នគរបាលបាននិយាយកាលពីថ្ងៃអាទិត្យថា ចោរប្លន់ប្រដាប់អាវុធបីនាក់ត្រូវបានចាប់ខ្លួនកាលពីរសៀលថ្ងៃសៅរ៍បន្ទាប់ពីប្លន់ម៉ូតូមួយគ្រឿង ហើយបន្ទាប់មកបាញ់តដៃជាមួយនគរបាលនៅក្នុងខេត្តកំពង់ចាម។
លោក ឡេ តៃឈុន អធិការរងនគរបាលស្រុកបានមានប្រសាសន៍ថា ជនសង្ស័យឈ្មោះ ក្វុន ឡេហុង អាយុ២៨ឆ្នាំ ឃិន បិញ អាយុ៤២ឆ្នាំនិង បែន ដែន អាយុ៣២ឆ្នាំត្រូវបានចោទប្រកាន់ពីបទប្លន់ម៉ូតូរបស់ឈ្មោះ ឡេ ប៊ុណ្ណា អាយុ៥៣ឆ្នាំ នៅក្រៅផ្ទះរបស់លោកនៅក្នុងស្រុកអូររាំងឪនៅម៉ោងប្រហែល១ និង៣០នាទីរសៀល។
ដោយសារបុរសទាំងបីនាក់នេះប្រដាប់ដោយកាំភ្លើងពាក់កណ្ដាលស្វ័យប្រវត្តិម៉ាក K54 ពីរដើមនោះ លោក ប៊ុណ្ណា មិនបានព្យាយាមរារាំងពួកគេទេ ប៉ុន្តែក្រោយពីពួកគេយកម៉ូតូទៅបាត់ គាត់បានជិះរថយន្តដេញតាម ហើយទាក់ទងទៅនគរបាលសុំជំនួយ។
ការដេញតាមក្នុងល្បឿនលឿនបានបណ្ដាលឲ្យជនសង្ស័យបាញ់កាំភ្លើងតដៃជាមួយនគរបាលដែលកំពុងដេញតាមពួកគេ ដោយបាញ់ត្រូវលោក ប៊ុណ្ណា ចំជើង។
ទីបំផុតចោរប្លន់ទាំងបីនាក់នេះបានព្យាយាមគេចខ្លួន ដោយបើកម៉ូតូរេធ្លាក់ផ្លូវ ប៉ុន្តែបានយកម៉ូតូដែលប្លន់បាននោះទៅទម្លាក់ចូលនៅក្នុងស្រះទឹកមួយកន្លែងដែលពួកគេត្រូវបានចាប់ខ្លួន។
លោក តៃឈុន បានមានប្រសាសន៍ថា “បន្ទាប់ពីដេញតាម និងបាញ់តដៃជាមួយនគរបាលមក ជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួននៅម៉ោងប្រហែល២និង៣០នាទីរសៀល ហើយជនសង្ស័យពីរនាក់ទៀតចាប់ខ្លួនបាននៅម៉ោង៣រសៀលនៅក្នុងឃុំព្រះធាតុ”។
លោកបានមានប្រសាសន៍បន្ថែមថា ជនសង្ស័យទាំងបីនាក់នេះនឹងត្រូវបញ្ជូនទៅសាលាដំបូងខេត្តនៅថ្ងៃនេះ ដើម្បីប្រឈមនឹងការចោទប្រកាន់។ លោក ប៊ុណ្ណា កំពុងសម្រាកព្យាបាលមុខរបួសនៅមន្ទីរពេទ្យបង្អែកស្រុក៕ សារុន