27 C
Phnom Penh

តុលាការ​ខេត្ត​កំពត​​​​ចោទ​​​ប្រកាន់​​​ក្មេងប្រុស​ជំទង់ម្នាក់​ពី​បទ​ចាប់រំលោភក្មេង​ស្រី​អាយុ៧ឆ្នាំ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរ​បាល​បាន​និយាយ​ថា កាល​ពី​ម្សិល​​មិញ​ សាលា​ដំបូង​ខេត្ត​កំពត​បាន​ចោទ​ប្រកាន់​ក្មេង​ប្រុស​អាយុ​១៤ឆ្នាំ​ម្នាក់​ពី​បទ​ចាប់​រំលោភ​ក្មេង​​​ស្រី​អាយុ​៧ឆ្នាំ​នៅ​ចម្ការ​ស្វាយ​មួយ​កាល​ពី​ថ្ងៃ​ច័ន្ទ​ក្នុង​ស្រុក​ទឹក​ឈូ។

លោក ឡុក ញ៉ាវ នាយ​រង​​ការិយា​ល័យ​នគរ​​បាល​ព្រហ្មទណ្ឌកម្រិត​ធ្ងន់​ខេត្ត​​បាន​​​មាន​ប្រសា​សន៍​ថា នគរ​បាលបាន​​​​ចាប់​ខ្លួន​ក្មេង​ប្រុស​​​ជំទង់​រូប​នេះ​នៅ​ចម្ការ​តែម្តង​កាលពី​ថ្ងៃ​អង្គារ​ បន្ទាប់​ពី​ក្រុម​គ្រួសារ​ក្មេងស្រី​​រង​គ្រោះ​បាន​ដាក់​ពាក្យ​បណ្ដឹង​។ លោក​បាន​មាន​ប្រសាសន៍​ថា “បន្ទាប់​ពី​ម្ដាយ​ក្មេងស្រី​​រងគ្រោះ​បាន​ដាក់ពាក្យ​បណ្ដឹង​នៅ​ស្នង​ការ​នគរ​បាល​ខេត្ត​កាល​ពីព្រឹក​ថ្ងៃ​អង្គារមក​​ យើង​បាន​ចាប់​ខ្លួន​ជន​សង្ស័យរូប​នេះ​នៅ​ចម្ការ​ស្វាយ​​​​នោះ​​​កាល​ពី​ថ្ងៃ​អង្គារ”។

ម្ដាយ​​ក្មេង​ស្រីរងគ្រោះបាន​ប្រាប់​នគរ​បាល​​​​​ថា កូន​ស្រី​របស់​គាត់​បាន​ទៅ​ចម្ការ​នោះ​ជាមួយ​​​ក្មេង​ស្រីមួយ​ចំនួន​ទៀត​នៅ​ក្នុង​ភូមិ​​ដើម្បី​​​ទៅ​​​​ឃ្វាល​​​​ក្របី​។ ​លោក ឡុក ញ៉ាវ បាន​មាន​ប្រសាសន៍​ថា ជន​សង្ស័យ​បាន​ចាប់​រំលោភ​នាង​នៅ​ចម្ងាយ​ប្រហែល​២០០​ម៉ែត្រ​ពីផ្ទះ​របស់​នាង​ ហើយ​បាន​ព្យាយាម​លួង​លោម​នាង​ដោយ​ឲ្យផ្លែ​ស្វាយ​ បន្ទាប់ពី​ចាប់​រំលោភ​រួច​។ លោក​​បាន​មាន​ប្រសាសន៍​ថា “ជន​សង្ស័យ​​​រូប​នេះ​បាន​សន្យា​ឲ្យ​ផ្លែស្វាយ​នាង​ ប្រសិន​បើ​​នាង​មិន​យក​រឿង​នេះ​ទៅ​ប្រាប់​ម្ដាយ​របស់​នាង​​ និង​ក្មេង​ស្រីផ្សេង​ទៀត​នោះ”។

ទីបំផុត​ នៅពេល​ក្មេង​ស្រីរូបនេះ​មក​ដល់​ផ្ទះ​ នាង​មាន​អារម្មណ៍ឈឺចាប់​ពេល​បត់​ជើង​តូច​ ហើយ​បាន​សម្រេច​ចិត្ត​ប្រាប់​ម្ដាយ​របស់​ខ្លួន ​​​​ហើយ​​​​ស្ត្រី​ជាម្ដាយ​បាន​រាយ​ការណ៍​ទៅ​នគរបាល។ បន្ទាប់ពីក្មេង​ប្រុស​រូប​នេះ​ត្រូវ​បាន​ចាប់​ខ្លួន​ និង​សាក​សួរ​នៅ​ស្នង​ការដ្ឋាន​​​​នគរ​បាល​​ខេត្ត​រួចមក​ ក្មេង​ប្រុស​នេះ​បា​ន​សារ​ភាព​ថា ខ្លួន​ពិត​ជាបាន​ចាប់​រំលោភ​​ក្មេង​ស្រី​រ​ង​គ្រោះ​ប្រាកដ​មែន​។ លោក ឡុក ញ៉ាវ បាន​មាន​ប្រ​សាសន៍​ថា ក្មេងស្រី​រូប​នេះ​កំពុងសម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​។

លោក ម៉ៅ ច័ន្ទមធុរិទ្ធ ស្នង​ការ​រង​នគរ​បាល​​​ខេត្ត​បាន​មាន​ប្រសាសន៍​ថា ជន​សង្ស័យ​ត្រូវ​បាន​នាំ​ខ្លួនទៅកាន់​សាលា​ដំបូង​ខេត្ត​ដើម្បី​ធ្វើ​ការ​ចោទ​ប្រកាន់​ហើយ​កាលពី​ថ្ងៃ​ពុធ។ អង្គការ​សិទ្ធិមនុស្ស​អាដ​ហុក​​​​ទទួល​​​បាន​​ករណី​រំលោភ​កុមារ​ចំនួន​១៤០​ករណី​​ក្នុង​​​រយៈ​​​​ពេល​១០​ខែដំបូង​នៃ​ឆ្នាំ​នេះ​៕សារុន​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស