មន្ត្រីនគរបាលម្នាក់បាននិយាយថា នគរបាលបានចាប់ខ្លួនជនជាតិចិន១៩នាក់កាលពីម្សិលមិញពីបទជាប់ពាក់ព័ន្ធនឹងប្រតិបត្តិការគំរាមទារប្រាក់ជាលក្ខណៈអន្តរជាតិ។
លោកឧត្តមសេនីយ៍ទោ អ៊ី សុឃី ប្រធាននាយកដ្ឋានស៊ើបអង្កេតនៅក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា អាជ្ញាធរបានស៊ើបអង្កេតក្រុមនេះរយៈពេលប្រហែលមួយខែមកហើយមុនពេលពួកគេបានឆ្មក់ចូលកន្លែងនោះ ដែលស្ថិតនៅក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក។ លោកបានមានប្រសាសន៍ថា នគរបាលរឹបអូសបានទូរស័ព្ទនិយាយតាមប្រព័ន្ធអ៊ីនធើណិតចំនួន៥៨គ្រឿងអំឡុងការឆ្មក់ចូលនោះ ហើយពួកគេបាននិយាយថា ក្រុមនេះបានប្រើទូរស័ព្ទទាំងនោះដើម្បីគំរាមទារប្រាក់ពីអ្នករស់នៅបរទេស។
លោកឧត្តមសេនីយ៍ទោមានប្រសាសន៍ថា “យើងមិនដឹងថា តើពួកគេទារបានជោគជ័យ [ក្នុងការប៉ុនប៉ងគំរាមទារប្រាក់] ប៉ុន្មានលើកហើយទេ ប៉ុន្តែយើ់ងនឹងសាកសួរពួកគេ”។ លោកបានបន្ថែមថា ពួកគេបានប្រើប្រាស់ទូរស័ព្ទទាំងនេះ និងបង្កើតកន្លែងមួយដើម្បីធ្វើប្រតិបត្តិការនេះ។ យើងកំពុងពិនិត្យមើលឯកសារដែលយើងរឹបអូសបាន”។
កាលពីដើមឆ្នាំនេះ នគរបាលបាននិរទេសជនជាតិចិន៣០នាក់ចំពោះការហៅទូរស័ព្ទតាមប្រព័ន្ធអ៊ីនធើណិតទៅកាន់មន្ត្រី និងអ្នកមានប្រាក់នៅប្រទេសចិន ដើម្បីគំរាមទារប្រាក់ដោយការគំរាមថា នឹងលាតត្រដាងអំពើពុករលួយរបស់ពួកគេ៕សារុន