30.7 C
Phnom Penh

គណបក្ស​ប្រឆាំង​គំរាម​បិទ​ផ្លូវ​ចូល​មក​​ភ្នំពេញ​ បើ​រដ្ឋាភិបាល​មិន​​ឆ្លើយ​តប​តាម​ការទាម​ទារ​របស់​ខ្លួន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពីម្សិលមិញ គណបក្ស​​សង្គ្រោះ​ជាតិ​បាន​គំរាម​បិទ​ចរាចរណ៍​ចូលមក​ និ​ងចេញ​ពី​រាជ​ធានី​ភ្នំពេញ​ តាម​​ផ្លូវ​សំខាន់​ៗ​ទាំង​អស់​នា​ខែ​ក្រោយ​ ប្រសិន​បើ​រដ្ឋាភិបាល​​មិន​ឆ្លើយ​តប​ទៅនឹង​ចំណុច​ទាមទារ​របស់ខ្លួន​ ដែល   ​រួម​មាន​ការ​បោះឆ្នោត​ឡើង​វិញ​ និង​ការ​ចុះ​ចេញ​ពី​តំណែង​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ។
លោក​ ម៉ៅ មុនីវណ្ណ អនុ​ប្រធាន​គណៈ​កម្មាធិការ​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ឲ្យ​ដឹង​ថា កាល​ពី​សប្តាហ​៍​មុន ថ្នាក់​ដឹកនាំ​គណបក្ស​នេះ​បាន​​សម្រេច​ចិត្តរក​លទ្ធភាព​​បិទ​ផ្លូវ​នានា​។

ក្នុងស្ថានភាព​ក្រោយ​ពេល​បោះ​ឆ្នោត​កាល​ពីខែ​កក្កដា គណបក្ស​ប្រឆាំង​នេះ​ចង់​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​​បើក​ការសើុប​អង្កេត​សីុ​ជម្រៅ​ និង​ឯករាជ្យ​លើ​ការ​បោះ​ឆ្នោត​នេះ ក៏​ប៉ុន្តែ មន្ត្រីគណបក្សកាន់​អំណាច​​បាន​ច្រាន​ចោល​សំណើនេះ​។

អំឡុង​ពេល​ធ្វើ​បាតុកម្ម​ជុំ​វិញរាជធានី​ភ្នំពេញ​ក្នុង​សប្តាហ៍​នេះ​ គណបក្ស​ប្រឆាំង​បាន​លើក​ចំណុច​ទាម​ទារ​ថ្មីៗ​ គឺ​ត្រូវ​រៀបចំ​ការ​បោះឆ្នោត​ឡើង​វិញ​ និង​ទាមទារ​ឲ្យ​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ចុះ​ចេញ​ពី​តំណែង​។ លោក មុនីវណ្ណ បានមាន​ប្រសាសន៍​ ថា “ ក្នុង​ខែ​មករា​យើង​នឹង​បិទ​ផ្លូវ​ជាតិ​សំខាន់​ៗ​ ដែល​​ជា​ច្រក​ធ្វើ​ដំណើរ​មក​រាជធានីភ្នំពេញ​ ក៏​ប៉ុន្តែយើង​មិន​ទាន់​កំណត់​កាល​បរិច្ឆេទ​នៅ​ឡើយ​ទេ​។ វា​គឺ​ជា​យុទ្ធ​សាស្ត្រ​របស់យើង​​ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​បោះឆ្នោត​ឡើងវិញ​ ប្រសិន​បើ​រដ្ឋាភិបាល​មិនរក​​​ដំណោះ​ស្រាយ​​ ទេ​នោះ”។

ទោះ​បី​ជា​នគរបាល​មាន​វត្ត​មាន​យ៉ាង​ជាប់​លាប់​ក៏​ដោយ​ ក៏​រហូត​មក​ទល់​ពេល​នេះ​អាជ្ញាធរ​បាន​បណ្តោយ​ឲ្យ​គណបក្ស​ប្រឆាំង​ធ្វើ​ឲ្យមានបញ្ហា​​បន្តិច​បន្តួច​​ទៅលើ​ការ​ធ្វើ​ចរាចរណ៍​ក្នុង​រាជធានី​ភ្នំពេញ​ ដោយ​សារ​តែ​មាន​​សកម្ម​ភាព​​ដើរ​ក្បួន​តវ៉ា​យ៉ាង​ច្រើន​ជុំ​វិញ​រាជធានីភ្នំពេញតាំង​ពី​​ពេល​បោះឆ្នោត​មក​។

ទោះជា​យ៉ាង​ណា​ ការ​ប៉ុនប៉ង​គិត​ទុក​ជា​មុន​ថា នឹង​បិទ​ផ្លូវ​សំខាន់​ៗ​នេះ​ នឹង​ជា​រឿង​ថ្មី​មួយ​សម្រាប់​គណបក្ស​ប្រឆាំង​។ ហើយ​ប្រសិន​បើ​អាជ្ញាធរ​ប៉ុន​ប៉ង​បំបែក​សកម្ម​​ភាព​ទាំង​នោះ​ដោយ​ប្រើ​កម្លាំង​ លោក មុនីវណ្ណ បាន​រំឭក​រដ្ឋាភិបាល​ថា ពិភពលោក​ខាង​ក្រៅ​នឹង​ឃ្លាំ​មើល​ប្រទេស​កម្ពុជា​។

លោក​បានមាន​ប្រសាសន៍បន្ត​ថា “ រដ្ឋាភិ​បាល​គួរ​តែយល់​ថា ប្រសិន​បើ​មាន​ការ​បង្ក្រាប​​ទៅលើ​សកម្មភាព​តវ៉ា​​ សហគមន៍​អន្ត​រជាតិ​ នឹង​រង​់ចាំមើល​ ពីព្រោះ​ប្រទេស​កម្ពុជា​ គឺ​ជា​សមាជិក​អង្គការ​សហ​ប្រជាជាតិ​ និង​តុលាការ​​ ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​”។

លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​បាន​លើកឡើង​ថា ការ​បិទ​ផ្លូវ​នេះ​នឹង​ជា​សកម្មភាព​រំលោភ​ច្បាប់​ពិត​ប្រាកដ​។
លោក​បាន​មាន​ប្រសាសន៍ថា “ យោង​តាម​ច្បាប់​ចរាចរណ៍​ ជនណា​ដែល​បិទ​ផ្លូវ​នឹង​ត្រូវ​ទទួលទោស​ តាម​មាត្រា​៧៨​”។ មាត្រា​នេះ​​​ចែង​ថា ជន​ដែល​ធ្វើ​ឲ្យ​មានការ​រាំង​ស្ទះ​ចរាចរណ៍​សាធារណៈ​ ត្រូវ​ជាប់​ពន្ធនាគារ​រយៈ​ពេល​មួយ​ឆ្នាំ​ និង​ត្រូវ​ផាក​ពិន័យ​ជា​ប្រាក់​រហូត​ដល់​ពីរលាន​រៀល​ ឬ​ប្រហែល​​៥០០ដុល្លារ​។

នៅ​ពេល​អ្នកសារព័ត៌មាន​សួរ​ថា តើ​​អាជ្ញាធរ​នឹង​ប្រតិកម្ម​យ៉ាង​ដូចម្តេច​ចំពោះ​សកម្មភាពបែប​នេះ​របស់​គណបក្ស​ប្រឆាំង​ លោកឧត្តម​សេនីយ​៍​ឯក ខៀវ សុភ័គ បាន​ឆ្លើយ​តប​ថា “ យើង​នឹង​ធ្វើ​សកម្មភាព​ទៅ​តាម​ច្បាប់​…តាម​ជំពូក​ដែល​ចែង​អំពី​ការ​ដាក់​ទោស​”។

លោក ខេង ទីតូ អ្នក​នាំពាក្យ​កង​រាជ​អាវុធ ​ហត្ថ​​ បាន​និយាយ​ត្រង់​ៗ​អំពី​ប្រតិកម្ម​ទំនង​ជា​ត្រូវ​បាន​​រដ្ឋាភិបាល​អនុវត្ត​។ លោក​បាន​មាន​​ប្រសាសន៍ថា “ ប្រសិន​បើ​គណបក្ស​សង្គ្រោះ​ជាតិ​​បិទ​ផ្លូវ​ជាតិ​ទាំង​អស់​ដែល​ចូល​មក​​រាជ​ធានី​​​ភ្នំពេញ​ នោះ​សកម្មភាព​បែ​បនេះ​ជា​អំពើ​ខុស​ច្បាប់​ ដូច្នេះ​កម្លាំង​របស់​យើង​ត្រូវ​អនុវត្ត​ច្បាប់​ ដើម្បី​​បំបែក​បាតុកម្ម​។ យើង​នឹង​​មិន​​អនុ​ញ្ញាត​ឲ្យ​ពួកគេ​​​បិទ​ផ្លូវ​បែ​ប​នោះ​ទេ​ ហើយ​យើង​នឹង​ទប់​ស្កាត់​ពួកគេ​ ហើយ​យើង​នឹង​ប្រើ​កម្លាំង​ទៅ​តាម​​ស្ថាន​ភាព​ជាក់​ស្តែង​។​ ពួកគេមាន​សិទ្ធិ​ធ្វើ​បាតុកម្ម​ ក៏​ប៉ុន្តែ​ពួក​គេ​ ត្រូវ​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​របស់​អ្នក​ដទៃ​”។​

គណបក្ស​សង្គ្រោះ​ជាតិ​​បាន​គំរាម​បិទ​ផ្លូវ​កាល​ពីម្សិលមិញ បន្ទាប់​ពី​បាន​​ធ្វើ​បាតុកម្ម​រយៈ​ពេល​ប្រាំ​ថ្ងៃ​ជាប់​គ្នា​នៅ​ក្នុង​រាជធានី​ភ្នំពេញ​។​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​​បាន​ដឹកនាំ​​សកម្មភាព​តវ៉ា​រយៈ​​​​ពេល​ពីរ​ម៉ោង​កន្លះ​នៅ​​ទូទាំង​ភាគ​ខាង​ជើង​នៃ​រាជធានី​ភ្នំពេញ​ មុន​ពេល​ត្រឡប់​មក​​ទីលាន​​​ប្រជាធិបតេយ្យ​វិញ​នៅ​ពេល​ព្រលប់​​។ ​សកម្ម​ភាព​បាតុកម្ម​កាល​ពីម្សិលមិញ បាន​​​ចាប់​ផ្តើម​ពី​​ទីលាន​ប្រជាធិបតេយ្យ​ ដែល​មាន​អ្នក​គាំទ្រ​​គណបក្ស​ប្រឆាំង​ពីរ​បីពាន់​នាក់​បាន​​មក​ជួបជុំ​គ្នា​។

ជាធម្មតា​ដោយ​មាន​ការ​អម​ដំណើរ​របស់​លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​​សង្គ្រោះ​​ជាតិ​​ លោក សម រង្ស៊ី បាន​មាន​​ប្រសាសន៍​​ថា ​សមាជិក​សមាជិកា​គណបក្ស​របស់លោក​បាន​​ធ្វើ​ដំណើរ​ទៅ​បណ្តា​ខេត្ត​ដើម្បី​ប្រមូល​អ្នក​គាំទ្រ​បន្ថែម​ទៀត​។

លោក​ សម រង្ស៊ី ក៏​បាន​ជំរុញ​ឲ្យ​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​ចូលរួម​ធ្វើ​បាតុកម្ម​​ឲ្យ​បាន​​កាន់​តែច្រើន​ ហើយ​​ទោះ​បី​ជា​គណបក្ស​នេះ​សន្យា​ថា រក្សា​ការ​ធ្វើ​បាតុកម្ម​បន្ត​ទៀត​ក៏​ដោយ​ លោក​ សម រង្ស៊ី បាន​បង្ហើប​ថា ថ្ងៃ​អាទិត្យ​​​​នេះ អាច​ជាថ្ងៃ​ចុង​ក្រោយ​​។

លោក​បាន​មាន​ប្រសាសន៍ថា “ បង​ប្អូន​ទាំង​អស់​គ្នា​ ថ្ងៃ​អាទិត្យ​នេះ ប្រហែលជា​​​ថ្ងៃ​ចុង​ក្រោយ​ហើយ​ដូច្នេះ​សូម​ចូលរួម​ឲ្យ​បាន​កាន់​តែ​ច្រើន​” ៕សុធា​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស