31 C
Phnom Penh

ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​លុប​ចោល​ច្បាប់​​​​​​កំណត់ថ្លៃសម្រាប់ហៅ​​ទូរស័ព្ទ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ទីស្តីការ​គណៈរដ្ឋមន្ត្រី​បាន​លុប​ចោល​​ច្បាប់​ឆ្នាំ​២០០៩ ដែលកំណត់​ថ្លៃ​អប្បបរមា​សម្រាប់​ការ​ហៅ​ទូរស័ព្ទ​ ជា​ហេតុ​នាំ​ឲ្យ​បញ្ញតិករ​នានាមាន​ផ្លូវ​សម្រាប់​កំណត់​ថ្លៃ​ហៅ​ទូរស័ព្ទ​ឡើងវិញ​។ គួរបញ្ជាក់​ថា ប្រធាន​នាយក​ប្រតិ​បត្តិ​នៅ​ក្នុង​វិស័យ​នេះ​លើក​ឡើង​ថា តម្លៃ​នេះ​មាន​កម្រិត​ខ្ពស់​ពេក​។ 

ច្បាប់​នេះ​ឬក៏​ប្រកាស​លេខ​២៣២​ដែល​ត្រូវ​បាន​ប្រមាថ​យ៉ា​ង​ទូលំ​ទូលាយ​នេះ​បាន​កំណត់​ថ្លៃ​អប្បបរមា​ ៤,៥សេន​ក្នុងមួយ​នាទី​សម្រាប់ការ​ហៅ​ទូរស័ព្ទ​ក្នុង​ប្រព័ន្ធ​ និង​៥,៩៥​សេន​ក្នុងមួយ​នាទី​សម្រាប់​ការ​ហៅ​ទូរស័ព្ទ​ឆ្លង​ប្រព័ន្ធ​។ ប្រកាស​នេះក៏​បានដាក់​ដែន​កំណត់​សម្រាប់ការ​ផ្តល់​ទឹក​ប្រាក់​បន្ថែម​ផង​ដែរ ពោល​គឺ​មិន​ឲ្យលើស​ពី៥០ភាគ​រយ​ទេ និង​ កំណត់​ចំនួន​ដង​នៃ​កម្មវិធី​ផ្តល់​អត្ថ​ប្រយោ​ជន៍​ផ្សេង​ៗ​ក្នុងមួយ​ឆ្នាំ​ៗ។

កាលពីខែ​វិច្ឆិកា បញ្ញតិករ​ទូរគមនាគមន៍​កម្ពុជា​បាន​ចេញ​បទ​បញ្ជា​ឲ្យ​ក្រុម​ហ៊ុន​ប្រតិ​បត្តិ​ករ​​កម្ពុជា​ទាំង​ប្រាំពីរ​នៅក្នុង​ប្រទេស​កម្ពុជា​គោរព​ និង​អនុវត្ត​តាម​ប្រកាស​នេះ​។

នេះគឺ​ជា​លើក​ទី​ពីរ​ហើយ​ក្នុង​រយៈពេល​ប្រាំពីរ​ខែ​កន្លងមក​នេះ​ ដែល​បញ្ញតិករ​ទូរគម​នា​គមន៍​កម្ពុជា​ចេញ​បទ​បញ្ជា​នេះ​ ហើយ​បន្ទាប់​មក​ក្នុង​រយៈពេល​មិនដល់​២០ថ្ងៃ​ផង​ ស្ថា​ប័ន​នេះ​ក៏​បាន​លុប​ចោល​បញ្ជានេះ​វិញ​។

ទីស្តី​ការ​គណៈរដ្ឋមន្ត្រី​បាន​បញ្ជាក់​នៅក្នុង​សេចក្តី​ប្រកាសកាលពី​ថ្ងៃ​សុក្រ​ ដែល​ត្រូវ​បាន​ចុះ​ហត្ថលេខា​ដោយ​លោក ឃឹម រ៉ូសុីដា រដ្ឋលេខា​ធិការ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ថា“ ផ្អែក​​លើ​លទ្ធផល​ពិគ្រោះយោបល់​ប្រកប​ដោយ​ផ្លែ​ផ្កា​រវាង​បញ្ញតិករ​ទូរគមនាគមន៍​កម្ពុជា​ ក្រុម​ហ៊ុន​ប្រតិបត្តិករ​ទូរស័ព្ទ​អចល័ត​និង​ចល័តទាំង​ប្រាំបួន​ដែលបោះ​ទុន​វិនិ​យោគ​នៅ​​ប្រទេស​កម្ពុជា​ ក្នុង​គោល​បំណង​បង្កើត​លក្ខខណ្ឌ​ដែល​ធានាការ​​ប្រកួត​ប្រជែង​ដោយ​ស្មោះ​ត្រង់​​​ក្នុង​វិស័យ​ទូរគមនាគមន៍​ ប្រកាស​លេខ​២៣២​…ត្រូវ​បាន​ទុក​ជា​និរាករណ៍” ។

ជា​ផ្នែក​មួយ​នៃ​ការ​លុបចោល​ច្បាប់នេះ​ ក្រុម​ប្រតិបត្តិករ​ទូរស័ព្ទ​ចល័ត​ ត្រូវ​បាន​ស្នើ​ឲ្យ​ប្រគល់​ទិន្នន័យ​ថ្លៃ​ដើមរបស់​ខ្លួន​រៀង​រាល់​ប្រាំមួយ​ខែ​ម្តង​ ដោយ​ចាប់​ផ្តើម​ចាប់​ពី​ខែ​មករា​តទៅ។

សេចក្តី​ប្រកាស​ដដែល​មាន​ខ្លឹម​សារ​ថា“ ក្រុម​ហ៊ុន​ប្រតិបត្តិករ​ទូរស័ព្ទ​ទាំង​អស់​ត្រូវ​ដាក់​ឯកសារ​គណនា​ថ្លៃ​ដើម​របស់​ខ្លួន​រៀង​រាល់​ប្រាំមួយ​ខែ​ម្តង​ ជូន​បញ្ញតិករ​ទូរគមនា​គមន៍​កម្ពុជា​ពិនិត្យ​ ដោយ​ចាប់ផ្តើម​អនុវត្ត​ចាប់​ពី​ខែ​មករា​ ឆ្នាំ​២០១៤តទៅ ដើម្បី​ឲ្យ​ស្ថាប័ន​នេះមាន​គោលការណ៍​ជា​មូល​ដ្ឋាន​ ក្នុងការ​តាម​ដាន​ការ​ប្រកួត​ប្រជែង​ប្រកប​ដោយ​ភាព​ស្មោះ​ត្រង់​”។

ទោះ​ជា​យ៉ាង​ណា​ ប្រធាន​នាយក​ប្រតិបត្តិ​មួយ​រូប​​ដែល​និយាយ​ដោយ​សំុ​មិន​បញ្ចេញ​ឈ្មោះ​ថា សំណើ​នេះ​ទំនង​ជា​មិនត្រូវ​បាន​ឆ្លើយ​តប​ទេ​ ដោយ​សារ​តែ​ទិន្នន័យ​បែប​នេះ​គឺ​ជា​ទិន្នន័យ​រសើប​ផ្នែក​ពាណិជ្ជ​កម្ម​ ហើយ​ក្រុម​ហ៊ុន​ទូរគមនាគមន៍​ទាំង​ឡាយ​មិន​អាច​ទុក​ចិត្ត​រដ្ឋាភិបាល​ក្នុង​ការ​រក្សា​ការ​សម្ងាត់​ទេ​។

ទីស្តីការ​គណៈរដ្ឋមន្ត្រី​បាន​ដាក់​ចេញ​នៅ​ចំណាត់​ការនេះ​ បន្ទាប់​ពី​មាន​ការ​រិះ​គន់​យ៉ាង​ច្រើន​ពី​សំណាក់​អតិថិជន​ដែល​ប្រើ​ប្រាស់​សេវា​ទូរស័ព្ទ​ចល័ត​ និង​បាន​ប្រើ​ប្រាស់​បណ្តាញ​​ទំនាក់​ទំនង​សង្គម​ហ្វេសប៊ុក​ (Facebook) ដើម្បី​ផ្សព្វ​ផ្សាយ​សេចក្តី​តវ៉ា​អំពី​ថ្លៃហៅ​ទូរស័ព្ទ​ដែល​ត្រូវ​បាន​កំណត់​យ៉ាង​ខ្ពស់​។ កាលពី​សប្តាហ៍​មុន​ អ្នក​ប្រើ​ប្រាស់​បណ្តាញ​ទូរស័ព្ទ​ចល័ត​ជាង​១.០០០នាក់​បាន​ចុះ​ហត្ថលេខា​លើ​ញត្តិ​មួយ​ដើម្បី​ទាម​ទារ​ឲ្យ​បញ្ញតិករ​ទូរគមនាគមន៍​កម្ពុជា​លុប​ចោល​បទ​បញ្ជា​របស់​ខ្លួន​។

កាលពីខែ​ឧសភា នៅ​ពេល​ដែល​បញ្ញតិករ​​ទូរ​គម​​នាគមន៍​កម្ពុជា​ បាន​ចេញ​បញ្ជា​លើក​ដំបូង​ឲ្យ​ក្រុម​ហ៊ុន​ប្រតិបត្តិករ​កម្ពុជា​គោរព​តាមប្រកាស​លេខ​២៣២ អតិថិជន​ក៏​បាន​រិះ​គន់​ចំណាត់ការ​នេះ​ផង​ដែរ​ និង​បាន​ជំរុញ​ឲ្យ​លោក សូរ ឃុន អតីត​រដ្ឋមន្ត្រី​ក្រសួង​ប្រៃស​​​​ណីយ៍​​ និង​ទូរគមនាគមន៍លុប​ចោល​ប្រកាស​នេះ​វិញ​។

ពេលវេលា​សម្រាប់​បញ្ញតិករ​ទូរគម​នា​គមន៍កម្ពុជាចាប់​ផ្តើម​រៀបចំ​រចនា​សម្ព័ន្ធ​តម្លៃ​អប្បបរមា​ឡើង​វិញ​មិន​មាន​ភាព​ច្បាស់​លាស់​ទេ​ ក៏​ប៉ុន្តែ លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​បាន​លើក​ឡើង​ថា លោកចង់​ឲ្យ​ការ​ងារ​នេះ​ចាប់​ផ្តើម​ និង​បញ្ចប់នាពេល​ឆាប់​ៗនេះ។

កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន បញ្ញតិករ​ទូរគមនាគមន៍កម្ពុជា​ បាន​ឲ្យដឹង​ថា ក្រុម​ហ៊ុន​ប្រតិបត្តិករ​ទូរស័ព្ទ​អចល័ត​ និង​ចល័ត​បាន​យល់​ព្រម​បង្កើត​ស្ថាប័ន​ឯក​រាជ្យ​មួយ​ ដើម្បី​ពិភាក្សា​ និង​ដោះ​ស្រាយ​បញ្ហា​មួយ​ចំនួន​ ក្នុង​ចំណោម​បញ្ហា​នានា​​​ក្នុង​វិស័យ​ទូរគម​នា​គមន៍​។​ បញ្ញតិករ​ទូរគមនាគមន៍​កម្ពុជា​ ត្រូវ​បាន​មជ្ឈ​ដ្ឋាន​ទូទៅ​រំពឹង​ថា នឹង​បើក​កិច្ច​ប្រជុំ​របស់​ខ្លួន​ក្នុង​ថ្ងៃ​នេះ​ ដើម្បី​ពិភាក្សា​គ្នា​អំពីប្រកាសនេះ​៕ សុធា​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស