30 C
Phnom Penh

គម្រោង​រោង​ចក្រ​កាន់​តែ​ប្រសើរ​នៅ​កម្ពុជា​ចុះ​កិច្ច​ព្រម​ព្រៀង​រយៈ​ពេល​បីឆ្នាំ​ទៀតជាមួយ​រដ្ឋាភិបាល​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គការ​ពល​កម្ម​អន្តរ​ជាតិ​ (ILO) និង​រដ្ឋា​ភិ​បាល​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ជាមួយ​គ្នា​កាល​ពី​ថ្ងៃ​ពុធ​ ដើម្បី​ដាក់​ចេញ​នូវ​កម្មវិធី​បង្ហាញ​ជា​សាធារណៈ​អំពី​រោង​ចក្រ​កាត់​ដេរ​សម្លៀក​បំពាក់​ដែល​មិន​គោរពច្បាប់​ ដែល​ជា​ផ្នែក​មួយ​នៃ​គម្រោង​រោង​ចក្រ​​កាន់​តែ​ប្រសើរ​នៅ​កម្ពុជា​ ( BFC) ដែល​ត្រូ​វបាន​បន្ថែម​ពេល​វេលា​បី​ឆ្នាំ​បន្ត​ទៀត​។ មន្ត្រី​នៅ​អង្គការ ILO ក៏​បាន​​ឲ្យ​ដឹង​ផង​ដែរ​ថា គម្រោង​ BFC នឹង​រាយការណ៍​ជា​សាធារ​ណៈ​អំពី​សហ​ជីព​ដែល​ត្រូវ​បាន​រក​ឃើញ​ថា បំពាន​ច្បាប់​ការ​ងារ​នៅ​ប្រទេស​កម្ពុជា​ តាម​រយៈ​កូដកម្ម​ខុសច្បាប់​​ ឬ​ក៏​សកម្មភាព​មិន​ពេញ​លក្ខណៈច្បាប់​ផ្សេ​ងៗ​ទៀត​ធ្វើ​ឡើង​ដោយ​កម្មករ​នៅ​ក្នុង​វិស័យ​នេះ​។

អង្គការ​ ILO និង​រដ្ឋាភិបាល​បាន​ឲ្យ​ដឹង​​តាម​រយៈ​សេចក្តី​ថ្លែង​ការណ៍​រួម ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​កាល​ពីម្សិល​មិញ​ថា “ កិច្ច​ព្រម​ព្រៀង​នេះ​ក៏​លើក​កម្ពស់​តួនាទី​អនុវត្ត​ច្បាប់​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ និង​ទទួលស្គាល់​ការ​ណែនាំបន្ត​អំពី​ការ​បង្ហាញ​ព័ត៌មាន​ជា​សា​ធារណៈ​”។

គម្រោង​រោង​ចក្រកាន់​តែ​ប្រសើ​រ​នៅ​កម្ពុជា​បាន​ទទួល​រង​នូ​វ​ការរិះគន់​​កាល​ពី​ដើម​​ឆ្នាំ​នេះ​​​​​​ បន្ទាប់​ពី​មាន​ការ​ចេញផ្សាយ​របាយ​ការណ៍​ដែល​មាន​ចំណង​ជើង​ថា “ ការ​ត្រួត​ពិនិត្យ​ក្នុងភាពងងឹត​” ដោយ​ក្រុម​អ្ន​កស្រាវ​ជ្រាវ​មក​ពី​សាកលវិទ្យាល័យ​ ស្តេនហ្វ័ដ (Stanford University) ដែល​បាន​លើក​ឡើង​ថា ការ​ត្រួត​ពិនិត្យ​របស់​អង្គការ​ ILO ត្រូវ​មាន​តម្លា​ភាព​ច្រើន​ជាង​មុន​ ដើម្បី​ធ្វើ​ឲ្យមាន​ភាព​ល្អប្រសើ​រឡើង​គួរ​ឲ្យកត់សម្គាល់​សម្រាប់​ប្រាក់​ឈ្នួល​ និង​លក្ខខណ្ឌ​ការ​ងារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​​​។

របាយការណ៍​របស់​សាកល​វិទ្យាល័យ​ ស្តេនហ្វ័ដ ​មានការ​កត់​សម្គាល់​ថា ប្រាក់​ឈ្នួល​ និង​លក្ខខណ្ឌ​ការងារ​​នៅ​ក្នុង​​ប្រទេស​នាំ​ចេញ​សម្លៀក​បំពាក់​សំខាន់​ៗ​ផ្សេង​ៗ​ទៀត​ដូច​ជា​​ ប្រទេស​ចិន ឥណ្ឌូ​ណេ​សីុ​ និ​ងប្រទេស​វៀត​ណាមជាដើម​ ដែល​មិន​មាន​គម្រោង​​អាច​ប្រៀប​ធៀប​គ្នា​បាន​ មាន​ភាពល្អ​ប្រសើរ​ច្រើន​ជាង​នៅ​ប្រទេស​កម្ពុជា​។

រដ្ឋាភិបាល​​ក៏​រង​ការរិះគន់​​ពី​ម្ចាស់​រោង​ចក្រ​កាត់​ដេរ​​សម្លៀ​ក​បំពាក់​ និង​សហ​ជីព​ ដោយសារ​តែ​ខ្លួន​បរាជ័យ​​ក្នុងការ​អនុវត្ត​ច្បាប់​ការងារ​នៅ​ប្រទេស​កម្ពុជា​ឲ្យបាន​ត្រឹម​ត្រូវ​​​ ជា​ហេតុ​បណ្តាល​ឲ្យមាន​​​អត្រាកូដ​កម្ម​កើន​ឡើ​ងខ្ពស់​បំផុត​​​ក្នុង​ចំណោម​ប្រទេស   ​នា​នា​ដែ​ល​ផលិត​សម្លៀក​បំពាក់​នៅលើ​ពិភព​លោក​។

លោក វ៉ាន់ សូ៊អៀង ប្រធាន​សមាគម​រោង​ចក្រកាត់​ដេរ​នៅកម្ពុជា​ ហៅកាត់​ថា GMAC បាន​គាំទ្រ​ការ​បន្ត​អនុវត្ត​គម្រោង​​រោង​ ចក្រកាន់​តែ​ប្រសើ​រនៅកម្ពុជា​​ ក៏​ប៉ុន្តែ រោង​ចក្រ​ដែលមាន​ឈ្មោ​ះ​ និង​ផ្សាយ​ជាសាធារ​ណៈ​ថា ជា​រោង​ចក្រ​មិនអនុវត្ត​ច្បាប់​ ត្រូវ​តែ​​​ត្រូវ​បាន​អម​ដោយ​​​យន្ត​ការ​ប្រហាក់​ប្រហែល​​ ​គ្នា​ សម្រាប់​​សហជីព​ដែល​​មិន​អនុវត្ត​ច្បាប់​។​

លោកបានមាន​ប្រសាសន៍ថា “ ប្រសិន​បើ​អង្គការ​ ILO ពិត​ជា​តំណាង​ឲ្យ​ត្រី​ភាគី​ ពោលគឺ​ប្រសិន​បើ​ពួកគេ​ត្រូវ​បាន​កំណត់​ក្នុង​គោល​ការណ៍​តំណាង​ឲ្យ​រដ្ឋាភិបាល​ និយោ​ជក​ និង​កម្មករ​ នោះ​ពួកគេ​គួរតែ​ពិចារណា​​អំពី​គម្រោង​សហ​ជីព​កាន់​តែ​ប្រសើ​រ​”។

លោក​ សូ៊អៀង​ បាន​មាន​ប្រសាសន៍​បន្ត​ទៀត​ថា “ យើង​មាន​គម្រោង​រោង​ចក្រ​កាន់​តែ​ប្រសើរ​សម្រាប់​ត្រួត​ពិនិត្យ​រោង​ចក្រ​​ ប៉ុន្តែ​ ​គួរតែ​មាន​គម្រោង​ប្រហាក់​ប្រហែល​គ្នា​នេះ​ដើម្បី​ត្រួត​ពិនិត្យ​សហ​ជីព​ ក្នុង​គោល​បំណង​ធ្វើ​ឲ្យ​ប្រាកដ​ថា ពួកគេ​ពិតជា​អនុវត្ត​ច្បាប់​”។

លោក​បាន​លើកឡើង​បន្ថែម​ទៀតថា កូដ​កម្ម​ភាគ​ច្រើន​បំផុត​នៅក្នុង​ប្រទេស​កម្ពុជា​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​មិន​មាន​មេដឹកនាំ​សហ​ជីព​ដែល​ខ្វះ​ជម្រើស​ផ្សេង​ៗ​ សម្រាប់​ការ​សម្រុះ​សម្រួល​គ្នា​​ដូច​ដែល​ច្បាប់​ដែល​បាន​ចែង​។

លោក ចេសុន ជូដ (Jason Judd)​ ទីប្រឹក​្សា​បចេ្ច​កទេស​​នៅ​គម្រោង​ចក្រ​កាន់​តែ​ប្រសើរ​ នៅកម្ពុជា​​ដែល​លើក​ឡើង​ថា គម្រោង​ដែល​ត្រូវ​បាន​កែ​ប្រែ​នេះនឹង​មានការ​ដាក់​បញ្ចូល​នូវ​វិធាន​ការជំរុញ​ឲ្យ​សហ​ជីព​អនុ​វត្ត​ច្បាប់​។

លោក ជូដ​ ​បាន​មាន​ប្រសាសន៍​ថា “ ដោយ ​មាន​គម្រោង​បង្ហាញ​ជា​សាធារណៈ​កាន់តែ​ទូលំទូលាយ​ គោល​បំណង​របស់​យើង​គឺ​ដើម្បី​បង្កើត​ឲ្យមាន​សម្ពាធ​ទន់ភ្លន់​ពី​សាធារណ ជន​ទៅលើ​សហជីព ដើម្បី​ឲ្យ​ពួកគេ​អនុវត្ត​ច្បាប់​​”។ លោក​បាន​លើក​ឡើង​បន្ត​ថា ការ​ត្រួត​ពិនិត្យ​សហ​ជីព​នឹង​ផ្តោ​តសំខាន់ទៅលើ​​ “ ការ​អនុវត្ត​ ឬ​ក៏​មិន​អនុវត្ត​តាម​​លក្ខខណ្ឌ​ច្បាប់​សម្រាប់​ធ្វើ​កូដកម្ម​”។

លោក ជូដ បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា​ “ ដៃគូ​ទាំង​អស់​របស់​អង្គការ​ ILO បាន​ឯកភាព​គ្នា​ថា គម្រោង​នេះ​ពិតជាមាន​យុត្តិធម៌​ដែលត្រូវ​បាន​បង្កើត​ឲ្យមាន​ចំពោះ​សហជីព​មិន​មែន​គ្រាន់តែ​និយោជក​ប៉ុណ្ណោះ​ ពោល​គឺ​ សហជីព​មាន​កាតព្វកិច្ច​អនុវត្ត​ច្បាប់​​”។

លោក ដេវ វែល (Dave Welsh)​ប្រធាន​មជ្ឈមណ្ឌល​សាមគ្គីភាព​ (Solidarity Center) ដែល​ជាអង្គការ​តស៊ូ​មតិ​ផ្នែក​ពល​កម្ម​ និង​មាន​មូលដ្ឋាន​នៅ​សហ​រដ្ឋ​អាមេរិក​ បាន​លើក​ឡើង​ថា “ កូដកម្ម​ខុស​ច្បាប់​” ជារឿ​យ​ៗ​ជា​ជម្រើស​ចុង​ក្រោយ​សម្រាប់​សហជីព​ ដែល​មិន ​ទទួល​បាន​ការ​ឆ្លើយ​តប​ពី​គណៈ​គ្រប់​គ្រង​ក្នុង​រោងចក្រ​ និង​រដ្ឋាភិបាល​ ទៅនឹង​ការ​ទាម​ទារ​របស់​ខ្លួន​ នៅពេល​ដែល​ការ​ទាម​ទារ​ទាំង​នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​តាម​រយៈ​នីតិវិធ​ី​ផ្លូវការ​។

លោក​មាន​ប្រសាសន៍ថា “ ខណៈ​ដែល​មិន​ មាន​ចម្ងល់​ថា តើ​កូដកម្មមួយ​ចំនួន​គឺ​ជាកូដកម្ម​ខុសច្បាប់​តាម​បច្ចេកទេស​ វា​គឺជា​សេណា​រីយ៉ូ​​  មេមាន់​ និ​ងកូ​នមាន់ ពីព្រោះ​​និយោជក​មិន​បាន​ឆ្លើយ​តប​ទៅនឹង​កាតព្វកិច្ច​ច្បាប់​​របស់ខ្លួន​ក្នុង​ការ​ចរចា​ក្នុង​ទម្រង់​​សមូហ​ភាព​”។

លោក​ ដេវ វែល បាន​មាន​ប្រសាសន៍​ទៀត​ថា នៅពេល​សហ​ជីព​ពិតជា​អនុវត្ត​តាម ​ច្បាប់​ក្នុង​ការ​ដោះស្រាយ​វិវាទ​នោះ​ “ រោង​ចក្រ​នានា​អាច​មិនគិត​ពី​ការ​ចរចា​ជា​សមូ​ហ ភាព​ រដ្ឋាភិ​បាលមិន​​ចាត់​តាំង​អ្នក​សម្រុះ​សម្រួល​ ដូច្នេះ​សហ​ជីព​មិនមាន​ឱកាស​​ធ្វើ​កូដកម្ម​ស្រប​ច្បាប់​ទេ​”។

លោក សាត សាម៉ុត អនុ​រដ្ឋលេខាធិការ​​ក្រសួ​ងការងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​បាន​លើកឡើង​ថា រដ្ឋាភិបាល​ប្តេជ្ញា​ខិត​ខំ​ត្រួត​ពិនិត្យ​បន្ថែម​ទៀត​ទៅលើ​សហ​ជីព​។

លោក​បានមាន​ប្រសាសន៍​ថា “ កាល​ពី​មុន​រដ្ឋាភិបាល​បាន​អត​់ឱន​ និង​ព្យាយាម​យល់​អំពី​សហ​ជីព។ ប្រសិន​បើ​សហ​ជីព​ប្រព្រឹត្ត​ខុស​ ពួកគេ​ត្រូវ​ទទួលបាន​នូវ​ការ​ពិន័យ​ និង​ទណ្ឌ​​កម្ម​​…​។ ជាធម្មតា​មេដឹកនាំ​សហជីព​ត្រូវ​ទទួល​ខុសត្រូវចំពោះមុខ​ច្បាប់​​”៕ សុធា​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស