29 C
Phnom Penh

ទោះបីជា​មាន​បម្រាម​ ក្រុម​ហ៊ុន​ប្រតិបត្តិករ​ទូរស័ព្ទពីរ​នៅតែ​ផ្តល់ទឹកប្រាក់​បន្ថែម​ដល់អតិថិជន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​ហ៊ុនពីរ​ក្នុង​ចំណោមក្រុម​ហ៊ុន​ប្រតិ​បត្តិ​ករ​ទូរស័ព្ទចល័តធំៗបំផុ​ត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ កំពុងតែ​ផ្តល់​អត្ថ​ប្រយោជន៍បន្ថែម​គួរ​ឲ្យ​ទាក់​ទាញ​ដល់​អតិថិជនរបស់ខ្លួន សម្រាប់​ការ​ហៅ​ទូរស័ព្ទ ​ទោះបីជាមានបញ្ជា​ពី​អង្គ​ភាព ​​បញ្ញត្តិទូរគមនាគម​ន៍​កម្ពុជា កាលពីពេល​ថ្មីៗ​នេះ​ឲ្យក្រុម​ហ៊ុន​ប្រតិបត្តិករ​ទូរស័ព្ទចល័ត​នានា​ អនុវត្ត​គោល​ការណ៍​ថ្លៃ​អប្បបរមា​សម្រា​ប់​ ការហៅទូរស័ព្ទ​ ដែលត្រូវបាន​បង្កើត​ឡើង​​ដោយ​រដ្ឋាភិបាល ​និង​កាត់​បន្ថយ​កម្មវិធី​ផ្តល់​ទឹក​ប្រាក់​បន្ថែម​ដល់អតិថិជន។

កាលពីថ្ងៃអាទិត្យ ក្រុមហ៊ុន ស្មាត (Smart) ​​​ដែល​ជា​កម្មសិទ្ធិរបស់​ក្រុម​ហ៊ុន អេសៀតា គ្រុប ប៊ីអេជឌី (Axiata Group Bhd) ដែល​មាន​មូល​ដ្ឋាន​នៅ​ប្រទេស​ម៉ាឡេស៊ី បាន​ចាប់​ផ្តើម​ផ្តល់ទឹកប្រាក់​បន្ថែម​១០០ភាគរយ​លើ​ទឹក​ប្រាក់បញ្ចូល ហើយ​កម្មវិធីនេះ​ដំណើរការ​រហូត​ដល់ថ្ងៃទី៣១ ខែ​ធ្នូ និង​ជាផ្នែក​មួយ​នៃ​ផែនការ​ផ្តល់​ឲ្យ​ពិសេស​​សម្រាប់រដូវ​ឈប់​សម្រាក នេះបើយោងតាម​គេហទំព័រ​របស់​ក្រុម​ហ៊ុននេះ។

ចំណែក​ឯក្រុមហ៊ុន សែល​កាត (Cellcard) ​ដែលជា​កម្មសិទ្ធិរបស់​ក្រុម​ហ៊ុន​ពហុជំនួញ​ក្នុង​​ស្រុក​ រ៉ូយ៉ាល់ គ្រុប (Royal Group) ក៏បានចាប់​ផ្តើម​ផ្តល់​ទឹកប្រាក់​បន្ថែម​១០០​ភាគរយ​លើ​ទឹក​ប្រាក់​បញ្ចូល​ផងដែរ​ ហើយកម្មវិធីនេះ​នឹង​ ត្រូវបានបញ្ចប់​ក្នុង​ថ្ងៃ​នេះ​។ ក្រុម​ហ៊ុន សែលកាត បាន​ផ្សព្វផ្សាយ​កាល​ ថ្ងៃអង្គារ៍ នៅ​លើទំព័រ​បណ្តាញ​ទំនាក់​ទំនង​​សង្គម​ Facebook របស់ខ្លួនថា “បញ្ចូល​ទឹកប្រាក់​ពីថ្ងៃទី១៨ដល់ទី១៩ នឹង​ទទួល​បាន​ទឹកប្រាក់​បន្ថែម​​១០០ភាគរយ”។

អតិថិជន​​​​របស់​ក្រុម​ហ៊ុនទាំងពីរ​ក៏បាន​សារ​​​ជាអក្សរ​ ដែល​ជូនដំណឹង​​ដល់​ពួកគេ​អំពី​កម្ម​វិធី​ផ្តល់​នាទីសម្រាប់​ការ​ហៅទូរស័ព្ទ​ដោយ​​​ឥត​គិត​ថ្លៃ​។ កាល​ពីថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា អង្គ​ភាព​​​បញ្ញត្តិ​ករ​ទូរគមនាគមន៍​កម្ពុជា​ បានបញ្ជា​ឲ្យ​ក្រុម​ហ៊ុន ​ប្រតិបត្តិករ​ទូរស័ព្ទចល័ត​ទាំងអស់​ អនុវត្ត​តាមប្រកាស​រដ្ឋាភិបាល​ឆ្នាំ២០០៩ ដែល​កំណត់​ថ្លៃអប្បបរមា​សម្រាប់​ផ្តល់ឲ្យ​អតិថិជន។

សម្រាប់​ការ​ហៅទូរស័ព្ទក្នុង​ប្រព័ន្ធ រដ្ឋាភិ​បាល​បាន​ប្រកាស​ថា ​ការ​ហៅ​ទូរ​ស័ព្ទបែប​នេះ​មានតម្លៃ​៤,៥សេនក្នុងមួយ​នាទី ខណៈ​ដែល​ការហៅទូរស័ព្ទ​ឆ្លង​ប្រព័ន្ធ​មានតម្លៃ​៥,៩៥​សេន​ក្នុង​មួយនាទី។ បញ្ញត្តិ​ករ​ក៏បាន​បញ្ជាឲ្យមានការកំណត់​កម្មវិធីផ្តល់​ទឹកប្រាក់​បន្ថែមសម្រាប់ការហៅ​ទូរស័ព្ទ និង​កម្ម​​​វិធី​​​សេវា​កម្មឥតគិតថ្លៃ​ផង​ដែរ ពោល​គឺ​មិនត្រូវ​បន្ថែម​លើសពី៥០ភាគរយ​នៃ​អត្រា​ហៅ​​​ចេញកំណត់​ដោយរដ្ឋាភិបាល​ ខណៈ​ដែល​ចំនួនដងនៃ​កម្មវិធី​សេវា​កម្ម​ឥត​គិ​ត​ថ្លៃ​​​ត្រូវ​​​តែ​មានការ​ដាក់​កម្រិត។

ខណៈដែល​រដ្ឋាភិបាល​អះអាង​ថា បញ្ជា​ឲ្យ​កំណត់​ថ្លៃ​ទាំងនេះ​នឹង​បង្កើន​ការ​ប្រកួត​ប្រជែង​នៅលើទីផ្សារ ហើយ​អនុញ្ញាត​ឲ្យ​រដ្ឋា​​​ភិបាលប្រមូលចំណូលពន្ធ​បានច្រើន​ជាងមុន សាធារ​ណជនចាត់​ទុកចំណាត់ការ​នេះ​មាន​ទិសដៅផ្ទុយពីគោលការណ៍ទីផ្សារសេរី និ​ង​ជា​ការ​រើសអើងប្រជាជនក្រីក្រ។ ទាំង​លោក ថូម៉ាស ហាន់ (Thomas Hundt) ប្រធាន​នាយកប្រតិបត្តិក្រុម​ហ៊ុន ស្មាត ​និង​ ​លោក អៀន វ៉ាត់សុន (Ian Watson) ​ប្រធាន​នាយកប្រតិបត្តិ បាន​លើកឡើង​កាលពីម្សិល​មិញថា ​កម្មវិធីផ្តល់តម្លៃថ្មីរបស់​ពួកគេស្រប​តាម​បញ្ជា​របស់រដ្ឋាភិបាល។

លោក ថូម៉ាសហាន់ បាន​មានប្រសាសន៍​ថា “យើងមិនមែន​មិន​យកចិត្ត​ទុកដាក់​ចំពោះ បទបញ្ជា​របស់​បញ្ញត្តិករ​ទូរគមនា​គមន៍​កម្ពុជា​​​​នោះទេ​”។ លោក​​​បានបន្ត​​​ទៀត​​​ថា “យើង​តែង​គោរពតាម​ប្រកា​ស [បទ​​​​បញ្ជា] របស់​បញ្ញត្តិករ​ទូរគមនា​គមន៍​​​កម្ពុជា”៕​​​​ សុធា

(រាយការណ៍បន្ថែម​ដោយ​ ហ៊ុល រស្មី)​​

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស