38 C
Phnom Penh

អាជ្ញា​ធរ​រឹបអូស​សាឡង់​ប្រាំគ្រឿង​​ដែល​បាន​រំលោភ​បម្រាម​មិនឲ្យ​បូមខ្សាច់​នៅក្នុងខេត្ត​កណ្តាល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ម្នាក់​បាន​និយាយកាល​ពី​ម្សិល​មិញថា ក្រសួង​ធន​ធាន​ទឹក​ និង​ឧតុនិយម​បានរឹប​អូស សាឡង់ប្រាំគ្រឿង​នៅក្នុង​ខេត្ត​កណ្តាល​កាល​ពី​ថ្ងៃសៅរ​៍​​ដោយ​សារ​តែ​​មិនគោរព​​​បម្រាម​របស់​រដ្ឋាភិបាល​មិន​ឲ្យ​​បូម​ខ្សាច់​​នៅក្នុង​ទន្លេ​មេគង្គ។

លោក ចាន់ យុត្ថា​ ប្រធាន​ខុទ្ទកាល័យ​របស់​លោក លឹម គានហោ រដ្ឋមន្ត្រី​ក្រសួង​ធន​ធាន​ទឹក​បាន​មាន​ប្រសាសន៍ថា លោក​រដ្ឋមន្ត្រី​បាន​ដឹក​​នាំ​គណៈ​ប្រតិភូ​របស់​រដ្ឋាភិបាល​ចុះទៅ​ពិនិត្យ​​មើក​កន្លែង​បូមខ្សាច់​ដោយ​ផ្ទាល់ស្ថិត​ក្នុ​ង​ស្រុក​​ស្អាង​ដើម្បីអនុវត្ត​បម្រាម​ហាមមិន​ឲ្យ​បូម​ខ្សាច់​នៅ​ក្នុង​ទន្លេ​មេគង្គ​និង​ទន្លេសាប​ដែល​បាន​ចូល​ជា​ធរមាន​កាលពី​ថ្ងៃ​ទី​១៥ខែ​​តុលា។

លោក​បាន​មាន​ប្រសាសន៍ថា “ លោក​រដ្ឋ​មន្ត្រីបាន​ផ្អាក​ការ​បូមខ្សាច់​អនា​ធិប​តេយ្យ​​នេះ ហើយ​យើង​បាន​រឹបអូស​សាឡង់​​​ប្រាំ​គ្រឿង​ និង​ទុយោប្លាស្ទីកចំនួន​បី​​​តាម​ច្បាប់។ យើង​បាន​ចាត​់​វិធាន​ការ​បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ពី​អាជ្ញា​ធរ​មូលដ្ឋាន”។

លោក ឃឹម ចាន់គិរី អភិបាល​ស្រុក​បាន​មាន​ប្រសាសន៍ថា លោក​បាន​ជូន​ដំណឹង​ដល់​ក្រសួង​អ​ំពី​ការ​បូមខ្សាច់នេះ​ បន្ទាប់​ពី​បាន​ចាប់​ផ្តើម​កើនឡើង​​រយៈពេល​ប្រហែល​មួយ​ខែមក​នេះ។

នៅក្នុង​ករណី​ដាច់​ដោយ​ឡែ​កមួយ​ទៀត​ អ្នក​ភូមិ​នៅស្រុក​ខ្សាច់​កណ្តាល​ប្រហែ​ល​​​៥០​​នាក់​បានប្រមូល​ផ្តុំគ្នា​នៅ​តាម​​​​​ច្រាំ​ងទន្លេ​មេគង្គ​​កាល​ពី​ម្សិល​មិញ​ដើម្បីធ្វើការ​តវ៉ា​នឹង​សាឡង​់​​ប្រាំគ្រឿង​ទៀត​ដែល​កំពុង​​​​​​បូមខ្សាច់​ជា​ការ​រំលោភ​ច្បាស់ក្រឡែត​​ចំពោះ​​បម្រាម​របស់​រដ្ឋាភិបាល​ផងដែរ។

លោក ម៉ៅ ណារ័ត្ន អ្នក​តវ៉ាម្នាក់ក្នុង​ចំណោម​​អ្នក​តវ៉ាទាំង​នោះ​បាន​ិយាយថា សាឡង​់​​ទាំង​នេះ​បាន​​​ចូល​មក​ឃុំ​ព្រែក​អំបិល​​រយៈ​ពេល​ប្រហែល​​​ពីរ​សប្តាហ៍​មក​ហើយ។

លោក ម៉ៅ ណារ័ត្ន ​បាន​មាន​ប្រសាសន៍​ថា“ យើង​​មាន​ការ​តវ៉ាតូច​តាច​នៅ​ថ្ងៃនេះ ប៉ុន្តែ​ប្រសិន​បើ​អាជ្ញាធរ​មូលដ្ឋាន​មិន​បាន​ចាត់​វិធាន​ការ​សម្រាប់​​ពួកយើង​ទេនោះ ប្រជា​​​​ពល​រដ្ឋ​នឹង​ធ្វើ​ការ​​តវ៉ា​​​ដ៏ធំ​ប្រឆាំ​ង​នឹ​ង​ការ​បូម​ខ្សាច​់​នេះ ពីព្រោះវា​នឹង​បណ្តាល​ឲ្យ​បាក់​ច្រាំង​ទន្លេ​ ដោយ​សារ​គេ​បាន​បូម​ខ្សាច់​ចម្ងាយ​ប្រហែល​៥០ម៉ែត្រ​ពី​ច្រាំង​ទន្លេ​តែ​ប៉ុណ្ណោះ ដូច្នេះ​វានឹង​ប៉ះពាល់​ដល់​លំនៅ​ដ្ឋាន​របស់​ប្រជា​ពល​រដ្ឋ”។

លោក ឈឹម ម៉េង មេឃុំ បាន​មាន​ប្រសា​សន៍​​​ថា ក្រុមហ៊ុនដែលលោក​មិន​ស្គាល់ឈ្មោះ ទទួល​​​​បាន​អាជ្ញាប័ណ្ណក្នុង​ការ​បូម​ខ្សាច់នេះ ប៉ុន្តែ​លោក​​​បាន​បន្ថែមថា បម្រាម​​របស់រដ្ឋាភិបាលបាន​ទុក​​​​អាជ្ញាប័ណ្ណ​នេះ​ជា​មោ​ឃៈ។
លោក​និង​អ្នកតវ៉ា​ប្រហែល​១០​នាក់​ទៀត​​បាន​ជិះទូកមួយ​គ្រឿង​​ទៅ​និយាយ​ជាមួយ​អ្នក​ធ្វើការ​នៅ​លើ​សាឡង់​នោះ​ដែល​បាន​បន្ត​បូមខ្សាច់​អំឡុង​​​ពេល​មាន​ការ​តវ៉ា។

លោក​បាន​មាន​ប្រសាសន៍ថា“ យើ​ង​បាន​ជួប​ជាមួយ​កម្មករ​នៅ​លើសាឡង់​នោះ ហើយ​​បាន​សុំ​ឲ្យ​កម្មករ​ទាំង​នោះ​បើក​សាឡង់​របស់​ខ្លួន​ចេញ ពីព្រោះ​ប្រជា​ពល​រដ្ឋ​នៅ​ទីនេះ​មាន​​​ផែនការ​ធ្វើ​បាតុកម្ម​ដ៏ធំមួយ​ប្រឆាំ​ងនឹង​ក្រុម​ហ៊ុន​នេះ។ យើង​បាន​បញ្ជាឲ្យ​កម្មករ​ទាំង​​នោះ​បើក​សាឡង​់​របស់​​ខ្លួន​ចេញ​ពីទន្លេ​ដែល​ប្រជា​ពល​រដ្ឋ​តវ៉ា ពីព្រោះ​អាជ្ញាប័ណ្ណរបស់​ក្រុមហ៊ុន​នេះ​អស់​សុពល​ភាពហើយ”។

សាលា​រាជធានី​ភ្នំពេញ​បាន​បញ្ជា​ឲ្យ​ផ្អាក​​ការ​បូមខ្សាច់​ជាបណ្តោះ​អាសន្ន​នៅ​ក្នុង​រាជ​ធានី​កាលពីខែ​សីហា ប៉ុន្តែ​ទំនង​ជា​​​មាន​ការ​​បំពានបម្រាម​​​នេះ​។

កាលពី​ឆ្នាំ​២០០៩ លោក នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន បាន​​ចេញ​​បម្រាម​ ដែល​​​ត្រូវ​បាន​គេ​​បំពាន​​ចាប់​តាំង​ពី​ពេល​នោះ​មក​ ​​មិន​ឲ្យ​​នាំខ្សាច់​ចេញ៕សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស