ក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា សីតុណ្ហភាពបានធ្លាក់ចុះដល់១១អង្សានៅខេត្តភាគខាងជើងប្រទេសកម្ពុជា កាលពីម្សិលមិញ ធ្វើឲ្យត្រជាក់ខ្លាំងដូចការព្យាករកាលពីប៉ុន្មានសប្ដាហ៍មុននេះ។
យោងតាមលោក អ៊ុំ រីណា ប្រធាននាយកដ្ឋានឧតុនិយមនៅក្រសួងនេះបានឲ្យដឹងថា សីតុណ្ហភាពក្នុងរាជធានីភ្នំពេញ បានធ្លាក់ចុះដល់១៩,៥អង្សាកាលពីម្សិលមិញ ហើយរំពឹងថា នឹងធ្លាក់ចុះបន្ថែមទៀតដល់១៨,៥អង្សានៅថ្ងៃនេះ។ លោក អ៊ុំ រីណា បានមានប្រសាសន៍ថា នៅខេត្តព្រះវិហារ សីតុណ្ហភាពត្រជាក់នៅតំបន់ភ្នំធ្លាក់ដល់១១អង្សាកាលពីព្រឹកម្សិលមិញ។
លោកបានមានប្រសាសន៍ថា “ឥឡូវនេះយើងបារម្ភថា អ្នកដែលរស់នៅតាមតំបន់ភ្នំនឹងរងផលប៉ះពាល់ដោយអាកាសធាតុត្រជាក់នេះ”។លោកបានបន្ថែមថា រហូតមកដល់ពេលនេះមិនទាន់មានសេចក្តីរាយការណ៍អំពីបញ្ហាសុខភាពដោយសារអាកាសធាតុត្រជាក់នេះនៅឡើយទេ។
លោក លី ច័ន្ទតារា អនុប្រធានបញ្ជាការកណ្ដាលនៃកងយោធពលខេមរភូមិន្ទបានមានប្រសាសន៍ថា ទាហានដែលឈរជើងនៅប្រាសាទព្រះវិហារតាមជួរភ្នំដងរែក បានពាក់អាវច្រើនជាន់ដើម្បីការពារអាកាសធាតុត្រជាក់នេះ។ លោកមានប្រសាសន៍ថា “វាត្រជាក់ខ្លាំងចាប់ពីពាក់កណ្ដាលយប់រហូតដល់ព្រឹក” ថ្ងៃអង្គារ។ ប៉ុន្តែមិនមានទាហានណាម្នាក់ធ្លាក់ខ្លួនឈឺទេ ពីព្រោះសម្តេច [នាយករដ្ឋមន្ត្រី] ហ៊ុន សែន បានចែកអាវរងា ភួយដើម្បីការពារអាកាសធាតុត្រជាក់ ហើយយើងអាចប្រើប្រាស់មន្ទីរពេទ្យក្នុងតំបន់ដើម្បីព្យាបាល”។
ក្រៅពីខេត្តព្រះវិហារ ខេត្តមណ្ឌលគិរី ក៏ត្រជាក់ផងដែរ ដោយសីតុណ្ហភាពនៅទីនោះបានធ្លាក់ចុះចន្លោះពី១៣អង្សាដល់១៤អង្សានៅយប់ថ្ងៃអង្គារ។ លោក ឡឹក សុវណ្ណរ័ត្ន ប្រធានការិយាល័យបច្ចេកទេសមន្ទីរសុខាភិបាលខេត្តបានមានប្រសាសន៍ថា “ឥឡូវនេះនៅក្នុងខេត្តមណ្ឌលគិរីត្រជាក់ណាស់ ហើយអំឡុងពេលអាកាសធាតុត្រជាក់នេះមនុស្សអាចធ្លាក់ខ្លួនឈឺ ដូច្នេះយើងកំពុងយកចិត្តទុកដាក់ចំពោះបញ្ហានេះ”។
នៅក្នុងរាជធានីភ្នំពេញឯណេះវិញ អ្នកគាំទ្រគណបក្សសង្គ្រោះជាតិដែលបានបោះតង់ស្នាក់នៅទីលានប្រជាធិបតេយ្យបាននិយាយថា អាកាសធាតុត្រជាក់នេះមិនអាចធ្វើឲ្យពួកគាត់រួញរាឡើយ។
អ្នកស្រី ស៊ុត ស៊ីយ៉ាន អាយុ៥៤ឆ្នាំដែលធ្វើដំណើរមកពីខេត្តកោះកុង មកស្នាក់នៅក្នុងទីលានប្រជាធិបតេយ្យនេះបាននិយាយថា អាកាសធាតុត្រជាក់នេះមិនធ្វើឲ្យប៉ះពាល់ដល់ការតវា៉របស់យើងទេ” ។ អ្នកស្រីបាននិយាយថា “ខ្ញុំនឹងនៅទីនេះដើម្បីទាមទារសន្លឹកឆ្នោតរបស់យើង ទោះបីជាអាកាសធាតុចុះត្រជាក់ដូចយប់មិញ ហើយវាបន្តត្រជាក់តទៅទៀតក៏ដោយ”។
អ្នកតវ៉ាម្នាក់ទៀតឈ្មោះ មាឃ សារាយ អាយុ៥៣ឆ្នាំមកពីខេត្តព្រៃវែង បាននិយាយថា គាត់បានត្រៀមខ្លួនរួចរាល់ហើយ។ លោកបាននិយាយថា យើងមិនខ្លាចប្រឈមនឹងអាកាសធាតុត្រជាក់នេះទេ ពីព្រោះយើងបានយកអាវរងា មួក និងស្រោមដៃមកជាមួយរួចហើយ”៕ សារុន