មន្ត្រីសហជីពមួយរូបពាក់ព័ន្ធយ៉ាងសំខាន់នៅក្នុងកូដកម្មដែលបានចាប់ផ្តើម កាលពីថ្ងៃច័ន្ទសប្តាហ៍មុន ដោយមានការចូលរួមពីសំណាក់ កម្មករប្រហែល៣០.០០០នាក់ មកពីតំបន់សេដ្ឋកិច្ចពិសេសនៅក្នុងខេត្តស្វាយរៀង បានឲ្យដឹងកាលពីម្សិលមិញថា លោកគ្មានការគ្រប់គ្រងទៅលើកូដករ និងមិនដឹងថា តើពួកគេនឹងត្រឡប់ទៅធ្វើការវិញនៅពេលណាទេ ឬក៏មិនដឹងថា ពួកគេចូលធ្វើការវិញឬក៏អត់ទេ។
លោក ឆេង ឈាន់ អគ្គលេខាធិការសម្ព័ន្ធចលនាកម្មករ (Collective Union of Movement of Workers) បានឲ្យដឹងថា ៣៦រោងចក្រដែលពាក់ព័ន្ធក្នុងរឿងកូដកម្មនេះនៅតែបិទទ្វារ ហើយកម្មករនៅផ្ទះនៅឡើយ កាលពីថ្ងៃសុក្រ ហើយកាលពីចុងសបា្តហ៍មុន នៅតំបន់សេដ្ឋកិច្ចពិសេសម៉ាន់ហាតាន់ និងតំបន់សេដ្ឋកិច្ចពិសេសតៃសេងបាវិត នៅក្រុងបាវិត។
លោកបានមានប្រសាសន៍ថា “ ខ្ញុំមិនប្រាកដថា តើពួកគេនឹងមកធ្វើការវិញឬក៏អត់ទេ។ ខ្ញុំព្យាយាមពន្យល់កម្មករទាំងនោះ ទាក់ទងទៅនឹងរឿងប្រាក់ឈ្នួលអប្បបរមា ថា ឥឡូវនេះ មិនអាចមានដំណោះស្រាយទេ។ ខ្ញុំបានពន្យល់ពួកគេថា បើសិនជាពួកគេមិនត្រឡប់ទៅធ្វើការវិញទេ នឹងមិនមានលទ្ធផលល្អទេ ក៏ប៉ុន្តែ ពួកគេមិនស្តាប់ខ្ញុំទេ។ ភាគច្រើនគ្រាន់និយាយថា ពួកគេនឹងមិនត្រឡប់មកធ្វើការវិញទេ ប្រសិនបើការទាមទាររបស់ពួកគេមិនទទួលបានជោគជ័យទេនោះ”។
កូដករបានលើកឡើងថា ពួកគេនឹងបន្តការតវ៉ាតទៅទៀត រហូតទាល់តែប្រាក់ឈ្នួលអប្បបរមាប្រចាំខែត្រូវបានដំឡើងដល់១៥៤ដុល្លារ។ ក្រុមប្រឹក្សាពិគ្រោះយោបល់ការងារគ្រោងនឹងបើកិច្ចប្រជុំនៅថ្ងៃស្អែក ដើម្បីសម្រេចលើសំណើសុំដំឡើងប្រាក់ឈ្នួលអប្បបរមា។ កាលពីថ្ងៃសុក្រ ទីស្តីការគណៈរដ្ឋមន្ត្រីបានសម្រេចផ្តល់អនុសាសន៍ថា ប្រាក់ឈ្នួលអប្បបរមាគួរតែត្រូវបានដំឡើងតាមដំណាក់កាលប្រចាំឆ្នាំ ដល់១៦០ដុល្លារ ក្នុងឆ្នាំ២០១៨។
លោក ឈាន់ កាលពីថ្ងៃអង្គារសប្តាហ៍មុន បានចរចាជាមួយមន្ត្រីខេត្តស្វាយរៀង ដើម្បីស្វែងរកលទ្ធភាពបញ្ចប់កូដកម្មនេះ ក៏ប៉ុន្តែ មួយថ្ងៃក្រោយមក កម្មករបានបដិសេធកិច្ចព្រមព្រៀងបែបនេះ ហើយថែមទាំងគប់ដំុថ្មចូលទៅក្នុងរោងចក្រមួយចំនួនទៀតផង។
លោក ឈាន់ បានឲ្យដឹងបន្ថែមថា មេដឹកនាំកូដកម្ម១៣នាក់ក្នុងចំណោមមេដឹកនាំកូដកម្មទាំងអស់ត្រូវបាននគរបាលឃាត់ខ្លួនយកទៅអប់រំ ហើយកម្មករបានត្រឡប់ទៅលំដ្ឋានរបស់ខ្លួនវិញ ហើយរហូតមកទល់ពេលនេះ ពួកគេនៅតែមិនទាន់ត្រឡប់ទៅធ្វើការវិញនៅឡើយ។
កម្មករបានលើកឡើងថា កិច្ចព្រមព្រៀងចរចាអំពីការទាមទារការដំឡើងប្រាក់ឈ្នួលរបស់ពួកគេនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាពិគ្រោះយោបល់ការងារក្នុងសប្តាហ៍នេះមិនគ្រប់គ្រាន់ទេ ហើយពួកគេកំពុងតែទាមទារឲ្យមានការដំឡើងប្រាក់ឈ្នួលរបស់ពួកគេឲ្យបានឆាប់ៗដល់១៥៤ដុល្លារ។
លោក ប្រាក់ ច័ន្ទធឿន អគ្គនាយកនៃអគ្គនាយកដ្ឋានដោះស្រាយវិវាទការងារនៅក្រសួងការងារលើកឡើងកាលពីម្សិលមិញថា មានកិច្ចការតិចតួចដែលរដ្ឋាភិបាលអាចធ្វើបានក្នុងការរំងាប់ចិត្តរបស់កូដករ នៅពេលដែលអគ្គនាយកដ្ឋាននេះបានដាក់សំណើរបស់ខ្លួនជូនថ្នាក់លើរួចទៅហើយ ដើម្បីស្នើឲ្យមានការដំឡើងប្រាក់ឈ្នួលអប្បបរមាដល់១៦០ដុល្លារក្នុងរយៈពេលប្រាំឆ្នាំខាងមុខ។
កញ្ញា សេង យៀកមុី អាយុ២២ឆ្នាំ ជាកម្មការិនី ដែលនឹងកំពុងចូលរួមក្នុងកូដកម្មនេះ បានលើកឡើងម្តងហើយម្តងទៀតថា ចំណាត់ការនេះនឹងបន្តទៅមុខទៀតលុះត្រាតែប្រាក់ឈ្នួលអប្បបរមាត្រូវបានដំឡើងដល់១៥៤ដុល្លារ។
កញ្ញាបាននិយាយថា “ យើងនឹងត្រឡប់ទៅរោងចក្ររបស់យើងនៅថ្ងៃស្អែក ក៏ប៉ុន្តែ មិនមានន័យថា យើងនឹងយល់ព្រមចូលធ្វើការវិញទេ”។ កញ្ញា យៀកមីុ បានបន្ថែមទៀតថា សកម្មភាពតវ៉ាទាំងនេះក៏នឹងបន្តទៅមុខទៀត រហូតទាល់តែរោងចក្រទាំងនេះលែងអនុវត្តគោលការណ៍ពិន័យកម្មករដែលឈប់សម្រាកបានតែថ្ងៃអាទិត្យ ជាប្រាក់ចំនួន១៥ដុល្លារសម្រាប់អវត្តមានផ្សេងៗទៀត។
លោក មាស សុខណា អាយុ៣១ឆ្នាំ ជាកម្មករម្នាក់ទៀតដែលបានចូលរួមក្នុងកូដកម្មនេះ បានឯកភាពនឹងការលើកឡើងខាងលើនិងបានបន្ថែមថា កូដកម្ម នឹងកើតឡើងនៅកន្លែងផ្សេងទៀត ប្រសិនបើសំណើសុំដំឡើងប្រាក់ឈ្នួលតាមដំណាក់កាលរយៈពេលប្រាំឆ្នាំរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ត្រូវបានអនុម័តជាផ្លូវការនៅក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាពិគ្រោះយល់ការងារ។
លោកបាននិយាយថា “ យើងទាំងអស់គ្នាចង់ឲ្យមានការដំឡើងប្រាក់ឈ្នួលឥឡូវនេះ។ ពួកយើងមិនអាចរង់ចាំរហូតដល់ឆ្នាំក្រោយបានទេ ពីព្រោះថ្លៃទំនិញបានកើនឡើងរួចទៅហើយ”។
លោក លី ហុងសីុន (Ly Hong Shin ) ប្រធានតំបន់សេដ្ឋកិច្ចពិសេសតាយសេងបាវិត បានឯកភាពថា កូដកម្មនេះមិនដឹងជាចប់នៅពេលណាទេ តាំងពីកម្មករមិនពេញចិត្តកិច្ចចរចាផ្លូវការអំពីប្រាក់ឈ្នួល។
លោកបានមានប្រសាសន៍ថា “ តើខ្ញុំអាចធ្វើអ្វីបានសម្រាប់កម្មករទាំងនេះ? តើពួកគេត្រឡប់មកវិញដោយរបៀបណា នៅពេលការទាមទាររបស់ពួកគេនៅក្រៅច្បាប់”។
លោក កែន លូ អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងនៅកម្ពុជា បានលើកឡើងថា កម្មកររោងចក្រមួយចំនួនតូចដែលធ្វើកូដកម្មមិនគួរអាចបន្តទប់ស្កាត់អ្នកផ្សេងទៀតមិនឲ្យធ្វើការរយៈពេលវែងទេ។
លោក កែន លូ បានមានប្រសាសន៍ថា“ កូដកម្មនេះត្រូវបានធ្វើឡើងដោយខុសច្បាប់ និងមានកម្មករមួយចំនួនតូចជាអ្នកបំផុសបំផុល… ហើយឃាត់អ្នកផ្សេងទៀតមិនឲ្យធ្វើការ។ ចាំមើលថា តើពួកគេអាចបន្តទៀតឬក៏អត់”៕ សុធា