កាលពីថ្ងៃពុធ នគរបាលប្រឆាំងការជួញដូរមនុស្សខេត្តសៀមរាប បានចាប់ខ្លួនបុរសជនជាតិហូឡង់ អាយុ៤០ឆ្នាំម្នាក់ពីបទបៀតបៀនកេរ្តិ៍ភេទក្មេងប្រុសពីរនាក់នៅក្នុងក្រុងសៀមរាប។ លោកស្រី ដួង សុថារី នាយការិយាល័យនគរបាលប្រឆាំងការជួូញដូរមនុស្សខេត្តសៀមរាប បានមានប្រសាសន៍ថា នេះជាលើកទី២ហើយដែលបុរសឈ្មោះ Sebastian Eugene Reuyl ត្រូវបានចាប់ខ្លួនពីបទប្រព្រឹត្តអំពើអនាចារលើកុមារ។
លោកស្រីបានមានប្រសាសន៍ថា “ គាត់ត្រូវបានចោទប្រកាន់ពីបទប្រព្រឹត្តអំពើអនាចារ ហើយបានបញ្ជូនគាត់ទៅពន្ធនាគារដើម្បីឃុំខ្លួនបណ្ដោះអាសន្ន”។
លោកស្រីបានលើកឡើងទៀតថា បុរសឈ្មោះ Sebastian Eugene Reuyl ដែលជាអ្នកឯកទេសខាងព័ត៌វិទ្យា ត្រូវបានចាប់ខ្លួនបន្ទាប់ពីឪពុកម្ដាយរបស់ក្មេងប្រុសទាំងពីរបានប្ដឹងនគរបាលថា ក្មេងប្រុសទាំងពីរដែលកើតនៅឆ្នាំ២០០៧ និងឆ្នាំ២០០៤ បានរងការបំពានក្នុងម្នាក់ៗចំនួនបីលើកនៅក្នុងអាផាតមឹន របស់បុរសជនជាតិហូឡង់រូបនេះក្នុងសង្កាត់ស្លក្រាមនៅឆ្នាំនេះ និងនៅក្នុងឆ្នាំ២០១២។
លោកស្រីបានមានប្រសាសន៍ថា “ ក្មេងប្រុសទាំងពីរបានទៅរស់នៅជាមួយសាច់ញាតិក្នុងខេត្តឧត្តរមានជ័យ ហើយមិនបានត្រឡប់មកវិញទេ” ។ លោកស្រីលើកឡើងបន្តថា ក្មេងប្រុសទាំងពីរនេះបានប្រាប់ម្ដាយរបស់ខ្លួនថា ពួកគេភ័យខ្លាចរងការបំពានម្ដងទៀត។
កាលពីឆ្នាំមុនបុរសរូបនេះត្រូវបានសម្រេចឲ្យរួចផុតពីការចោទប្រកាន់ពីបទបៀតបៀនកេរ្តិ៍ភេទក្មេងប្រុសបួននាក់ និងក្មេងស្រីម្នាក់ដែលមានអាយុចន្លោះពី៧ឆ្នាំដល់១៣ឆ្នាំ ដោយសារតែខ្វះភ័ស្តុតាង។ កាលពីមុនគាត់ធ្លាប់ត្រូវបានតុលាការកាត់សេចក្ដីឲ្យជាប់ទោសពីបទបំពានផ្លូវភេទលើក្មេងប្រុសម្នាក់នៅក្នុងប្រទេសហូឡង់៕ សុខុម