កាលពីម្សិលមិញ សាលាដំបូងរាជធានីភ្នំពេញបានផ្តន្ទាទោសលោក ចាន់ រិទ្ធីឌី អាយុ៤៥ឆ្នាំ ជាអតីតឧត្តមសេនីយ៍ទោក្នុងជួរកងយោធពលខេមរភូមិន្ទ និងបុរសទី២ឈ្មោះ ឌៀប ស៊ុនឡាយ អាយុ៥៤ឆ្នាំឲ្យជាប់ពន្ធនាគារម្នាក់ៗរយៈពេល២០ឆ្នាំ ពីបទចែកចាយថ្នាំញៀននៅក្នុងរាជធានីភ្នំពេញដែលមានប្រភពមកពីប្រទេសឡាវ។
លោកស្រី គឹម ដានី ចៅក្រមប្រធានក្រុមប្រឹក្សាជំនុំជម្រះមានប្រសាសន៍ថា លោកស្រីបានសម្រេចដោះលែងជនសង្ស័យទី៣ ឈ្មោះ លាង ឈុនរី អាយុ២៩ឆ្នាំ ដោយសារជននេះមិនជាប់ពាក់ព័ន្ធក្នុងប្រតិបត្តិការចែកចាយថ្នាំញៀនដែលមានទីតាំងនៅក្រៅភូមិគ្រឹះរបស់ឧត្តមសេនីយ៍ទោរូបនេះស្ថិតក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញឡើយ។
អំឡុងពេលជំនុំជម្រះក្តីកាលពីថ្ងៃទី១២ ខែវិច្ឆិកា លោក ចាន់ រិទ្ធីឌី បានសារភាពប្រាប់តុលាការថា លោកមានថ្នាំមេតំហ្វេតាមីនគ្រីស្តាល់ប្រហែល១គីឡូក្រាម និងថ្នាំអិុចស្តាស៊ី១៥គ្រាប់នៅផ្ទះរបស់លោក នៅពេលនគរបាលប្រឆាំងគ្រឿងញៀនបានឆ្មក់ចូលកាលពីខែសីហា ឆ្នាំ២០១២។
លោកបានមានប្រសាសន៍ថា ថ្នាំញៀនទាំងនោះត្រូវបានស្ត្រីជនជាតិឡាវម្នាក់នាំមកកាន់រាជធានីភ្នំពេញ ប៉ុន្តែលោកបានបដិសេធចំពោះរបាយការណ៍នគរបាលដែលថា ថ្នាំញៀនទម្ងន់៥គីឡូក្រាមត្រូវបានរកឃើញអំឡុងពេលឆ្មក់ចូលនោះ។
លោក ណាច ទ្រី មេធាវីការពារលោក ចាន់ រិទ្ធីឌី បានមានប្រសាសន៍ថា លោកមិនមានវត្តមាននៅតុលាការទេ កាលពីម្សិលមិញនៅពេលដែលតុលាការប្រកាសសាលក្រមនោះ ហើយថា លោកមិនដឹងថា តើកូនក្ដីរបស់លោកនឹងប្ដឹងឧទ្ធរណ៍ឬអត់ទេ។
លោកស្រី ងួន មករា មេធាវីការពារលោក ឌៀប សុ៊នឡាយ មានប្រសាសន៍ថា ការផ្តន្ទាទោសឲ្យជាប់ពន្ធនាគារនេះមិនអាចទទួលយកបានទេ ហើយកូនក្ដីរបស់លោកស្រីនឹងប្ដឹងឧទ្ធរណ៍ជំទាស់សេចក្តីសម្រចនេះ។ លោកស្រីបានមានប្រសាសន៍ថា “ វាមិនអាចទទួលយកបានទេ”។
អំឡុងពេលជំនុំជម្រះក្ដីកាលពីខែវិច្ឆិកា លោក ឌៀប ស៊ុនឡាយ បានប្រាប់តុលាការថា កាលពីឆ្នាំ២០០៧លោកបានយល់ព្រមចែកចាយគ្រឿងញៀនឲ្យលោក ចាន់ រិទ្ធីឌី ដែលពេលនោះជាឧត្តមសេនីយ៍ទោ។ បញ្ជាដំបូងរបស់ឧត្តមសេនីយ៍ទោរូបនេះ គឺឲ្យលោក ឌៀប ស៊ុនឡាយ ធ្វើដំណើរទៅប្រទេសឡាវដើម្បីជួបជាមួយឈ្មួញកណ្ដាលម្នាក់ដែលផ្ដល់ថ្នាំញៀនសម្រាប់ចែកចាយក្នុងរាជធានីភ្នំពេញ៕សារុន