40.6 C
Phnom Penh

នៅ​តែ​មាន​មន្ទិល​​​​​ជុំ​វិញ​សារាចរ​ណែនាំថ្មី​ៗរបស់​​​ក្រសួង​​​ការងារ​​​ស្តីពី​ការងារ​​​​​​​ព​ល​ករ​ទេសន្តរ​ប្រវេសន៍​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្នុង​សប្តាហ៍​នេះ​ ក្រសួ​ងការ​ងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈបាន​ចេញ​សារា​ចរណែ​​នាំថ្មី​ប្រាំបី​ ដើម្បី​ដាក់​បញត្តិ​ទៅ​លើ​ដំណើរ​ការ​នៃការ​បញ្ជូន​ប្រជាជន​ខ្មែរ​ទៅ​ធ្វើការ​នៅ​ក្រៅ​ប្រទេស ក៏​ប៉ុន្តែ​នៅ​តែ​មាន​មន្ទិល​​អំពី​ប្រសិទ្ធភាព​ក្នុងការ​ការ​ពារ​ព​ល​ក​​​រ​ទេ​​​​​​​​​សន្តរ​ប្រវេសន៍​។

សារាចរ​ណែនាំថ្មី​ទាំង​នេះ​ កំណត់​ស្តង់​ដារ​នៃ​កិច្ច​សន្យា​ និង​ការ​បណ្តុះ​បណ្តាល​ព​ល​ករ​ទេសន្តរ​ប្រវេសន៍ ផ្តល់​​​នូវ​​​​បណ្តាញ​ផ្លូវ​ការ​សម្រាប់ព​ល​ករ​ដែល​ត្រូវ​បាន​រំលោភ​បំពាន​ដាក់​ពាក្យ​បណ្តឹង​ ក៏​ប៉ុន្តែ មិន​បាន​ធានា​ឲ្យ​បាន​ពេញលេញ​ថា ពល​ករ​ពិត​ជា​ត្រូវ​បាន​ការពារ​​​​មែន​ នេះ​បើ​យោង​តាម​ប្រសាសន៍របស់​លោក សឹុម ហុង អន​ុ​ប្រធាន​នាយកដ្ឋាន​មុខ​របប​ និង​ហត្ថ​ពល​កម្ម​ ​នៃ​ក្រសួង​ការងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​។​

លោកបានមាន​ប្រសាសន៍​នៅ​ក្នុង​សិក្ខា​សាលា​​ស្តី​ពី​ការ​ធ្វើ​ចំណាកស្រុក​ និង​ពល​ករ​ក្នុង​ស្រុក​ថា “​ប្រសិន​បើ​យើង​ចង់​លែង​ឲ្យ​​​មាន​បញ្ហា​ព​ល​ករ​ទេសន្តរ​ប្រវេសន៍​​…វា​មិន​គ្រប់​គ្រាន់ទេ​”។ លោក​បាន​បន្ថែម​ថា ក្រសួង​​​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈកំពុង​​​ធ្វើការ​​​​​ជា​មួយ​អង្គការ​សហ​ប្រជា​ជាតិ​​ លើ​សារាចរណែ​នាំ​ប្រាំ​បី​ផ្សេង​ទៀត​។

សារាចរ​ថ្មី​ និង​អនុក្រឹត្យ​លេខ​១៩០​​​​​​​​​​​​មាន​គោល​បំណង​ដាក់​បញត្តិ​លើ​ទីភ្នាក់​ងារ​ជ្រើស​រើស​ព​ល​ករ​ទេសន្តរ​ប្រវេសន៍​​ ដែល​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​ថា រំ​លោភ​បំពាន​ក្នុង​កម្រិត​ធ្ងន់​លើ​ពល​ករ​​នា​ពេល​កន្លង​មក​។ ទោះ​បី​ជា​សារាចរ​ទាំង​នេះ​ តម្រូវ​ឲ្យ​ទី​​​ភ្នាក់​ងារ​ជ្រើស​រើស​ពល​ករ​តម្កល់​ប្រាក់​ធានា​១០០.០០០ដុល្លារ​ ក៏​ដោយ​ ក៏ទី​ភ្នាក់​ងារ​ទាំង​នោះ​ផ្តល់​កិច្ច​ការ​ពារ​បន្តិច​បន្តួច​​ដល់​ពល​ករ​នៅ​ពេល​​ពួកគេ​ទៅ​ដល់​ប្រទេស​គោល​ដៅ​។

កាល​ពីខែ​ តុលា​ ឆ្នាំ​២០១១​ លោក​នាយក​​​​រដ្ឋ​មន្ត្រី​ ហ៊ុន សែន បាន​ផ្អាក​សកម្ម​ភាព​បញ្ជូន​ស្ត្រី​ខ្មែរ​ឲ្យ​ទៅ​ធ្វើ​ការ​ជាស្ត្រី​បម្រើ​តាម​ផ្ទះ​នៅ​​​​​​​ប្រទេស​ម៉ាឡេស៊ីបន្ទាប់​ពីមាន​សេចក្តី​​​រាយ​​​កាណ៍​ជាច្រើន​អំពី​ករ​ណី​រំលោភ​បំពាន​រាង​កាយ​​ និង​ការ​កេង​ប្រវ័ញ្ច​ព​ល​ករ​ទេសន្តរ​ប្រវេសន៍​​ពី​សំណា​ក់​និយោជក​បរទេស​របស់​ពួក​គេ​ និង​ទី​ភ្នាក់​ងារ​ជ្រើស​រើស​ពល​ករ​នៅ​ប្រទេស​កម្ពុជា​។

កាល​ពីខែ​វិច្ឆិកា រដ្ឋាភិបាល​កម្ពុជា​ និង​រដ្ឋាភិបាល​ម៉ាឡេស៊ី​ បាន​ឯកភាព​គ្នា​​​ថា នឹង​លែង​ផ្អាក​​សកម្មភាព​បញ្ជូន​​ស្ត្រី​ខ្មែរ​ឲ្យ​​ទៅ​ធ្វើ​ការ​ជា​ស្ត្រី​បម្រើ​តាម​ផ្ទះ​នៅ​ប្រទេស​ម៉ាឡេស៊ី​​​នៅ​ខែ​កុម្ភៈ​ ឆ្នាំក្រោយ​។

កាល​ពី​ម្សិលមិញ​ លោក​ស្រី ជេណា​ ហូ​​​លី​​​​​​​​​ដេ (Jenna Holliday) អ្នក​ឯកទេស​ផ្នែក​រៀប​ចំ​ផែន​ការជា​យុទ្ធ​សាស្ត្រ​ និង​ទំនាក់​ទំនង​ នៅ​​​​​​​អង្គការ​ស្ត្រី​សហ​ប្រជា​ជាតិ​ (UN Women) បាន​អំពាវ​នាវ​ឲ្យ​ប្រទេស​កម្ពុ​ជា​ផ្តល់​សច្ចា​​​ប័ន​​​​ចំពោះ​អនុសញ្ញា​អង្គការ​សហ​ប្រជា​ជាតិ​ពីរ​​​​គឺអនុសញ្ញា​ស្តី​ពី​ការ​ងារ​សមរម្យ​សម្រាប់​ពល​ករ​ក្នុង​ស្រុក​ និងអនុសញ្ញា​​​ស្តី​​​ពី​​​​កិច្ច​ការពារ​ព​ល​ករ​ទេសន្តរ​ប្រវេសន៍​​ និ​ង​គ្រួសារ​របស់​ពួក​គេ​ ដើម្បី​​បញ្ជូន​សារ​ទៅ​ប្រទេស​ផ្សេង​ៗ​ដែល​ទទួល​ពល​ករ​ខ្មែរ​។

លោក​ស្រីបានមាន​ប្រសាសន៍ថា “វា​គឺ​ជា​សេចក្តីថ្លែង​ការណ៍​ដ៏សំខាន់​មួយ​ នៅ​ពេល​រដ្ឋាភិបាល​លើ​កឡើង​ថា នេះ​គឺ​ជារបៀប​​​​​ការ​ពារ​ និង​ឲ្យ​តម្លៃ​ពល​ករ​របស់​យើង​ ហើយ​យើង​រំពឹង​ថា អ្នក​នឹង​ធ្វើ​ដូច​យើង​ដែរ​”។ លោកស្រី ហូលីដេ បាន​មាន​​ប្រសា​សន៍​បន្ត​ទៀត​ថា “ប្រសិនបើ​​​​​​ប្រទេស​​​បញ្ជូន​​​សារ​​​​​សំខាន់ៗរួម​មាន​ប្រទេស​ឥណ្ឌូណេ​ស៊ី​ បង់​ក្លាដែស​ ហ្វី​លី​ពីន និ​ងប្រទេស​កម្ពុជា​​ សុទ្ធ​តែ​ត្រូវ​​​​​ផ្តល់​សច្ចា​​​ប័ន ​នោះ​ការ​ធ្វើ​បែ​បនេះ​នឹង​ផ្តល់​អំណាច​ដល់​ប្រទេស​ទាំង​នេះ​ក្នុង​ការ​ទាម​ទារ​ឲ្យ​​​មាន​​​ការ​ឲ្យ​តម្លៃ​ប្រសើរ​ជាង​មុន​​​[ចំពោះ​​​ពល​ករ​របស់​ប្រទេស​ទាំង​នេះ​ដែល​​​ស្ថិត​នៅក្រៅ​ប្រទេស]”។ លោកស្រី​បាន​មាន​ប្រសាសន៍​ទៀត​ថា “ប្រកាស​ថ្មី​ៗ​ទាំង​នេះ​មិន​បាន​ដាក់​សម្ពាធ​ទៅ​​​លើ​ប្រទេស​ផ្សេង​ៗ​ទៀតឲ្យ ​[ឲ្យ​តម្លៃ​ដល់​ពល​ករ​ឲ្យ​បាន​សម​ស្រប​]ទេ”៕​សុធា​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស