ថ្លែងនៅក្នុងកិច្ចប្រជុំមួយកាលពីម្សិលមិញស្ដីពីផែនការយុទ្ធសាស្ត្រជនពិការថ្នាក់ជាតិឆ្នាំ២០១៤-២០១៨របស់រដ្ឋាភិបាល លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិបានមានប្រសាសន៍ថា ចាំបាច់ត្រូវតែចាត់វិធានការបន្ថែមទៀតដើម្បីដោះស្រាយឧបសគ្គសង្គម ផ្ដល់សិទ្ធិបន្ថែមទៀតដល់ជនពិការ និងរាប់បញ្ចូលជនពិការនៅក្នុងដំណើរការធ្វើសេចក្ដីសម្រេចចិត្ត។
លោក ទៀ បាញ់ ថ្លែងសំដៅដល់ការរើសអើង និងការនៅមានកម្រិតក្នុងការទទួលបានចំណេះដឹង និងជំនាញថា “ ថ្វីបើយើងសម្រេចបានសមិទ្ធផលល្អៗជាច្រើនលើបញ្ហាសុខុមាលភាពរបស់ជនពិការក្ដី ក៏ជនពិការនៅតែប្រឈមនឹងឧបសគ្គជាច្រើននៅឡើយ”។
លោកក៏លើកឡើងដែរថា “ អនុសាសន៍អនុវត្តន៍” គួរតែយកទៅគិតពិចារណា ដែលមានដូចជា ការជំរុញផ្សព្វផ្សាយការយល់ដឹងជាសាធារណៈអំពីពិការភាព ការផ្ដល់សិទ្ធិបន្ថែមទៀត ការជំរុញឲ្យរាប់បញ្ចូលជនពិការនៅក្នុងដំណើរការធ្វើសេចក្ដីសម្រេចចិត្ត និងការអង្កេតតាមដានកម្រិតជីវភាពរស់នៅ។
លោកបានមានប្រសាសន៍ថា កិច្ចប្រជុំនៅក្នុងរាជធានីភ្នំពេញ កាលពីម្សិលមិញនេះ គឺ ជាការអបអរខួបមួយឆ្នាំចាប់តាំងពីប្រទេសកម្ពុជាផ្ដល់សច្ចានុមតិលើអនុសញ្ញារបស់អង្គការសហប្រជាជាតិស្ដីពីសិទ្ធិជនពិការ។
លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ដែលជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ បានថ្លែងប្រាប់អង្គប្រជុំនេះថា សេចក្ដីព្រាងដំបូងនៃផែនការយុុទ្ធសាស្ត្រនេះលើកឡើងពីបញ្ហាប្រាំពីរចំណុចដែលត្រូវដោះស្រាយ ដោយរួមទាំងការកាត់បន្ថយការកេងប្រវ័ញ្ច និងការផ្ដោតការយកចិត្តទុកដាក់លើការកាត់បន្ថយភាពក្រីក្រ ការបង្កើតចំណូល និងការចូលរួមក្នុងនយោបាយ” ផងដែរ៕សុខុម