លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិបានបញ្ចេញគ្រប់សកម្មភាពអំឡុងពេលហែក្បួនតវ៉ានៅទូទាំងរាជធានីភ្នំពេញកាលពីម្សិលមិញ។ នេះគឺជាការតវ៉ាថ្ងៃទី៤ដែលគណបក្សសង្គ្រោះជាតិអះអាងថា នឹងបន្តធ្វើជារៀងរាល់ថ្ងៃប្រឆាំងនឹងរដ្ឋាភិបាលរបស់លោក ហ៊ុន សែន រហូតទាល់តែលោក ហ៊ុន សែន ចុះចេញពីតំណែង ឬយល់ព្រមរៀបចំការបោះឆ្នោតសាជាថ្មី។

ជាមួយវត្តមានលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិនៅអែបលោក សម រង្ស៊ី មេដឹកនាំគណបក្សទាំងពីរនាក់នេះបានចាប់ផ្ដើមការដង្ហែក្បួនចេញពីទីលានប្រជាធិបតេយ្យ ដោយធ្វើដំណើរតាមទោចក្រយានយន្តយឺតៗកាត់តាមផ្លូវលេខ៥១ ដោយម្នាក់ៗឈរនៅលើម៉ូតូត្រង់កន្លែងអ្នករួមដំណើរ និងគ្រវីទង់ជាតិខ្មែរផង។
បន្ទាប់ពីបានបត់ទៅទិសខាងលិចតាមបណ្ដោយមហាវិថីព្រះសីហនុ មេដឹកនាំទាំងពីរបានចាប់ផ្ដើមដើរចម្ងាយពីរបីរយម៉ែត្រមុនពេលលោក សម រង្ស៊ី ហក់ឡើងលើរ៉ឺម៉កម៉ូតូ ដើម្បីដឹកព្រះសង្ឃពីរអង្គ។ មេដឹកនាំគណបក្សប្រឆាំងរូបនេះមើលទៅគឺមិនប៉ិនប្រសប់ក្នុងការបើកបរទេ ដោយអង្គរក្សរបស់លោកបានតាមមើលយ៉ាងយកចិត្តទុកដាក់ និងជួយចាប់ហ្វ្រាំងម្ដងម្កាល ប៉ុន្តែលោក សម រង្ស៊ី នៅតែអាចរក្សាលំនឹងបាន។
ទីបំផុតលោក សម រង្ស៊ី និងលោក កឹម សុខា បានបញ្ចប់ការដង្ហែក្បួនដោយអ្នកគាំទ្ររាប់ពាន់នាក់បានដើរតាមពួកគាត់ដោយថ្មើរជើង និងបានស្រែកថា “ហ៊ុន សែន អ៊ើយចុះចេញទៅ!” នៅពីក្រោយរថយន្តពីរបាំងកន្លះមួយឆ្ពោះទៅទីលានប្រជាធិបតេយ្យវិញ។ នគរបាលចរាចរបានជួយបើកផ្លូវសម្រាប់ការដង្ហែក្បួននេះដែលយ៉ាងហោចណាស់ក៏បានទទួលការស្រែកអបអរ និងគ្រវីដៃស្វាគមន៍ពីអ្នកឈរមើលរាប់រយនាក់នៅកាច់ជ្រុងផ្លូវភាគច្រើនដែរ។
មកដល់លើវេទិកាវិញ លោក សម រង្ស៊ី បានប្រៀបធៀបរដ្ឋាភិបាលបច្ចុប្បន្នទៅនឹងរបប ប៉ុល ពត។
លោកបានស្រែកសួរក្រុមអ្នកចូលរួមដែលមានក្ដីរំភើបថា “ម៉េចបានជា ហ៊ុន សែន ធ្វើបាប [ប្រជាពលរដ្ឋ] អ៊ីចឹង? ម៉េចបានជារបបពុករលួយធ្វើបាបប្រជាពលរដ្ឋអ៊ីចឹង? ហើយម៉េចបានជារបបដែលនាំជនអន្តោប្រវេសន៍ខុសច្បាប់ចូលស្រុកខ្មែរ ធ្វើបាបប្រជាពលរដ្ឋអ៊ីចឹង?។ វាពុំខុសពីរបប ប៉ុល ពត ទេ ហើយឥឡូវវាបានឈានដល់ចំណុចនោះទៅហើយ អ៊ីចឹងហើយបានជាមានមនុស្សយ៉ាងច្រើនមកចូលរួមក្នុងការធ្វើបាតុកម្មនេះ”។
លោក កឹម សុខា បានប្រាប់ក្រុមអ្នកចូលរួមថា ពួកគេបានធ្វើខុសពីការរំពឹងរបស់រដ្ឋាភិបាល ដោយបានបន្តមកចូលរួមការតវ៉ាក្នុងចំនួនរាប់ម៉ឺននាក់ ហើយលោកបានអំពាវនាវឲ្យមានអ្នកគាំទ្រមកចូលរួមឲ្យបានកាន់តែច្រើនថែមទៀត។ លោកថ្លែងថា “យើងបានបង្ហាញយ៉ាងច្បាស់ថា ឆន្ទៈរបស់ប្រជាពលរដ្ឋមិនធ្លាក់ចុះទេ។ បងប្អូនដឹងថា គណបក្សប្រជាជន និងរដ្ឋាភិបាលខុសច្បាប់របស់ពួកគេបាននិយាយថា ឲ្យយើងធ្វើ [បាតុកម្ម] ទៅ គ្មានអ្នកណាមកចូលរួមទេ ប៉ុន្តែឥឡូវដូចបងប្អូនបានឃើញស្រាប់ហើយ”។
លោកបានបញ្ជាក់សាជាថ្មីអំពីលក្ខខណ្ឌរបស់គណបក្សប្រឆាំង ដោយបានថ្លែងថា “យើងចង់ឲ្យមានការបោះឆ្នោតឡើងវិញ ប៉ុន្តែបើមិនអាចទេ អ៊ីចឹងសូមចុះចេញទៅ” ដែលការថ្លែងបែបនេះបានទទួលសំឡេងហ៊ោកញ្ច្រៀវយ៉ាងកងរំពង រួចលោកបានបន្តថា “យើងមិនអាចនៅស្ងៀមបានទេ យើងមិនអាចឈប់ធ្វើបាតុកម្មបានទេ ដរាបណាយើងពុំទាន់បានទទួលយុត្តិធម៌ទេនោះ”។
អ្នកស្រី ឈួន កុំ ដែលធ្វើដំណើរពីខេត្តកណ្ដាលមកចូលរួមក្នុងការធ្វើបាតុកម្មនៅសប្ដាហ៍នេះ បាននិយាយថា ខ្លួនគ្មានបំណងឈប់ធ្វើបាតុកម្មទេ។ អ្នកស្រីបាននិយាយថា “គាត់ [លោក ហ៊ុន សែន] កំពុងដឹកនាំប្រទេសដោយមិនបានធ្វើឲ្យអ្វីប្រសើរឡើងទេ។ ប្អូនឃើញស្រាប់ហើយថា បច្ចុប្បន្ននេះមានអំពើពុករលួយ និងការកាប់បំផ្លាញព្រៃឈើដល់កម្រិតណា។ ខ្ញុំគិតថា ក្រុមអ្នកតវ៉ាមានភាពនឿយហត់បន្តិចមែន ប៉ុន្តែពួកគេនៅតែបន្តមកធ្វើបាតុកម្ម ព្រោះយើងចង់ឲ្យមានការផ្លាស់ប្ដូរអ្នកដឹកនាំ”៕ សុធា