព្រែក​ព្នៅ​នឹង​​មាន​៥សង្កាត់​ដែរ ដែល​បីសង្កាត​់​​​បំបែក​​​ចេញ​​​ពី​​​​ខណ្ឌសែន​សុខ និង​ពីរ​សង្កាត​់​ទៀត​​​បំបែក​​​ចេញ​​​ពី​​​ខណ្ឌ​ពោធិ៍សែន​ជ័យ៕ សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស