38.8 C
Phnom Penh

ជន​សង្ស័យ​​វ័យ​ក្មេង​បដិសេធ​ថា ខ្លួន​មិន​បានជាប់​ពាក់​ព័ន្ធ​នឹង​ការ​បាញ់​សម្លាប់​កាលពី​ឆ្នាំ​២០១១

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ជន​សង្ស័យពីរនាក់​​ដែល​ជាប់ពាក់ព័ន្ធ​​ក្នុង​ការ​សម្លាប់​ស្ត្រី​ម្នាក់​នៅ​​រាជធានីភ្នំពេញ កាល​ពី​ឆ្នាំ២០១​១ រួមទាំង​កូន​ប្រុស​របស់​មន្ត្រី​កង​រាជអាវុធហត្ថ​ម្នាក់​ផង​​បាន​បដិសេធ​ថា ពួក​គេ​​មិន​បាន​ដឹង​ ឬ​​ជាប់​ពាក់​ព័ន្ធ​នឹង​បទ​ឧក្រិដ្ឋ​​នេះ​ទេ អំឡុង​​ពេល​ជំនុំជម្រះ​នៅ​សាលា​ដំបូង​​​រាជធានីភ្នំពេញ កាលពីម្សិលមិញ។

គង់ ច័ន្ទរស្មី អាយុ​១៦​ឆ្នាំ​ និង​ គង់ ស៊ីណា អាយុ​១៩​ឆ្នាំ ដែល​ជាកូន​ប្រុស​របស់​លោក គង់ ស៊ីណាត មន្ត្រី​កង​រាជអាវុធហត្ថ​ត្រូវ​បាន​ចាប់​ខ្លួនកាលពីខែ​មិថុនា ពីបទ​បាញ់​សម្លាប់​អ្នក​ស្រី ឆាយ ជុំរស្មី អាយុ​២៨​ឆ្នាំ​ កាលពីថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១១ ហើយ​បន្ទាប់​មក​ត្រូវ​បាន​ចោទ​ប្រកាន់ពី​បទ​មនុស្ស​ឃាត ​ប្រើ​ប្រាស់​អាវុធ​ខុស​ច្បាប់ និង​​ប៉ុន​ប៉ង​ប្លន់។ នៅ​ក្នុងសវនាការ​​ជំនុំ​ជម្រះ​កាលពី​ម្សិល​មិញ ជន​សង្ស័យ​ទាំងពីរ​នាក់​អះអាង​ថា ពួក​គេ​​គ្មាន​កំហុស​ទេ។

គង់ ស៊ីណា និយាយ​ថា “ខ្ញុំ​សុំ​ឲ្យ​តុលាការ​ដោះលែង​ខ្ញុំ​​ដើម្បី​ឲ្យ​ខ្ញុំ​អាច​បន្ដ​ការ​សិក្សា​របស់​​​ខ្ញុំវិញ ពីព្រោះខ្ញុំមិន​ដឹង​រឿង​នេះទេ ហើយ​ខ្ញុំ​មិន​បាន​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​នេះ​ឡើយ​”។ គង់ ច័ន្ទរស្មី ដែល​អះអាង​ថា ខ្លួន​គ្មាន​កំហុស​ដែរ​នោះ បាន​និយាយ​ថា នគរបាល​បាន​បង្ខំ​ឲ្យ​ខ្លួន​សារភាព​ ហើយ​និយាយ​ថា កាំភ្លើង​ដែល​គេ​សង្ស័យ​ថា ត្រូវ​បាន​ប្រើ​ដើម្បី​បាញ់​សម្លាប់​មនុស្ស​នោះ គឺ​ជា​កាំភ្លើង​ខ្លីកា-៥៤​ ជា​របស់​ឈ្មោះ​ ស៊ីណា ។

លោក គង់ ស៊ីណាត បាន​បញ្ជាក់​ថា លោក​​មានកាំ​ភ្លើង​កា-៥៤​ ប៉ុន្តែ​បាន​អះអាង​ថា កូន​ប្រុស​របស់​លោក​មិន​ចេះ​​ប្រើ​វា​​ទេ។ លោក​បាន​ប្រាប់​តុលាការ​ថា “ខ្ញុំ​មិន​​បាន​អនុញ្ញាត​​ឲ្យ​កូន​របស់​ខ្ញុំ​លេង​កាំភ្លើង​​ខ្ញុំ​ទេ ហើយ​​វា​មិន​ចេះ​​ប្រើ​កាំ​ភ្លើង​​នោះ​​ទេ”។ មេធាវីការ​ពារ​ជន​សង្ស័យទាំងពីរនាក់​នេះ​បាន​មាន​ប្រសាសន៍​ថា តុលាការ​មិនមាន​ភ័ស្តុតាង​​​ដាក់​បន្ទុក​លើ​កូន​ក្ដី​របស់​​ខ្លួន​ឡើយ​។

លោក អ៊ូ វុធ មេធាវី​ការ​ពារ​ គង់ ស៊ីណា បានមាន​ប្រសាសន៍​ថា ប្ដី​របស់​ជន​រង​គ្រោះបាន​​បញ្ជាក់​ថា ​​ជន​ដៃដល់​ និង​អ្នក​បើក​បរ​ម៉ូតូ​ដែល​បាន​បើក​តាម​ពួក​គេនោះ មាន​​​រាង​ស្តើង​ ប៉ុន្តែ​បាន​​បញ្ជាក់​ថា កូន​​ក្ដី​របស់​លោក​មាន​​រាង​ធាត់​។ លោក អ៊ូ វុធ បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​គិត​ថា នគរបាល​បាន​ចាប់​ខ្លួន​មនុស្ស​ច្រឡំ​ហើយ ហើយ​ខ្ញុំ​ស្នើ​ឲ្យ​តុលាការ​ដោះ​លែង​​កូន​ក្ដី​របស់​ខ្ញុំ​”។

លោក កាំ ឡាក់​ឌីឡា ប្ដី​របស់​ស្ត្រី​​រង​គ្រោះ​​​បាន​ប្រាប់​តុលាការ​ថា ប្រពន្ធ​របស់​លោក​ត្រូវ​​​គេ​បាញ់​មួយ​គ្រាប់​ចំក្បាល​ ខណៈ​ដែល​ពួក​​គាត់​ជិះ​ម៉ូតូ​​ទៅ​ផ្ទះ មកពីស្ទួច​ត្រី កាត់​តាម​​ខណ្ឌ​ឫស្សីកែវ។ លោក​បាននិយាយ​ថា “មាន​បុរស​ពីរ​នាក់ជិះ​ម៉ូតូមួយ​គ្រឿង​ ហើយ​ម្នាក់​​ក្នុង​ចំណោម​​ពួកគេ​បានបាញ់​ប្រពន្ធ​របស់​ខ្ញុំ​ ខ្ញុំ​គិត​ថា ជា​ករណី​ប្លន់​”។

បន្ទាប់ពី​សវនាការ​ជំនុំជម្រះលោក ឡាក់​ឌីឡា បាននិយាយ​ថា អ្នក​បើក​បរ​ម៉ូតូ​បាន​ពាក់​មួក​សុវត្ថិភាព ប៉ុន្តែ​ផ្អែក​លើ​រូប​រាង​​របស់​ជន​សង្ស័យទាំង​ពីរ​ លោក​មិនជឿ​ថា ពួកគេ​ជា​អ្នក​​ជាប់​ពាក់​ព័ន្ធ​នឹង​បទ​ឧក្រិដ្ឋនេះទេ។ លោកស្រី ចាំង ស៊ីណាត ចៅក្រម​ប្រធា​ន​​​ក្រុម​ប្រឹក្សាជំនុំជម្រះ​បាន​មាន​ប្រសាសន៍​ថា តុលាការ​នឹង​ប្រកាស​សាល​ក្រម​​រឿង​ក្តី​​នេះ​នៅ​ថ្ងៃ​អង្គារ​៕​សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស