ជនជាតិបារាំងចំនួនពីរនាក់ត្រូវគេវាយប្រហារនិងប្លន់កាលពីចុងសប្តាហ៍មុន នៅក្នុងហេតុការណ៍ដាច់ដោយឡែកពីគ្នាក្បែរសារមន្ទីរជាតិនៅកាច់ជ្រុងផ្លូវលេខ១៣ និងផ្លូវលេខ១៧៨ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ នេះបើយោងតាមការឲ្យដឹងពីនគរបាល និងមិត្តភក្តិរបស់ជនរងគ្រោះកាលពីម្សិលមិញ។
យោងតាមលោក សួស សុខុម នាយរងប៉ុស្តិ៍ សង្កាត់ជ័យជំនះ បានឲ្យដឹងថា ហេតុការណ៍ប្លន់ថ្មីបំផុតនេះបានកើតឡើងកាលពីព្រឹកព្រលឹមម្សិលមិញ តាមបណ្តោយផ្លូវលេខ១៧៨ ហើយមានបុរសម្នាក់ត្រូវចូលព្យាបាលក្នុងមន្ទីរពេទ្យ ប៉ុន្តែ ទំហំនៃការរងរបួសរបស់គាត់គឺនៅមិនទាន់ដឹងនៅឡើយទេ។
លោកបានឲ្យដឹងបន្តថា បុរសម្នាក់នេះដែលឈ្មោះនិងអាយុរបស់គាត់មិនត្រូវគេប្រាប់ឲ្យដឹងនោះ បានចូលទិញទំនិញក្នុងហាងមីនីម៉ាតមួយកន្លែងតាមបណ្តោយផ្លូវលេខ១៧៨នៅវេលាម៉ោងប្រហែល១រំលងអធ្រាត្រ ហើយបន្ទាប់មកបានដើរត្រឡប់ទៅផ្ទះសំណាក់វិញតែម្នាក់ឯង នៅពេលនោះមានបុរសពីរនាក់ជិះម៉ូតូមួយគ្រឿងមកពីក្រោយគាត់។
លោក សុខុម បានបដិសេធមិនផ្តល់ព័ត៌មានលម្អិតពីអ្វីបានកើតឡើងបន្ថែមទៀតឡើយ ប៉ុន្តែ បើយោងតាមសាក្សី និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងកាលពីម្សិលមិញថា ជនសង្ស័យចំនួនពីរនាក់បានយកដបវាយបំបែកនៅលើផ្លូវដើម្បីប្រើជាអាវុធចាក់បុរសរូបនេះ ហើយប្លន់គាត់តែម្តង។
ប្រជាពលរដ្ឋនិងម្ចាស់ហាងមួយចំនួនបាននិយាយថា ពួកគាត់បានឮសំឡេងស្រែកឲ្យជួយយ៉ាងខ្លាំងនៅម៉ោងប្រហែល១រំលងអធ្រាត្រតាមបណ្តោយផ្លូវលេខ១៧៨កាលពីម្សិលមិញ។
លោក កែវ មករា អាយុ៤៣ឆ្នាំ ដែលរស់នៅត្រង់ចំណុចកាច់ជ្រុងនៃផ្លូវលេខ១៣ និង១៧៨បានមានប្រសាសន៍ថា “ កាលពីយប់មិញ ខ្ញុំបានឮជនបរទេសស្រែកនៅម៉ោងប្រហែល១រំលងអធ្រាត្រ បន្ទាប់មកមានមនុស្សជាច្រើនបានចេញមកមើល។ ខ្ញុំបានឮមនុស្សម្នាក់ស្រែកថា ‘ ជួយផង ជួយផង!’ ។
លោកបានបន្តថា “ គាត់ត្រូវបានគេនាំទៅកាន់មន្ទីរពេទ្យកាល់ម៉ែត។ យើងកំពុងតែតាមដានករណីនេះ”។
រីឯនៅក្នុងហេតុការណ៍ស្រដៀងគ្នានេះមួយទៀតនៅក្នុងតំបន់ដដែលនោះ មានស្ត្រីម្នាក់ឈ្មោះ រ៉ាហ្វាអែល បួរជីអូអីស (Raphaele Bourgeois) អាយុ៤២ឆ្នាំ ត្រូវបុរសពីរនាក់ជិះម៉ូតូមួយគ្រឿងឆក់កាបូបរបស់គាត់ កាលពីល្ងាចថ្ងៃសុក្រ នៅចន្លោះម៉ោង៨និង៩យប់ នេះបើយោងតាមលោក យូ ខេមរៈ ដែលជាអ្នកនាំភ្ញៀវរបស់អ្នកស្រី បួរជីអូអីស។
លោក យូ ខេមរៈ បានលើកឡើងថា“ គាត់បានដួល ហើយត្រូវរបួសដៃនិងខ្លួន ខណៈចោរប្លន់ពីរនាក់បានឆក់កាបូបរបស់គាត់ ដែលមានទូរស័ព្ទដៃម៉ាកអាយហ្វូនចំនួនពីរគ្រឿង និងសម្ភារផ្សេងៗទៀត បើគិតជាទឹកប្រាក់មានតម្លៃសរុបប្រហែលជា២.៥០០ដុល្លារ”។
បន្ទាប់ពីមានហេតុការណ៍ប្លន់ដាច់ដោយឡែកពីគ្នាចំនួនពីរករណីនេះរួចមក មន្ត្រីផ្នែកទេសចរណ៍មួយរូបបានលើកឡើងកាលពីម្សិលមិញថា គាត់ចង់ឲ្យមាននគរបាលល្បាតបន្ថែមនៅតំបន់នោះ ដើម្បីធានាសុវត្ថិភាពដល់ភ្ញៀវទេសចរ។
លោក សំ ចាន់រ៉េន អនុប្រធានមន្ទីរទេសចរណ៍រាជធានីភ្នំពេញ បានមានប្រសាសន៍ថា “ យើងព្រួយបារម្ភ។ យើងស្នើឲ្យនគរបាលចាប់អារម្មណ៍ក្នុងការការពារសន្តិសុខដល់ប្រជាពលរដ្ឋ”៕ ស៊ុយឈាង