26 C
Phnom Penh

រដ្ឋាភិបាល​​​ផ្តល់​​​​​​​​​មេដាយ​​​ឲ្យ​​​មេធាវី​​​​​​​​​នៅ​​​ក្នុង​​​រឿង​​​ក្តី​​​ប្រាសាទ​​​ព្រះ​​​វិហារ​​​នៅ​​​តុលាការ​​​យុត្តិធម៌​​​អន្តរ​​​ជាតិ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពី​​​ថ្ងៃ​​​សៅរ៍​​​លោក ហោ ណាំហុង រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​ការ​​​បរទេស​​​បាន​​​ប្រគល់​​​មេដាយ​​​និង​​​​​​គ្រឿង​​​ឥស្សរិយយស​​​ថ្នាក់​​​មហា​​​សេរី​​​វឌ្ឍន៍​​​ទៅ​​​ឲ្យ​​​មេ​​​ធាវី​​​ម្នាក់​​​​​​ក្នុង​​​ចំណោម​​​មេធាវី​​​បរទេស​​​​​​បួន​​​នាក់​​​ ដែល​​​បាន​​​តំណាង​​​ឲ្យ​​​​​​កម្ពុជា​​​​​​នៅ​​​ក្នុង​​​រឿង​​​ក្ដី​​​​​​ជម្លោះ​​​​ទឹក​​​ដី​​​​​នៅ​​​ជិត​​​ប្រាសាទ​​​ព្រះវិហារ​​​​​​បាន​​​ជោគ​​​ជ័យ​​​នៅ​​​​​​តុលាការ​​​យុត្តិ​​​ធម៌​​​អន្តរជាតិ​​​។ 

តុលាការ​​​កំពូល​​​របស់​​​អង្គការ​​​សហប្រជា​​​ជាតិ​​​ ដែល​​​មាន​​​មូលដ្ឋាន​​​នៅ​​​ទីក្រុង​​​ឡាអេ​​​នេះ​​​ កាល​​​ពី​​​ថ្ងៃ​​​ទី​​​១១ ខែ​​​វិច្ឆិកា បាន​​​សម្រេច​​​ថា  ប្រទេស​​​​​​កម្ពុជា​​​ជា​​​ម្ចាស់​​​តំបន់​​​ទាំង​​​មូល​​​ ដែល​​​ស្ថិត​​​នៅ​​​ជិត​​​ប្រាសាទ​​​នា​​​សតវត្សរ៍​​​ទី​​​១១​​​នេះ​​​ ហើយ​​​បាន​​​​​​​​​បង្គាប់​​​ឲ្យ​​​ប្រទេស​​​​​​ថៃ​​​ ដែល​​​ធ្លាប់​​​មាន​​​ការ​​​ប៉ះ​​​ទង្គិច​​​គ្នា​​​ជាមួយ​​​ប្រទេស​​​កម្ពុជា​​​ ដោយ​​​សារ​​​ដី​​​នេះ​​​ ដក​​​ទ័ព​​​របស់​​​ខ្លួន​​​ចេញ​​​ពី​​​តំបន់​​​នោះ​​។

នៅ​​​ឯ​​​ពិធី​​​នៅ​​​ក្រសួង​​​ការបរទេស​​​ ដែល​​​​​​ប្រារព្ធ​​​ធ្វើ​​​ឡើង​​​សម្រាប់​​​មេធាវី​​​ជនជាតិ​​​បារាំង​​​​​​ ហ្សង់ ម៉ាក សូរ៉ែល លោក​​​ ហោ ណាំ​​​ហុង​​​ បាន​​​​​​មាន​​​ប្រសាសន៍​​​ថា មេធាវី​​​បី​​​នាក់​​​ទៀត​​​​​​និង​​​​​​ចៅ​​​ក្រម​​​​​​ម្នាក់​​​ដែល​​​​​​កម្ពុជា​​​បាន​​​តែង​​​តាំង​​​​​​(ប្រទេស​​​ថៃ​​​ក៏​​​ត្រូវ​​​បាន​​​អនុញ្ញាត​​​ឲ្យ​តែង​​​តាំង​​​ចៅក្រម​​​មួយ​​​រូប​​​​​​​ដែរ​​​)​​​នៅ​​​ក្នុង​​​ក្រុម​​​ចៅ​​​ក្រម​​​​​​ដែល​​​បាន​​​សម្រេច​​​រឿង​​​ក្ដី​​​នេះ​​​មិន​​​បាន​​​ចូល​​​រួម​​​ទេ​​​ ហើយ​​​នឹង​​​ត្រូវ​​​​​​​​​ផ្ដល់​​​កិត្តិយស​​​នៅ​​​ពេល​​​ក្រោយ​​​វិញ។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ ខ្ញុ​​​ំ​​​គិត​​​ថា រដ្ឋាភិបាល​​​ពេញ​​​ចិត្ត​​​​​​ចំពោះ​​ការងារ​​​​​​របស់​​​ពួក​​​គាត់​​​ និង​​​ការ​​​ប្រឹង​​​ប្រែង​​​របស់​​​មេធាវី​​​ទាំង​​​បួន​​​រូប​​​និង​​​​​​ចៅក្រម​​​​​​រូប​​​នេះ​​​នៅ​​​ក្រុង​​​ឡាអេ ដែល​​​នាំ​​​ឲ្យ​​​ទទួល​​​បាន​​​លទ្ធផល​​​ល្អ”​។

តុលាការ​​​យុត្តិធម៌​​​អន្តរជាតិ​​​បាន​​​ប្រគល់​​​​​​តំបន់​​​នៅ​​​ជិត​​​ប្រាសាទ​​​នោះ​​​មក​​​ឲ្យ​​​ប្រទេស​​​​​​កម្ពុជា​​​ បន្ទាប់ពី​​​រដ្ឋាភិបាលកាលពី​​​ឆ្នាំ​​​២០១១​​​​​​​​​បាន​​​ស្នើសុំ​​​ឲ្យ​​​តុលា​​​ការ​​​នេះ​​​បក​​​ស្រាយ​​​សាល​​​ដីកា​​​ឆ្នាំ​​​១៩៦២​​​ របស់​​​តុលាការ​​​នេះ​​​ ដែល​​​បាន​​​ប្រគល់​​​ប្រាសាទ​​​នោះ​​​​​​មកឲ្យ​​​កម្ពុជា​​​​​​ ប៉ុន្តែ​​​មិន​​​បាន​​​សម្រេច​​​​​​លើ​​​ម្ចាស់​​​កម្មសិទ្ធិ​​​ដី​​​នៅ​​​ជាប់​​​ប្រាសាទ​​​នេះ​​​ទេ​​​។

ការ​​​សម្រេច​​​​​​កាល​​​ពី​​​ខែ​​​មុន ​​​​​​នេះ​​​បាន​​​​​​ប្រគល់​​​តំបន់​​​នៅ​​​ជិត​​​ប្រាសាទ​​​នេះ​​​មក​​​​​​ឲ្យ​​​កម្ពុជា​​​ ប៉ុន្តែ​​​​​​បាន​​​ច្រាន​​​ចោល​​​ការ​​​លើក​​​ឡើង​​​​​​របស់​​​កម្ពុជា​​​ ដែល​​​​​​ថា សាល​​​ដីកា​​​ឆ្នាំ​​​១៩៦២ ក៏​​​បាន​​​​​​ប្រគល់​​​ឲ្យ​​​កម្ពុជា​​​នូវ​​​ភ្នំ​​​ទ្រព្យ​​​នៅ​​​ក្បែរ​​​នោះ​​​ និង​​​បាន​​​ដោះ​​​ស្រាយ​​​​​​ព្រំ​​​ដែន​​​ជា​​​មួយ​​​ប្រទេស​​​ថៃ​​​ ដោយ​​​ប្រើ​​​ផែន​​​ទី​​​សម័យ​​​អាណា​​​និគម​​​បារាំង​​​​​ដែរ​​​នោះ​​​​​​។

ថ្វី​​​បើ​​​តុលាការ​​​នេះ​​​​​​បង្គាប់​​​ឲ្យ​​​ប្រទេស​​​ថៃ​​​​​​ដក​​​ទ័ព​​​ចេញ​​​ពី​​​តំបន់​​​នោះ​​​ក៏​​​ដោយ​​​​​​ ក៏​​​ប្រទេស​​​ថៃ​​​មិន​​​ទាន់​​​បាន​​​គោរព​​​តាម​​​ដែរ​​​។

នៅ​​​ឯពិធី​​​ប្រគល់​​​មេដាយ​​​កាល​​​ពី​​​ថ្ងៃ​​​សៅរ៍​​​​​​នេះ​​​ លោក​​​ ហោ ណាំហុង​​​ បាន​​​មាន​​​ប្រសាសន៍​​​​​​ថា កម្ពុជា​​​នឹង​​​មិន​​​បង្ខំ​​​ឲ្យ​​​ថៃ​​​​​​លើ​​​រឿង​​​នេះ​​ទេ​​​ ដោយ​​​សារ​​​បញ្ហា​​​នយោបាយ​​​ ដែល​​​កំពុង​​​កើត​​​មាន​​​នា​​​ពេល​​​បច្ចុប្បន្ន​​​នៅ​​​ក្នុង​​​ប្រទេស​​​ជិត​​​ខាង​​​របស់​​​ខ្លួន​​​េនះ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ យើង​​​មិន​​​ត្រូ​​​វ​​​ធ្វើ​​​អ្វី​​​ទេ​​​ ប៉ុន្តែ​​​ប្រទេស​​​ថៃ​​​ត្រូវ​​​ដក​​​ទ័ព​​​របស់​​​​​ខ្លួន​​​ចេញ​​​ពី​​​តំបន់​​​នៅ​​​ជិត​​​ប្រាសាទ​​​ព្រះ​​​វិហារ​​​​​​ ពីព្រោះ​​​តុលាការ​​​នេះបាន​​​បញ្ជាក់​​​ច្បាស់​​​រួច​​​ហើយ​​​។ ប៉ុន្តែ​​​​​​ដូច​​​យើង​​​មើល​​​ឃើញ​​​ពី​​​ស្ថាន​ភាព​​​បច្ចុប្បន្ន​​​នៅ​​​ក្នុង​​​ប្រទេស​​​ថៃ​​​ហើយ​​​ យើង​​​អាច​​​រង​​​់ចាំ​​​បន្ដិច​​​សិន​​​រហូត​​​ដល់​​​ស្ថាន​​​ភាព​​​នៅ​​​ប្រទេស​​​ថៃ​​​ត្រឡប់​​​ទៅ​​​រក​​​ភាព​​​ធម្មតា​​​វិញ​​​ ហើយ​​​​​​យើង​​​អាច​​​ចរចា​​​ជាមួយ​​​ប្រទេស​​​​​​ថៃ​​​អំពី​​​ការ​​​ដក​​​ទ័ព​​​របស់​​​ថៃ”​៕ គឹមហឿន

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស