29.3 C
Phnom Penh

លទ្ធផល​សិក្សា​បង្ហាញ​ថា តម្លៃ​អចលន​ទ្រព្យ​ក្នុង​ទីតាំង​សំខាន់​ៗនៅ​​​រាជធានី​ភ្នំពេញ​កើន​ឡើង​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លទ្ធផល​បឋម​នៃការ​សិក្សា​ថ្មី​មួយ​បង្ហាញ​ថា តម្លៃ​ដី​ក្នុង​រាជ​ធានី​ភ្នំពេញ​មាន​កំណើន​ថេរ​ តាំង​ពី​ឆ្នាំ​២០០៨ ដែល​ទីផ្សារ​អចលន​ទ្រព្យ​នៅ​ប្រទេស​កម្ពុជា​ បាន​ស្ទុះ​ឡើង​ខ្លាំង និង​ធ្លាក់​ចុះ​ខ្លាំង​វិញ​ក្នុងឆ្នាំ​២០០៩។

លទ្ធផល​បឋម​នៃការ​សិក្សា​របស់​ក្រុម​ហ៊ុន​ វីត្រាស់ ប្រ៉ូភ័រធី ខូអិល​ធីឌី (VTRUST Property Co., Ltd.) បង្ហាញ​​ពី​តម្លៃ​ដី​អំឡុង​ត្រី​មាស​ទី​៤នៃ​ឆ្នាំ​នេះ នៅ​ក្នុង​សង្កាត់​បឹង​កេង​កង​ទាំង​៣នៅ​ខណ្ឌ​ចំការមន​ រាជធានី​ភ្នំពេញ។
យោង​តាម​លទ្ធផល​នៃការ​សិក្សា​នេះ​បាន​បង្ហាញ​ថា តម្លៃ​ស្នើ​មាន​ចន្លោះ​ពី​១.០០០​ដុល្លារ​ក្នុងមួយ​ម៉ែត្រ​ក្រឡា​ ដល់​៥.៨០០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ក្រឡា នៅក្នុងតំបន់​មានភាព​ពេញ​និយម​​​ខ្លាំង​បំផុត​នេះ។

នៅ​​​សង្កាត់​បឹង​កេងកង​១ ​ដី​សម្រាប់​លក់​មា​ន​តម្លៃ​មធ្យម​៣.៣០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ក្រឡា និង​មាន​តម្លៃ​ទាប​បំផុត​១.៣០០ដុល្លារ​ក្នុងមួយ​ម៉ែត្រ​ក្រឡា​ ចំណែក​ឯ​តម្លៃ​ខ្ពស់​បំផុត​មាន​៥.៨០០ដុល្លារ​ក្នុង​​មួយ​ម៉ែត្រ​ក្រឡា​។

នៅសង្កាត់​បឹងកេងកង​២ ដី​សម្រាប់លក់​មានតម្លៃ​ជាមធ្យម​២.១០០ដុល្លារ​ក្នុងមួយ​ម៉ែត្រ​ក្រឡា ហើយ​តម្លៃទាប​បំផុត​មាន​១.០០០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រក្រឡា និង​តម្លៃ​ខ្ពស់​បំផុត​មាន​៣.៨០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ក្រឡា។ នៅ​សង្កាត់​បឹងកេង​កង​៣ ដីសម្រាប់​លក់​ មាន​​តម្លៃ​ជា​មធ្យម ២.០០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ក្រឡា ហើយ​តម្លៃ​ទាប​បំផុត​មាន​១.១០០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ក្រឡា និង​តម្លៃ​ខ្ពស់​បំផុត​​មាន​២.៦០០ដុល្លារ​ក្នុងមួយ​ម៉ែត្រ​ក្រឡា​។

កត្តា​មួយ​ចំនួន​ក្នុង​ចំណោម​កត្តា​ដែល​ប៉ះ​ពាល់​ក្នុង​តម្លៃ​ដី​ទាំង​នេះ​រួម​មាន​ ទំហំ​ដី​សម្រាប់​លក់​ ប្រភេទ​អគារ​ និង​ទីតាំង​។ ឧទាហរណ៍​នៅ​សង្កាត់​បឹង​កេងកង​១​ ​​ដី​នៅ​ផ្លូវ​ធំ​ និង​ផ្លូវ​ចំហៀង​មាន​តម្លៃ​ខុស​គ្នា​៥០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ក្រឡា​។

ស្រប​ពេល​ដែល​តម្លៃ​បង្ហាញ​សញ្ញា​កើន​ឡើង​ តាំងពី​ទីផ្សារ​អចលន​ទ្រព្យ​នៅ​កម្ពុជា​ជួប​បញ្ហា​កាលពី​ប្រាំ​ឆ្នាំ​មុន​ នៅ​ពេល​តម្លៃ​​កើនឡើង​ជាង​១.០០០ភាគរយ​ ក្នុង​ចន្លោះ​ពី​ឆ្នាំ​២០០៥ និង​ឆ្នាំ​២០០៩ មុន​ពេល​ធ្លាក់​ចុះ​ដល់​កម្រិត​ទាប​បំផុត​នោះ នាយក​គ្រប់គ្រង​ក្រុម​ហ៊ុន​ប្រកប​អាជីវកម្ម​​ក្នុង​វិស័យ​នេះ​បាន​លើក​ឡើង​កាលពីម្សិលមិញថា ​មិន​ទាន់​មាន​ក្តីកង្វល់​ភ្លាមៗ​ទាក់ទង​ទៅនឹង​ចលនា​បំប៉ោង​ទី​ផ្សារ​ថ្មីនៅឡើយទេ។

នៅពេល​ដែល​ទីផ្សារ​បាន​ស្ទុះឡើង​ខ្លាំង ក្នុងឆ្នាំ២០០៨អចលនទ្រព្យនៅទីតាំងមួយ​ចំនួន​ក្នុងចំណោម​ទីតាំង​ពេញ​និយម​បំផុត​ក្នុង​​ខណ្ឌ​ដូន​ពេញ​ រាជធានីភ្នំពេញ បាន​កើន​ឡើ​ង ​ដល់​៥.០០០ដុល្លារ​ក្នុងមួយម៉ែត្រ​ក្រឡា​ ពី​ត្រឹម​តែ​៥៥០ដុល្លារ​ក្នុង​មួយម៉ែត្រ​ក្រឡា​ក្នុង​ឆ្នាំ​២០០៥។ លោក ច្រឹក សុខនីម នាយករង​ VTRUST បាន​មានប្រសាសន៍ថា “តម្លៃ​នឹង​មិន​​ធ្លាក់ចុះទេ​”។

លោក​បានមានប្រសាសន៍​បន្ថែម​ទៀត​ថា “វានឹងកើនឡើង​ពីមួយឆ្នាំ​ទៅ​មួយ​ឆ្នាំ។ ក៏ប៉ុន្តែ តម្លៃទាំងនេះ​មិន​​កើន​ឡើង​ដូច​កាល​ពីឆ្នាំ​២០០៨​ទេ​។ បច្ចុប្បន្ន តម្លៃនឹង​កើន​ឡើង​ ១០ភាគរយ​ទៅ​១៥​ភាគ​រយ​”។

លោក ហ្គ្រេន ណាក់ឃី (Grant Knuckey) ប្រធាន​នាយកប្រតិបត្តិ​ធនាគារ​ អេអិនហ្សិត​ រ៉ូយ៉ាល់ (ANZ Royal) បាន​លើក​ឡើង​ថា ធនាគារ​នេះ​ទទួល​បានកំណើន​ខ្ពស់​ក្នុង​ផ្នែក​​បញ្ចាំ​លំនៅ​ដ្ឋាន​ ក៏​ប៉ុន្តែ ចលនា​បំប៉ោង​ទី​ផ្សារ​អចលន​ទ្រព្យ​នា​ពេល​បច្ចុប្បន្ន​នេះមិន​ទំនង​ជា​កើត​មាន​ទេ​។

លោក​បាន​មាន​ប្រសាសន៍​ថា “ ខ្ញុំ​មិន​ឃើញ​មាន​ភ័ស្តុតាង​ណា​ដែល​បញ្ជាក់​ថា មាន​ចលនា​បំប៉ោង​ទីផ្សារ​លំនៅ​ដ្ឋាន​នា​ពេល​នេះ​ទេ។ ចលនា​បំប៉ោង​ទីផ្សារ​កើត​ឡើង​ដោយ​សារ​ការ​លើក​តម្លៃ​ខ្ពស់​ជ្រុល​ ហើយ​ក្នុង​ដំណាក់​កាល​នេះ​អតិថិជន​ត្រូវ​ការ​ប្រាក់​ពី​៦០ទៅ​៧០ភាគ​រយ​នៃ​តម្លៃ​អចលន​ទ្រព្យ​ប៉ុណ្ណោះ​”។

លោក​បាន​មាន​ប្រសាសន៍​បន្ថែម​​ទៀត​ថា “ ខ្ញុំ​ក៏​មិន​ឃើញ​ភ័ស្តុតាង​ជាក់​ស្តែង​ដែល​បញ្ជាក់​ពី​ចលនា​ទិញ​អចលន​ទ្រព្យ​ក្នុង​បំណង​ឆក់​ឱកាស​ទេ ផ្ទុយ​ទៅវិញ​ នៅ​ពេល​បច្ចុប្បន្ន​នេះ​ តម្រូវ​ការ​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់​”។         លោក ហ្គ្រេន ណាក់ឃី​ ​មាន​ប្រសាសន៍បន្ត​ទៀត​ថា “ ដូច្នេះ ឥឡូវ​នេះ​​ខ្ញុំ​មាន​អារម្មណ៍​ធូរស្រាល​គ្រាន់​បើ​”៕ សុធា

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស