អង្គការសិទ្ធិមនុស្សអាដហុកបានអំពាវនាវឲ្យរដ្ឋាភិបាលសើុបអង្កេតការបង្ខាំងនិងធ្វើទារុណកម្មស្ត្រីខ្មែរម្នាក់នៅកាសីុណូលួចលាក់មួយកន្លែងដែលនាងធ្វើការក្នុងទីក្រុងបាងកក ប្រទេសថៃ។
តាមរយៈសេចក្តីថ្លែងការណ៍មួយដែលបានចេញកាលពីថ្ងៃសុក្រ អង្គការអាដហុកបានលើកឡើងថា រដ្ឋាភិបាលត្រូវតែជំរុញឲ្យមានការ “ សើុបអង្កេតពេញលេញ” លើករណីរបស់ស្ត្រីរូបនេះដែលរួចជីវិតពេលនាងត្រូវបានសង្គ្រោះនៅថ្ងៃអង្គារ។អង្គការ នេះបានបន្ថែមថា អាជ្ញាធរថៃបានបរាជ័យក្នុងការចាត់វិធានការសើុបអង្កេតពីករណី នេះឲ្យបានទាន់ពេលនិងនៅក្នុងការនាំអ្នកប្រព្រឹត្តមកផ្តន្ទាទោស។
អ្នកនាង ផាត់ សំមេសា អាយុ៣២ឆ្នាំមកពីខេត្តបន្ទាយមានជ័យ បានធ្វើការនៅកាសីុណូមួយនៅប៉ោយប៉ែតអស់រយៈពេលពីរឆ្នាំមុនពេលធ្វើចំណាកស្រុកទៅធ្វើការនៅក្នុងកាសីុណូមួយនៅទីក្រុងបាងកក។ គ្រួសាររបស់ សំមេសា បានបាត់ដំណឹងរបស់នាងអស់រយៈពេលពីរសប្តាហ៍គិតចាប់ពីចុងខែវិច្ឆិកា មុនពេលរូបភាពអាក្រាតកាយរបស់នាងលេចឡើងតាមហ្វេសប៊ុក កាលពីដើមខែនេះ។
អង្គការអាដហុកបានឲ្យដឹងតាមរយៈសេចក្តីថ្លែងការណ៍នេះថា “ ចាប់ពីថ្ងៃទី២៨ខែវិច្ឆិកា រហូតដល់ថ្ងៃទី១៧ ខែធ្នូ នាងត្រូវបានបង្ខាំងទុកនិងត្រូវបានវាយដំម្តងហើយ ម្តងទៀតដោយអ្នកគ្រប់គ្រងរបស់នាងដែលក៏បានបង្ខំឲ្យនាងធ្វើសកម្មភាពដែលធ្វើឲ្យបាត់បង់សេចក្តីថ្លៃថ្នូរ ដូចជាឲ្យនាងស្រាតនៅមុខគេមុខឯងនិងបង្ហោះរូបអាក្រាតពាក់កណ្តាលកាយរបស់នាងដែលបន្ទាប់មកត្រូវបានបង្ហោះពេញអីុនធើណិតជាដើម”។
សេចក្តីថ្លែងការណ៍នេះមានខ្លឹមសារបន្តថា “ អង្គការអាដហុក ថ្កោលទោសពេញទំហឹងចំពោះការប្រើទារុណកម្ម និងការធ្វើឲ្យបាត់បង់សេចក្តីថ្លៃថ្នូររបស់មនុស្សតាមរយៈការបង្ខំឲ្យជនរងគ្រោះធ្វើសកម្មភាពមិនសមរម្យ ដែលជាការរំលោភលើច្បាប់ជាតិនិងអន្តរជាតិនានា។
អង្គការអាដហុកបានអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាចាត់វិធានការបន្ទាន់ជាមួយរាជរដ្ឋាភិបាលថៃ ដើម្បីជំរុញឲ្យមានការសើុបអង្កេតពេញលេញលើការប្រព្រឹត្តចំពោះ អ្នកនាង សំមេសា ដើម្បីស្វែងរកយុត្តិធម៌សម្រាប់នាង។
កាលពីដើមសប្តាហ៍នេះ បងថ្លៃប្រុសរបស់ជនរងគ្រោះបានឲ្យដឹងថា សំមេសា បានលួចទាក់ទងមកគ្រួសាររបស់ខ្លួនពីក្រុងបាងកក ហើយបានប្រាប់ក្រុមគ្រួសារថា អ្នកគ្រប់គ្រងកាសីុណូ បានគំរាមនាង និងបានយកប្រាក់សន្សំរបស់នាង បន្ទាប់ពីបានចោទប្រកាន់រូបនាងនិងស្ត្រីមា្នាក់ទៀតថាបានជួយអ្នកលេងល្បែងឲ្យលេងឈ្នះច្រើននៅឯកាសីុណូនោះ។
លោក ផៃ សីុផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីបានលើកឡើងថា លោកជឿថា នឹងមានការសើុបអង្កេត។លោកបានមានប្រសាសន៍ថា “ ចាប់តាំងពីលោកជំទាវឯកអគ្គរាជទូត [យូ អយ] បានចេញមុខដោះស្រាយរឿងនេះមក ខ្ញុំជឿជាក់ថា ការសើុបអង្កេត កំពុងដំណើរការហើយ”៕សេរីវុធ