34 C
Phnom Penh

​​​កម្មករ​​​បញ្ចប់​​​កូដកម្ម​នៅតំបន់​សេដ្ឋកិច្ច​ពិសេ​ស​​ខេត្ត​ស្វាយ​រៀង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កម្ម​ករ​រោង​ចក្រ​កាត់​ដេរ​ប្រហែល​៣០.០០០​​នាក់​នឹង​ចូលធ្វើការ​វិញ​នៅ​ព្រឹក​នេះ​បន្ទាប់​​ពី​បាន​បញ្ចប់​ការ​ធ្វើ​កូដ​កម្ម​រយៈ​ពេល​បី​ថ្ងៃ​កាល​​ពី​ម្សិល​មិញ​ បន្ទាប់​​​ពី​​​​មន្ត្រី​ខេត្ត​ស្វាយ​រៀង​​​បាន​សន្យា​​ជួយ​កូដករ​ទាំង​នោះឲ្យ​​​​សម្រេច​​​​​​​បាន​​​នូវ​​​​ការ​ទាម​ទារ​របស់ខ្លួន​ពី​ថៅកែ​រោង​ចក្រ​មក។

កូដកម្ម​ដ៏ធំ​នេះ​បាន​បណ្តាល​ឲ្យ​ម្ចាស់​​តំបន់​សេដ្ឋកិច្ច​ពិសេស​ តាយ​សេង​ក្នុង​ខេត្ត​ស្វាយ​រៀង​ព្យា​ករ​ពី​ការ​ចាក​ចេញ​របស់​វិនិ​យោគិន​បរទេស​ពី​ប្រទេស​កម្ពុជា​ ដោយ​សារ​​​​មាន​​​ការ​ទាម​​​​​ទារ​​​​និង​​​ការ​​​ធ្វើ​​​ដូកម្ម​​​របស់​​​កម្ម​ករ​​​​កាន់​​​តែ​​​ច្រើន​​​ឡើង។

លោក លី សុង​ស៊ីន​ គឺ​​​ជាម្ចាស់​តំបន់​សេដ្ឋ​កិច្ច​​ពិសេស​ តាយ សេង ដែល​​​មាន​រោង​ចក្រ​​ចំនួន​​​​២២ និង​​​​​មាន​កម្មករ​​ជាង​​១០.០០០​​នាក់​​​​ត្រូវ​បាន​បិទ​ទ្វារ​ដោយ​សារ​កូដកម្ម​​​នេះ។​​​  លោក​​​បាន​មា​ន​ប្រសា​សន៍ថា “ ឥឡូវ​នេះ​កម្ម​ករ​គឺ​ជា​ម្ចាស់​រោង​ចក្រ​ទាំង​នោះ”។ លោក​ សុងស៊ីន បានមាន​ប្រសា​សន៍ថា “យើង​តែ​ងតែ​ឆ្លើយ​តប​ចំពោះ​ការ​ទាមទារ​របស់​កម្មករ​ ប៉ុន្តែ​ពួកគេ​មិន​ដែល​ឈប់ទេ។ យើង​មិន​ដឹង​ថា តើ​ពួក​គេ​ចង់​បាន​​ប៉ុន្មាន​ទៀត​ទេ”។

លោក ឆេង  ឈាន់ អគ្គលេខាធិការ​សម្ព័ន្ធ​​​សហជីព​ចលនាកម្ម​ករ​បាន​មាន​ប្រសា​សន៍ថា កម្ម​ករ​មក​ពី​រោង​ចក្រ​ចំនួន​៣៦​បាន​ចាប់​ផ្តើម​តវ៉ា​កាល​ពី​ថ្ងៃច័ន្ទ។
រោងចក្រ​ទាំង​អស់​ស្ថិតនៅ​​ក្នុង​តំបន់​សេដ្ឋ​​​កិច្ច​ពិសេស​ម៉ាន​ហាត​តាន និង​តំបន់​សេដ្ឋកិច្ច​ពិសេស​ តាយ សេង។យោង​តាម​លោក ឆេង ឈាន់ បាន​ឲ្យ​ដឹង​ថា កូដករបាន​ទាម​ទារ​ប្រាក់​ឈ្នួល​អប្បបរមា​ប្រចាំ​ខែ​រហូត​ដល់​១៥៤ដុល្លារ​ លក្ខខណ្ឌ​ការ​ងារ​ប្រសើរ​ជាងមុននៅក្នុង​រោង​ចក្រ​ ច្បាប់​ឈប់​សម្រាក​ប្រចាំ​ឆ្នាំ ប្រាក់​ថ្លៃអាហារ​ប្រចាំ​ថ្ងៃ និង​ការ​មិន​ពិន័យ​កម្ម​ករ​អំឡុង​ពេល​អវត្ត​មាន។

លោក ឆេង ឈាន់ បានមាន​ប្រសា​សន៍​ថា មេដឹក​នាំ​សហជីព​និង​សមាជិក​របស់​ខ្លួន​រាប់ពាន់​នាក់​ទៀត​​បាន​យល់​ព្រម​ត្រឡប់​ទៅ​ធ្វើការ​វិញ​នៅ​ថ្ងៃនេះ​ បន្ទាប់​ពីមាន​ការ​ធ្វើ​អន្ត​រា​គមន៍ពី​មន្ទីរ​ការ​ងារ​ខេត្ត​ ដែល​ “ បាន​យល់ព្រម​ដោះ​ស្រាយ​បញ្ហា​នេះ”។ លោក ឆេង ឈាន់​ ​​​​មាន​ប្រសា​សន៍​បន្ថែម​​​​ទៀត​ថា “មន្ត្រី​មន្ទីរ​ការ​ងារ​ខេត្ត​បាន​យល់​ព្រម​ចំពោះ​ការ​ទាម​ទារ​របស់​អ្នក​ត​វ៉ា ហើយ​បាន​ប្រាប់​ពួកយើង​ថា កម្មករ​ទាំង​អស់​អាច​ត្រឡប់​ទៅ​ធ្វើការ​របស់ខ្លួន​វិញ​នៅ​ថ្ងៃ​​​ស្អែក”​។

លោក អ៊ូ សុខឿន អនុប្រធាន​មន្ទីរ​ការ​ងារ​​ខេត្ត​ស្វាយ​រៀង​​បាន​មាន​ប្រសា​សន៍​ថា លោក​​​​បាន​ជួប​ប្រជុំ​ជាមួយ​សហ​ជីពបីគឺ សម្ព័ន្ធ​សហ​ជីព​ចលនា​កម្មករ​ សហ​ជីព​ការ​ងារ​កម្មករ និង​សម្ព័ន្ធ​សហជីព​កម្មករ​ខ្មែរ ដើម្បីពិភាក្សា​អំពី​ការ​ទាម​ទារ​របស់​ពួកគេ​។ លោក​បាន​​មាន​ប្រសាសន៍ថា លទ្ធ​ផល​នៃ​កិច្ច​ប្រជុំគឺ​លិខិត​ព្រាងមួយ​ច្បាប់​ស្តីពី​ការ​ទាម​ទារ​របស់​កូដករ​ដែល​ឥឡូវ​នេះ​នឹង​ត្រូវ​បញ្ជូន​ទៅម្ចាស់រោង​ចក្រទាំង​៣៦”។ លោក សុខឿន​ បាន​មាន​ប្រសាសន៍ថា “ យើង​បាន​ដោះ​ស្រាយ​បញ្ហានេះ​ឲ្យ​​​​អ្នក​តវ៉ា ដោយ​​ព្រាង​លិខិត​មួយ​ច្បាប់​រៀប​រាប់​ពី​ការ​ទាម​ទារ​របស់​អ្នក​ត​វ៉ាបញ្ជូន​ទៅ​ឲ្យ​ក្រុម​ហ៊ុន”​។

លោក កែន លូ អគ្គលេខាធិការ​សមាគម​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា​​ ​មាន​ប្រសា​សន៍​ថា លិខិត​នេះគឺ​គ្រាន់​តែ​ជា​វិធានការ​ដើម្បី​បញ្ឈប់​កម្ម​ករ​មួយ​ក្រុម​តូច​ដែល​រារាំង​កម្មករ​ដទៃទៀត​មិន​ឲ្យ​ចូលធ្វើ​ការ​តែ​ប៉ុណ្ណោះ។ លោក​​មាន​ប្រសាសន៍ថា “ខ្ញុំ​ជឿ​ថា មាន​កូដ​​​ករ​មិន​ដល់​៥០០នាក់​ផងទេ។ ជា​អកុសល កូដករ​ទាំង​៥០០នាក់​នោះ​បាន​រារាំង​កម្មករ​ប្រហែល​៣០.០០០នាក់​មិន​ឲ្យ​ចូលធ្វើការ​ទៅវិញ។ តាមពិត​កម្ម​ករ​ភាគ​ច្រើន​ព្យាយាម​ចូលធ្វើ​ការ​វិញ”។

លោក សុងស៊ីន ម្ចាស់​តំបន់​សេដ្ឋកិច្ច​ពិសេស​ តាយ សេង ​មាន​ប្រសាសន៍ថា ថៅកែ​រោង​ចក្រ​​ភាគច្រើន​នៅក្នុង​កន្លែង​របស់លោក គឺ​ជន​ជាតិ​​​ជប៉ុន និង​ ជន​ជា​តិ​តៃ​វ៉ាន់​ដែល​បាន​វិនិយោគ​ក្នុង​ប្រទេស​វៀត​​ណាម ប៉ុន្តែ​មាន​រោង​ចក្រ​ច្រើន​ស្ថិត​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ជាប់​ព្រំដែននេះ។ លោក​បាន​មាន​ប្រសា​សន៍ថា “វិនិ​យោ​គិន​​ភាគ​ច្រើន​នៅទី​នេះ​កំពុង​ពិចារ​ណា​ដក​ខ្លួន​ចេញ​ទៅ​ប្រទេស​វៀត​ណាម”​។ លោក​បាន​បន្ថែម​ថា “បើទោះ​ជា​ប្រាក់​ឈ្នួល​ក្នុង​ប្រទេស​​​វៀត​ណាម​ខ្ពស់​ជា​ង​ក៏ដោយ ក៏​កម្មក​រ​នៅ​ទីនោះ​​​មាន​ភាព​រួស​រាយ​រាក់ទាក់​ដែរ”​។

សេង យៀកមីុ អាយុ​២២ឆ្នាំ​ ជា​កម្ម​ករ​នៅ​​​រោង​ចក្រ​ DK Inc បាននិយាយថា នាង​បាន​ចូល​​រួម​ធ្វើ​កូដកម្ម​ ពីព្រោះ​អ្នក​គ្រប់​គ្រង​នៅ​រោង​ចក្រ​ដែល​នា​ង​ធ្វើការ​បាន​ប្រើ​ “ពាក្យ​សំដី​មិន​ល្អមើលងាយ​ដល់​កម្ម​ករ​ខ្មែរ​របស់​យើង”។ នាង​បាន​និយាយថា ការ​ទាម​ទារ​ដំឡើង​ប្រាក់​ខែ​ និង​ថ្ងៃឈប់​សម្រាក​​គ្មាន​ប្រាក់​​​​ខែដែល​​​ត្រូវ​បាន​កាត​់​​​បន្ថយ​​​នោះគឺ​ជាការ​ទាម​ទារ​ផ្សេងទៀត​។ នាង​បាន​និយាយ​ទៀត​ថា “យើង​ស្នើឲ្យ​ក្រុម​ហ៊ុន​ទាំងអស់​អនុញ្ញាត​ឲ្យ​យើង​យក​ថ្ងៃ​​ឈប់​សម្រាក​ប្រចាំ​ឆ្នាំ និង​ឈប់​កាត់​ប្រាក់​ខែ​របស់យើង​​​ នៅពេល​ដែល​យើង​ឈប់​សម្រាក​​​​​​សម្រាប់​​​ហេតុ​​​ផល​​​​ផ្ទាល់​ខ្លួននោះ”៕ សារុន​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស