យោងតាមរបាយការណ៍របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដែលទទួលបានកាលពីម្សិលមិញឲ្យដឹងថា ករណីរឹបអូសគ្រឿងញៀននិងការចាប់ខ្លួនមនុស្សដែលជាប់ពាក់ព័ន្ធគ្រឿងញៀនបានកើនឡើងក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំនេះ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
របាយការណ៍ដែលមិនទាន់ត្រូវបានផ្សព្វផ្សាយជាសាធារណៈនេះបង្ហាញថា ការចាប់ហេរ៉ូអុីន មេតំហ្វេតាមីន កេតាមីន និងកញ្ឆា បានកើនឡើងនៅកម្ពុជា។ យោងតាមរបាយកាណ៍នេះបង្ហាញថា នគរបាលក្រសួងមហាផ្ទៃបានដោះស្រាយករណីពាក់ព័ន្ធគ្រឿងញៀន៦៨០ករណីក្នុងរយៈពេលប្រាំបួនខែដំបូងនេះ គឺកើនឡើងពី៥៩៣ករណីកាលពីឆ្នាំមុន។ ក្នុងចំណោមករណីទាំងនោះ អាជ្ញាធរចាប់ខ្លួនជនសង្ស័យបាន១.៣០១នាក់ក្នុងរយៈពេលប្រាំបួនខែដំបូងនេះ គឺកើនឡើងពី១.២៦៤នាក់ក្នុងឆ្នាំមុន។
អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានឲ្យដឹងថា អ្នកដែលត្រូវចាប់ខ្លួនពីបទនាំគ្រឿងញៀនទាំងនោះមកពីប្រទេសកម្ពុជា វៀតណាម ឡាវ ថៃ ចិន នីហ្សេរីយ៉ា កូរ៉េខាងត្បូង អៀរឡង់ ប៉េរូ ឥណ្ឌា ឥណ្ឌូណេស៊ី និងរ៉ូមា៉នី ហើយពួកគេទាំងអស់ត្រូវបានបញ្ជូនទៅឲ្យតុលាការតាមច្បាប់រួចហើយ។
នៅក្នុងរយៈពេលប្រាំបួនខែដំបូងនៃឆ្នាំនេះនគរបាលដកហូតបានគ្រាប់ថ្នាំមេតំហ្វេតាមីនចំនួន១៩គីឡូក្រាម គឺកើនឡើងពីជិតប្រាំបួនគីឡូក្រាមនៅឆ្នាំ២០១២ មេតំហ្វាតាមីនទឹកកកចំនួន២៦គីឡូក្រាម បើប្រៀបធៀបទៅនឹងឆ្នាំ២០១១មានចំនួន២០គីឡូក្រាម ហេរ៉ូអុីន៩,៦គីឡូក្រាម គឺកើនឡើងពី១៨២ក្រាម ក្នុងឆ្នាំ២០១២ កេតាមីន១គីឡូក្រាម បើប្រៀបធៀបទៅនឹងឆ្នាំមុន គឺ៨១៤ក្រាម និងកញ្ឆា១៦៨គីឡូក្រាម គឺកើនឡើងពី២,៤គីឡូក្រាម។
ទោះជាយ៉ាងណា ការចាប់កូកាអុីនមានការធ្លាក់ចុះច្រើន គឺធ្លាក់ចុះពី២៩,៤គីឡូក្រាមនៅក្នុងរយៈពេលប្រាំបួនខែដំបូងនៃឆ្នាំ២០១២ មកត្រឹម៩,៦គីឡូក្រាម នៅឆ្នាំនេះ។
របាយការណ៍នេះបង្ហាញថា “ ក្រុមជួញដូរគ្រឿងញៀនបានជួញដូរគ្រឿងញៀនទាំងនេះនៅទូទាំងប្រទេស ហើយយើងចាប់បានគ្រឿងញៀនខ្លះដែលនាំមកពីតំបន់ត្រីកោណមាស [ភូមា ឡាវ និងថៃ] ចូលខេត្តនៅភាគខាងជើងនៃប្រទេសកម្ពុជា”។
កាលពីថ្ងៃពុធ ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងបទឧក្រិដ្ឋ បង្ហាញថា ការកើនឡើង២២ភាគរយនៃការផលិតអាភៀននៅតំបន់ត្រីកោណមាស មួយផ្នែកគឺដោយសារតម្រូវការហេរ៉ូអុីនកើនឡើងនៅកម្ពុជា។
លោក ចេសុន អែ៊លឡៃ នាយកប្រចាំប្រទេសភូមានៃការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្មបានមានប្រសាសន៍បន្ទាប់ពីការចេញផ្សាយរបាយការណ៍ស្ដីពីការផលិតអាភៀននៅតំបន់ត្រីកោណមាសនេះថា “ហេរ៉ូអុីន ផលិតនៅភូមាត្រូវបានគេនាំចូល និងឆ្លងកាត់ប្រទេសកម្ពុជា”។
លោកបានមានប្រសាសន៍ថា “ ការកើនឡើងនៃការផលិតហេរ៉ូអុីននៅភូមា គឺដោយសារការកើនឡើងតម្រូវការអាភៀននៅក្នុងតំបន់ រួមទាំងនៅកម្ពុជាផងដែរ”។
លោក ក្លេ ណៃតុន មន្ត្រីផ្នែកបន្សាបគ្រឿងញៀននៅការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿនញៀន និងឧក្រិដ្ឋកម្មប្រចាំកម្ពុជា បានមានប្រសាសន៍ថា ការប្រើប្រាស់ហេរ៉ូអុីនភាគច្រើននៅប្រទេសកម្ពុជា គឺនៅក្នុងទីក្រុងភ្នំពេញ ហើយអ្នកប្រើប្រាស់គ្រឿងញៀនភាគច្រើនក្នុងចំណោមអ្នកប្រើប្រាស់គ្រឿងញៀនប្រមាណ១.៤០០នាក់នៅក្នុងប្រទេសកម្ពុជា គឺប្រើប្រាស់ហេរ៉ូអុីនដើម្បីចាក់បញ្ចូលតាមសរសៃ។
យោងតាមការិយាល័យអង្គការសហប្រជាជាតិនេះ ប្រទេសកម្ពុជាត្រូវបានចាត់ទុកថា ជា “ ប្រទេសសម្រាប់ឆ្លងកាត់គ្រឿងញៀនខុសច្បាប់ដ៏ធំ” ។
ទស្សនបែបនេះត្រូវបានលើកឡើងសាជាថ្មីនៅក្នុងរបាយការណ៍របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលបានចាត់ទុកប្រទេសកម្ពុជាជាគោលដៅសម្រាប់ក្រុមជួញដូរគ្រឿងញៀនផ្ទេរថ្នាំញៀនទៅប្រទេសផ្សេងៗទៀត៕គឹមហឿន