32 C
Phnom Penh

ការសិក្សា​​​រកឃើញថា​ មាន​​​ការ​​​រំលោភ​​​បំពាន​​​ផ្លូវ​​​ភេទ ​​​​និង​ប្រើ​​អំពើ​​​ហិង្សា​​​លើ​​​រាង​​​កាយ​​​​​ទៅ​លើ​​​​កុមារ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ការសិក្សា​​​ស្តីពី​​​អំពើ​​​ហិង្សា​​​លើ​កុមារ​​​ដែល​​​​​​សម្រប​​​សម្រួល​​​ដោយ​​​អង្គការ​​​យូនី​សេហ្វ ​និង​អនុវត្តដោយ​​​រដ្ឋា​ភិបាល​​​បាន​​​រក​​​ឃើញ​​​ថា កុមារ​​​បីភាគ​បួនបាន​ជួប​អំពើ​ហិង្សា​​​​​​​លើ​​​រាង​កាយ​យ៉ាង​​​ហោច​​​ណាស់​​​​​មួយដង​​មុន​​​អាយុ​​​១២​​​ឆ្នាំ​​​ ចំណែក​​​ឯ​​​ស្ត្រី​​​៤ភាគ​​​រយ និង​​​បុរស​​​៥​​​ភាគ​​​រយ​​​ត្រូវ​​​បាន​​​រំលោភ​​​បំពាន​​​ផ្លូវ​​​ភេទ​​​។ 

យោង​​​តាម​​​លោក​​ស្រី ច័ន្ទ​​​ ហារ៉ាន​​​វដ្តី  អនុ​​​រដ្ឋ​​​លេខាធិការ​​​ក្រសួង​​​សង្គម​​​កិច្ច​​​ ដែល​​​បាន​​​ដឹក​​​នាំ​​​ការ​​​សិក្សា​​​នេះ​​​ជា​​​មួយ​​​ក្រសួង​​​កិច្ច​​​ការ​​​នារី​​​បាន​​​ឲ្យ​​​ដឹង​​​ថា លទ្ធផ​ល​​​បឋម​​​នៃ​​​ការ​​​សិក្សា​​​នេះ​​​ដែលមិន​​​ទាន់​​​ត្រូវ​​បាន​​​បញ្ចប់​​​នៅ​​​ឡើយ​​​​នោះ​​​​​​ត្រូវ​​​បាន​​​​​​ធ្វើ​​​បទ​​​បង្ហាញ​​​នៅ​​​ក្នុង​​​រាជធានី​ភ្នំពេញ​​​កាល​​​ពី​​​ថ្ងៃ​​​ព្រហស្បតិ៍​​​ដល់​​​តំណាង​​​រដ្ឋាភិបាល​​​ និង​​​តំណាង​​​អង្គការ​​​មិន​​​មែន​​​រដ្ឋា​ភិបាល​ដែល​សមាជិក​​​​គណៈ​​​កម្មាធិ​​​ការ​នាយក​​​​ដោះ​ស្រាយ​អំពើ​ហិង្សា​លើ​​​​កុមារ​។

ការ​​​ស្រាវជ្រាវ​​​​េនះ​បាន​​​ស្ទង់​​​មតិ​​ស្ត្រី​​​១.១២១​​​នាក់​​​ និង​​​បុរស​​១.២៥៥​​​​​នាក់​​​​​​ចាប់​​​​​​ពី​​​អាយុ​​​១៣​​​ឆ្នាំ​​​ដល់​​​២៤​​​ឆ្នាំ​​​ ដើម្បី​​​កំណត់​​​​ថា តើ​​​គួរ​​​អនុវត្ត​​​គោល​​​នយោបាយ​​​អ្វី​​​ ដើម្បី​​​ការពារ​​​កុមារ​​​ និង​​​យុវជន​​​កុំ​​​ឲ្យ​​​រង​​​ការ​​​រំលោភ​​​បំពាន​​​ផ្លូវ​​​ភេទ​​​និង​​​រូបរាង​​​កាយ​​​។

លោក​​​ស្រី​​​ ហារ៉ានវដ្ត​ី បាន​​​មាន​​​ប្រសា​សន៍​​​​ថា លទ្ធផល​​​ទាំងនេះបាន​​​បង្ហាញ​​​ពី​​​វប្ប​ធម៌​​​ហិង្សា​​​ក្នុង​​ទម្រង់​​​ជាច្រើន​​​។ លោក​​​ស្រី​​​ប្រាន​​​មាន​​​ប្រសាសន៍​​​ថា “ នៅ​​​ពេល​​​យើង​​​ទទួល​​​បាន​​​លទ្ធផល​​​នេះ​​​ ​និង​យល់​​​ថា មាន​​​បញ្ហា​​​នោះ​​​យើង​​​ដឹង​​​ថា យើង​​​ចំា​​​បាច់​​​ត្រូវ​​​រៀប​​​ចំ​​​គោល​​​នយោបាយ​​​​​​និង​​​វិធានការ​​​​ ដើម្បី​​​កាត់​​​បន្ថយ​​​ ឬ​​​លុប​​​បំបាត់​អំពើ​​​ហិង្សានេះ”។

ក្នុង​​​ចំណោម​​​មនុស្ស​​​ចាប់​​​ពី​​​អាយុ​​​១៨​​​ឆ្នាំ​​​ដល់​​​២៤​​​ឆ្នាំ​​​ ស្ត្រី​ម្នាក់​​​ក្នុង​​​ចំណោម​​​ស្ត្រី​​​២២​​​នាក់​​​និង​​​​បុរស​ម្នាក់​​​ក្នុង​​​ចំណោម​​​បុរស​​​១៨​​​នាក់​​​ បាន​​​ជួប​​​ប្រទះ​​​ការ​​​រំលោភ​​​បំពាន​​​ផ្លូវភេទ​​​មុន​​​ពេល​​​ឈាន​​​ដល់​​​អាយុ​​​១៨​​​ឆ្នាំ ហើយ​ស្ត្រី​​​​៦២,២​​​ភាគ​​​រយ​​​មាន​​​អាយុ​​​១៦ ឬ​​​១៧​​​ឆ្នាំ​​​ ដែល​​​បាន​​​ជួប​​​ប្រទះ​ការ​​​រំលោភ​​​បំពាន​​​​​​លើក​​​ដំបូង​​​ចំណែក​​​​ឯ​​បុរស​​​៧២,៩​​​ភាគ​​​រយ​​​ ​​​មាន​​​អាយុ​​​១៣​​​ឆ្នាំ​​​ ឬ​​​ក្មេង​​​ជាង​​​នេះ​​​។

៥៥ភាគរយ​​​ក្នុង​​​ចំណោម​​​​​​អ្នក​​​ផ្ដល់​​​បទ​​​សម្ភាស​​​មាន​​​អាយុ​​​ចាប់​​​ពី​​​១៨​​​ឆ្នាំ​​​ដល់​​​២៤​​​ឆ្នាំ​​​​​​បាន​​​និយាយ​​​ថា ពួក​​​គេ​​​បាន​​​ជួប​​​ប្រទះ​​​យ៉ាង​​​ហោច​​​ណាស់​​​​​​អំពើ​​​ហិង្សា​​​​លើ​​​រាង​​​កាយ​មួយ​ដង​​​​មុន​​​ពេល​​​មាន​​​អាយុ​​​១៨​​​ឆ្នាំ​​​។
ភាគ​​​ច្រើន​​​នៃ​អំពើ​ហិង្សា​​​​ទាំង​​​នេះ​​​រួម​​​មាន​​​​​​​​ការ​​​​​​​ដាល់ ការ​ទាត់ ឬ​​​ការ​វាយ​​​ដំ​ជាដើម។

ស្ត្រី​៨៤ភាគ​​​រយ​​​ និងបុរស​​​​៧៧​​​ភាគ​​​​​​រយ​​​បាន​​​​​​ជួប​​​ប្រទះ​​​​អំពើ​ហិង្សា​​​​​​លើ​​​រាង​​​កាយ​​​យ៉ាង​​​​​​ហោច​​​​​​ណាស់​​​​​មួយ​ដង​​​មុន​​​ពេល​​​មាន​​​​​​អាយុ​​​១២​​​ឆ្នាំ​​​។

ក្នុង​​​ចំណោម​​​អ្នក​​​មាន​​​អាយុ​​​ចន្លោះ​​​ពី​​​១៨​​​​ឆ្នាំ​​​ដល់​​​២៤​​​ឆ្នាំ​​​ ដែល​​​ត្រូវ​​​បាន​​​រំលោភ​​​បំពាន​​​ផ្លូវ​​​ភេទ​​​នោះ​​​ស្ត្រី​​​៤៥​​​ភាគរយនិងបុរស​​​​​​៦៤​​​ភាគរយ​​​​​​​មិន​​​ដែល​​​​​​បាន​​​រាយការណ៍​​​​​​អំពី​​​ការ​​​រំលោភ​​​បំពាន​​​នេះ​​​ទេ​​​។

ជា​​​រឿយៗ​​​ស្ត្រី​​​បាន​​លើកឡើង​ថា ខ្លួន​​​មាន​​​ការ​​​ភ័យ​​​ខ្លាច​​​ (២៦,១ភាគរយ​​​) មិន​​​ហ៊ាន​​​ប្រាប់​​​​​ពី​​​ការ​​​រំលោភ​​​ ឬ​​​មិន​​​បាន​​​ចាត់​​​ទុក​​​ការ​​​រំលោភ​​​បំពាន​​​នេះ​​​ថា ជា​​​បញ្ហា​​​ឡើយ​​​ (២២,១ភាគ​​​រយ​​​)។ ​​​បុរស​​​៦២,១ភាគ​​​រយ​​​ក៏​មិន​​​បាន​​​ចាត់​​​ទុក​​​ថា ជា​​​បញ្ហា​​​​​​​ដែរ​​​។

បើនិយាយ​ពី​​​អំពើ​​​ហិង្សា​​​លើ​​​រាង​​​កាយ​​​ស្ត្រីហែល​​​៥៧​​​ភាគរយ​​​និង​​​បុរស​​​ប្រហែល​​​​៥៣​​​ភាគ​​​រយ​​​មិន​​​បាន​​​និយា​យ​​​រឿង​​​នេះ​​​ប្រាប់គេ​ទេ ពីព្រោះ​​​ពួក​​​គេ​​​គិត​​ថា វាជា​​​កំហុស​​​​​​​របស់​​​ខ្លួន​​​។

ស្ត្រី​​​ចាប់​​​ពី​​​អាយុ​​​១៨​ដល់​​​២៤​​​ឆ្នាំ​​​ ដែល​ត្រូវ​​​​​​​បាន​​​​​រំលោភ​​​បំពាន​​​ផ្លូវ​​​ភេទ​​​មុន​​​ពេល​​​មាន​​​អាយុ​​​១៨​​​​ឆ្នាំ ទំនង​​​ជា​មាន​គំនិត​​​​​ចង់​​​សម្លាប់​​​ខ្លួន​​​ច្រើន​​​ជាង​​​​​​​​​​អ្នក​​​ដែល​​​មិន​​​ជួប​​​ប្រទះ​​​បញ្ហា​​​បែប​​​​នេះ​​​។

លោក​​​ ថី ឃាម ប្រធាន​​​នាយកដ្ឋាន​ជំរឿន និង​ស្ទង់មតិ​នៅ​វិទ្យាស្ថាន​​​ជាតិ​​​ស្ថិតិ​​បាន​​​មាន​​​ប្រសាសន៍​​​ថា ក្រុម​​​របស់​​​លោក​​​​បាន​​​ចំណាយ​​​ពេល​​​ប្រហែល​​​មួយ​​​ខែ​​​ចុះ​​​សម្ភាស​​​អ្នក​​​ផ្ដល់​​​បទ​​​សម្ភាសជាច្រើន។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ អ្វី​​​ដែល​​​​ជា​​​ការ​​​គួរភ្ញាក់​​​ផ្អើល​​​នៅ​​​ក្នុង​​​របាយ​ការណ៍​​​គឺ​​​ថា មិន​​​ត្រឹម​​​តែ​​​ស្ត្រី​​​ប៉ុណ្ណោះ​​​ទេ ដែល​​​បាន​​​ជួប​​​ប្រទះ​​​អំពើ​​​ហិង្សា​​​ ឬ​​​ការ​​​រំលោភ​​​បំពាន​​​ផ្លូវ​​​ភេទ​​​​​ ប៉ុន្តែ​​​ក្មេង​​​ប្រុស​​​ក៏​​​ជួប​​​ប្រទះ​​បែបនេះ​​​ដែរ​​”។
លទ្ធផល​​​នៃ​​​ការ​​​សិក្សា​​​ពេញ​​​លេញ​​​នឹង​​​ត្រូវ​​​​ចេញ​​​ផ្សាយ​​​នៅ​​​ខែ​​​មេសា​​​ខាង​​​មុខ៕ សារុន

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស