30 C
Phnom Penh

លោក ហ៊ុន​ សែន​៖ លោក​នឹង​​មិន​​លាលែង​ពី​តំណែង​​ឬ​អំពាវ​​នាវ​ឲ្យ​រៀប​ចំ​បោះ​ឆ្នោត​ជា​ថ្មី​ឡើយ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ថ្ងៃ​សុក្រ លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ច្រាន​ចោល​ការ​រិះគន់​ជា​ច្រើន​របស់​គណបក្ស​ប្រឆាំង​ និងការ​ធ្វើ​បាតុកម្ម​ប្រចាំ​ថ្ងៃ​ដោយអ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​អំពាវ​នាវ​ឲ្យ​រូប​លោក​ចុះ​ចេញ​ពី​តំណែង​។ លោក​បាន​អះ​អាង​ថា លោក​គ្មាន​បំណង​ចុះ​ចេញ​ពី​តំណែង​​ឡើយ​ ហើយ​ក៏​មិន​ដឹង​ថា លោក​បាន​ធ្វើ​អ្វី​ខុស​ដែរ​។ 

ថ្លែង​ទៅកាន់​ក្រុម​អ្នក​យក​ព័ត៌មាន​នៅ​រដ្ឋ​សភាកាលពី​ថ្ងៃ​សុក្រ​ លោក​ ហ៊ុន សែន​ បាន​មាន​ប្រសាសន៍​ថា គ្មាន​ច្បាប់​ណា​អនុញ្ញាត​ឲ្យ​លោក​រម្លាយ​​សភា​ឡើយ​ ហើយ​គ្មាន​កាលៈ​ទេស​ៈដែល​លោក​នឹង​ចុះ​ចេញ​ពី​តំណែង​ ឬ​អំពាវ​នាវ​ឲ្យ​មានការ​បោះ​ឆ្នោត​ជាថ្មី​ អំឡុង​អាណត្តិ​​ដឹកនាំ​រយៈពេល​ប្រាំ​ឆ្នាំ​នោះ​ដែរ។

លោក​បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​ឡើង​តាម​​រដ្ឋ​ធម្ម​នុញ្ញ ​ខ្ញុំ​ចុះ​ក៏​ចុះ​តាម​រដ្ឋធម្មនុញ្ញ​​។ ប្រទេស​​ដទៃ​​អនុញ្ញាត​ឲ្យ​នាយករដ្ឋមន្ត្រី​ប្រកាស​រម្លាយ​​សភា។ ប៉ុន្តែ នៅ​កម្ពុជា ​តាម​មាត្រា​៧៨នៃ​រដ្ឋ​ធម្មនុញ្ញ​បាន​កំណត់​​ថា ​​សភា​មាននីតិកាល​ប្រាំ​​​​ឆ្នាំ​ សភា​មិន​អាច​រម្លាយមុន​អាណ​ត្តិ​​បានទេ លើក​លែងតែ​រាជ​រដ្ឋាភិ បាល ​ត្រូវ​​រម្លាយ​ពីរ​ដង​ក្នុង​រយៈពេល​១២ខែ​”។

លោក ហ៊ុន សែន ក៏​​​មាន​ប្រសាសន៍​ដែរ​ថា សូម្បី​ព្រះ​មហាក្សត្រ​ នរោត្តម សីហ​មុនី ក៏​គ្មាន​សិទ្ធិ​រម្លាយ​រដ្ឋាភិបាល​របស់​លោក​ដែរ។     លោក​បាន​ចោទ​សួរ​ថា “ ​មួយ​ទៀត​ទាម​ទារ​ឲ្យ​ខ្ញុំ​ចុះ​ចេញ​ពី​តំណែង​ តើ​ខ្ញុំ​បាន​ធ្វើ​កំហុស​អ្វី​? ប្រសិន​បើ​សភា​ទម្លាក់​ខ្ញុំ​ នោះ​ជា​រឿង​មួយ​ទៀត​។ ប៉ុន្តែ​ការ​លាលែង​របស់​ខ្ញុំ​ មិន​មែន​ជា​ចង​់​បាន​របស់​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន ​និង​គាំទ្រ​ខ្ញុំ​នោះ​ទេ”។

លោក​បាន​បន្ត​ថា ការ​ទាម​ទារ​ឲ្យ​លោក​ចុះ​ចេ​ញពី​តំណែង​មិន​មែន​ជា​រឿង​ថ្មី​ទេ​ គឺ​មាន​ការ​ទាម​ទារ​បែប​នេះ​ចាប់​តាំង​ពី​លោក​ត្រូវ​បាន​លើក​ឲ្យ​ធ្វើ​ជា​មេដឹក​នាំ​របស់​កម្ពុជា​បន្ទាប់​ពី​ការ​ដួល​រលំ​របប​ខ្មែ​រ​ក្រហម​របស់​ប៉ុល​ ពត​ ក្នុង​ឆ្នាំ​១៩៧៩មក​ម៉េ្លះ​។

លោក​​មាន​ប្រសាសន៍​ថា ផ្ទាំង​បដា​ និង​ផ្ទាំង​រូប​ភាព​ដែល​មាន​សរសេរ​អក្សរ​អំពាវ​នាវ​ឲ្យ​លោក​ចុះ​ពី​តំណែង​គឺ​ជា​ស្នាដៃរបស់​មេដឹកនាំ​​​នយោបាយ​ “ មិន​មែន​អ្នក​តវ៉ា​ទូទៅ​នោះ​ទេ។​ដូច្នេះ សូម​បញ្ជាក់​ថា គ្មាន​ការ​បោះ​​​ឆ្នោត​ឡើង​វិញ​ទេ ពីព្រោះ​គ្មាន​អ្នក​រម្លាយ​សភា​ ហើយ​ក៏​គ្មាន​យន្ត​ការ​ណា​កំណត់​អំពី​ការ​បោះ​ឆ្នោត​មុន​អាណត្តិ​នោះដែរ”។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ចេញ​កាលពី​ថ្ងៃ​សុក្រ អង្គការ​សិទ្ធិមនុស្សក្នុង​ស្រុក​​អាដហុក​​បាន​អំពាវ​នាវឲ្យ​ “ ភាគី​ទាំង​ពីរ​ព្រម​ព្រៀងលើ​ការ​បោះ​ឆ្នោត​ពាក់​កណ្តាល​អាណត្តិ​ដែល​អាច​ផ្តល់​ដំណោះ​ស្រាយ​ប្រកប​ដោយ​​អត្ថន័យ​ រយៈពេល​វែង​ ស្រប​តាម​លទ្ធិ​ប្រជាធិបតេយ្យ​ និង​សំខាន់​បំផុត​ដោយ​សន្តិវិធី​ចំពោះ​ស្ថានភាពជាប់​គាំង​នា​ពេល​​បច្ចុប្បន្ន​”។

អង្គការ​អាដហុក​បាន​លើកឡើង​ថា វា​អាច​មាន​លទ្ធផល​ពីរ​ប្រសិន​បើ​ការ​ជាប់​គាំង​ខាង​នយោបាយ​នៅ​តែ​បន្ត ហើយ​មាន​ភាព​តាន​តឹង​កាន់​តែ​ខ្លាំង​នោះ​គឺ​ថា កង​កម្លាំង​សន្តិសុខ​របស់​រដ្ឋ​នឹង​បង្ក្រាប​លើ​ការ​តវ៉ា​ដោយ​ហិង្សា​ ឬ​ថា ចលនា​អំណាច​របស់​ប្រជា​​​ពលរ​ដ្ឋ​អាច​ជំរុញ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ឡើង​កាន់​អំណាច​ដែល​ហួស​ពី​ព្រំដែន​លទ្ធិ​ប្រជាធិបតេយ្យ​។

សេចក្តី​ថ្លែង​ការណ៍​នេះ​មាន​ខ្លឹម​សារ​ថា “ ការ​ទាម​ទារ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ឲ្យ​មាន​កំណែ​ទម្រង់​ និង​ការ​បោះ​ឆ្នោត​ក្នុង​រយៈ​ពេល​ពីរបី​ខែ​បន្ទាប់​ទំនង​ជា​មិនអាច​ទៅ​រួច​ឡើយ​។ សម្រាប់​កំណែ​ទម្រង់​បោះ​ឆ្នោត​ប្រកប​​ដោយ​អត្ថន័យ​កើត​ឡើង​ទៅ​បាន​ គឺចាំ​បាច់​ត្រូវ​ផ្តល់​ពេល​វេលា​បន្ថែ​ម​ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា ស្ថាប័ន​បោះ​ឆ្នោត​ថ្មី​អាច​បំពេញ​តួនាទី​របស់​ខ្លួន​បាន​ល្អ​ តែ​ទោះ​ជាយ៉ាង​ណា​​ការ​បោះ​ឆ្នោត​នេះ ​នឹង​ធ្វើ​ឲ្យ​ខូច​ដោយ​សារ​តែ​ភាព​មិន​ប្រក្រតី​ដដែរ ដូច​ការ​បោះ​ឆ្នោត​លើក​មុន​។​ នេះ​ជា​ហេតុ​ផល​ដែល​អង្គការ​អាដហុក​ស្នើ​ឲ្យ​មានការ​បោះ​ឆ្នោត​មុន​អាណត្តិ​​នៅ​ក្នុង​រយៈពេល​ប្រហែល​​ពីរឆ្នាំ​។

គណបក្ស​សង្គ្រោះ​ជាតិ​បាន​និង​កំពុង​កាន់​កាប់​ទីលាន​ប្រជាធិបតេយ្យ​ ហើយ​បាន​ធ្វើ​ការ​ហែក្បួន​តាម​ម៉ូតូ​ប្រចាំ​ថ្ងៃនៅ​ទូទាំង​រាជ​ធានី​ភ្នំពេញ​ចាប់​តាំង​ពី​ថ្ងៃ​អាទិត្យ​មក​។

លោក​ ហ៊ុន សែន​ បាន​ប្រសាសន៍​កាលពី​ថ្ងៃ​សុក្រថា រដ្ឋាភិបាល​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​​​ដើម្បី​ដាក់​ពាក្យ​បណ្តឹង​តាម​ផ្លូវ​ច្បាប់​ ប្តឹង​គណបក្សប្រឆាំង​ពី​បទ​គំរាម​បិទ​ផ្លូវ​ចេញ​ចូល​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃ​ព្រហស្បតិ៍​។

លោកនាយករដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ថា “ ការ​បិទ​ផ្លូវ​នឹង​មិន​ប៉ះ​ពាល់​ដល់​រដ្ឋាភិ​បាល​ និង​ស្ថាប័ន​របស់​ខ្លួនទេ​ ប៉ុន្តែ​ប៉ះ​ពាល់​​ប្រជា​ពលរដ្ឋ។ ​វា​ជា​ទង្វើ​ខុស​ច្បាប់​ ដូច្នេះ​រដ្ឋាភិបាល​នឹង​ឆ្លើយ​​តបអម​ដោយ​​​វិធានការ​ច្បាប់​។ គ្មាន​ជម្រើស​ផ្សេង​ទៀត​ទេ​”។

លោក កឹម​ សុខា អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​មាន​ប្រសាសន៍​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃសុក្រ​ថា ការបដិសេធ​​របស់​លោក​ ហ៊ុន សែន មិន​ព្រម​ចុះ​ចេញ​ពី​តំណែង​ និង​​​បន្ត​ច្រាន​ចោល​ការ​តវ៉ា​​​ គ្មាន​អ្វី​ថ្មី​ទេ​។

លោកបាន​មាន​ប្រសាសន៍​ថា “ វា​ជា​វប្បធម៌​របស់​មេដឹក​នាំ​ផ្តាច់ការ​នៅ​ទូទាំង​ពិភពលោក​ដែល​មិនងាយ​នឹង​ចុះ​ចេញ​ពី​អំណាច​ ហើយ​ពួកគេ​មិន​ដែល​ទទួល​ស្គាល់​កំហុស​របស់​ខ្លួន​ឡើយ​”។

លោក​បាន​លើក​ឡើង​ថា លោក ហ៊ុន សែន​ កំពុង​តែ​សម្ងំ​លាក់​ខ្លួន​នៅ​ពី​ក្រោយ​ច្បាប់​ ហើយលោក​គួរ​តែ​ប្រឈម​នឹង​ការ​ពិត ដែល​​ប្រជាពលរដ្ឋ​រាប់​ពាន់​នាក់​កំពុង​អំពាវ​នាវ​ឲ្យលោក​ចុះ​ចេញ​ពី​អំណាច​។

លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា “នៅ​ពេលមាន​ការ​អំពាវ​នាវ​បែប​នេះ​ពី​ប្រជា​ពល​រដ្ឋ​​រាប់​ពាន់​នាក់​ និង​កន្លែងណាមាន​​អំពើ​អយុត្តិធម៌​យ៉ាង​ច្រើន​នៅ​ក្នុង​សង្គម​ មេដឹក​នាំ​ទាំង​នោះ​​នឹង​យក​ករណី​នេះ​ទៅ​ពិភាក្សា​គ្នា ឬ​លាលែង​ពី​តំណែង​តែ​ម្តង។

លោក​បាន​មាន​ប្រសាសន៍​បន្ត​​​ទៀត​ថា​ “ ខ្ញុំ​គិត​ថា គាត់​គួរ​តែ​មក​ទីលាន​ប្រជាធិប​​​តេយ្យ​ ពេល​នោះ​គាត់​នឹង​ដឹង​ពី​មូល​ហេតុ​ដែល​អ្នក​តវ៉ា​ទាម​ទារ​ចង់​ឲ្យ​គាត់​ចុះ​ចេញ​ពី​អំណាច​”។

លោក កឹម សុខា បានមាន​ប្រសាសន៍​​បន្ត​ថា គណបក្សសង្គ្រោះ​ជាតិ​ប្តេជ្ញា​បន្ត​ផែនការ​បិទ​ផ្លូវ​ចេញ​ចូលមក​​រាជធានី​ភ្នំពេញ ហើយ​ថា ការ​តវ៉ា​ដោយ​សន្តិវិធី​ និង​បន្ត​រហូត​ដល់​ពួកគាត​ទាម​ទារ​បានសម្រេច​៕សុខុម​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស