នគរបាលបាននិយាយកាលពីម្សិលមិញថា ជនសង្ស័យបីនាក់ត្រូវបានចាប់ខ្លួនកាលពីថ្ងៃពុធ ពីបទរំលោភបូកស្ត្រីអាយុ១៩ឆ្នាំម្នាក់ កាលពីថ្ងៃអង្គារ ក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់។
លោក ប៊ិន វណ្ណា អធិការនគរបាលស្រុកក្រគរ បានមានប្រសាសន៍ថា នគរបាលបានចាប់ខ្លួនជនសង្ស័យបីនាក់បន្ទាប់ពីម្ដាយស្ត្រីរងគ្រោះបានដាក់ពាក្យបណ្ដឹង។
លោក ម៉ោល សុត នាយរងការិយាល័យនគរបាលព្រហ្មទណ្ឌស្រុកបានមានប្រសាសន៍ថា ជនសង្ស័យទាំងបីនាក់មានឈ្មោះ សូ ជា អាយុ២២ឆ្នាំ ជាជាងជួសជុលម៉ូតូ និងមិត្តភក្តិរបស់គេពីរនាក់ទៀតឈ្មោះ កុល តុងហា អាយុ១៦ឆ្នាំ និង ចាន់ តុលា អាយុ២២ឆ្នាំ។
លោក ម៉ោលសុត បានមានប្រសាសន៍កាលពីថ្ងៃអង្គារថា ស្ត្រីរងគ្រោះបានទៅជួបឈ្មោះ ជា ដែលនាងមានទំនាក់ទំនងជាមួយ ហើយក្រោយមកបុរសរូបនេះបានបបួលនាង រួមជាមួយនឹងមិត្តភក្ដិរបស់ជននេះពីរនាក់ទៀតទៅផ្ទះសំណាក់។
លោក ម៉ោលសុត បានមានប្រសាសន៍បន្ថែមថា ជនសង្ស័យទី១ បានទូរស័ព្ទហៅមិត្តភក្ដិរបស់ខ្លួនពីរនាក់មកទៀត ហើយពួកគេបានចាប់រំលោភជនរងគ្រោះម្នាក់ម្ដងៗ”។
កាលពីថ្ងៃពុធ ឈ្មោះ ជា បានហៅឲ្យជនរងគ្រោះមកជួបខ្លួននៅផ្ទះសំណាក់ម្តងទៀត ម្តងនេះគឺនៅក្នុងឃុំកំពង់លួង ប៉ុន្តែឪពុកម្ដាយរបស់នាងបានតាមដាននាង ហើយក៏បានទូរស័ព្ទប្រាប់នគរបាល។
លោក ប៊ិន វណ្ណា បានមានប្រសាសន៍ថា យើងទទួលបានសេចក្ដីបង្គាប់ពីព្រះរាជអាជ្ញាឲ្យឆ្មក់ចូលផ្ទះសំណាក់ ហើយចាប់ខ្លួនជនសង្ស័យទាំងនេះនៅម៉ោង៨ និង៣០នាទីយប់នៅក្នុងបន្ទប់មួយ”។
លោក ម៉ោល សុត បានមានប្រសាសន៍ថា បន្ទាប់ពីការចាប់ខ្លួន ជនសង្ស័យទាំងបីបានសារភាពថា ពួកគេពិតជាបានរំលោភជនរងគ្រោះមែន។ លោកបានបន្ថែមថា បុរសទាំងបីនាក់នេះត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តដើម្បីធ្វើការចោទប្រកាន់នៅថ្ងៃនេះ។
ស្ត្រីរងគ្រោះបានប្រាប់នគរបាលថា បុរសទាំងបីនាក់នេះបានគំរាមនាង នោះហើយជាមូលហេតុដែលនាងមិនបានរាយការណ៍ពីករណីរំលោភនេះ។
លោក ម៉ោល សុត បានមានប្រសាសន៍ថា “ពួកគេបានគំរាមសម្លាប់នាង ប្រសិនបើនាងដាក់ពាក្យបណ្ដឹងទៅអាជ្ញាធរ”។
នៅក្នុងករណីដាច់ដោយឡែកមួយទៀតកាលពីម្សិលមិញ នគរបាលបានប្រទះឃើញសាកសពអាក្រាតកាយរបស់ស្ត្រីអាយុ២៤ឆ្នាំម្នាក់ ដែលពួកគេសង្ស័យថា ត្រូវបានគេរំលោភ ហើយសម្លាប់នៅស្រុកស្នួល ខេត្តក្រចេះ។
លោក ចាន់ សុគីម អធិការនគរបាលស្រុកមានប្រសាសន៍ថា ស្ត្រីរូបនេះត្រូវគេស្គាល់ថា ឈ្មោះ ត្រេន ស្រីអូន មានស្នាមរបួសក្បាលផ្នែកខាងក្រោយ។
លោក សុគីម បានមានប្រសាសន៍ថា កាលពីថ្ងៃច័ន្ទថា ស្ត្រីរងគ្រោះបានទៅចូលរួមពិធីឡើងផ្ទះមួយ ហើយនៅពេលនោះមិត្តភក្ដិប្រុសពីរនាក់បានសុំឲ្យនាងចេញមកក្រៅនិយាយគ្នាលេង បន្ទាប់មកពួកគេបានរំលោភហើយសម្លាប់នាងមុនពេលយកសាកសពទៅទម្លាក់ចោលក្នុងចម្ការក្បែរនោះ។
លោកបានមានប្រសាសន៍ថា “ យើងស្គាល់ជនសង្ស័យទាំងពីរនាក់នោះហើយ ប៉ុន្តែពួកគេបានគេចខ្លួនទៅស្រុកផ្សេងបាត់ទៅហើយ៕ សារុន