27 C
Phnom Penh

អ្នក​ជួញ​ដូរ​គ្រឿង​ញៀន​ប្លន់​យក​លុយ​ជាង​១៥.០០០​ដុល្លារពី​នគរបាល​​​ដែល​​បន្លំ​ខ្លួន​ចាប់​​គ្រឿង​ញៀន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​មន្ត្រី​បាននិយាយ​កាលពីម្សិលមិញ​ថា អ្នក​ជួញដូរ​គ្រឿង​ញៀន​មួយ​ក្រុម​បានប្លន់​យក​លុយ​ចំនួន​៥០០.០០០​បាត ឬ​ប្រហែល​១៥​.៣០០​ដុល្លារ ពី​មន្ត្រី​នគរ​បាល​ប្រឆាំង​គ្រឿង​ញៀន ​​ពេល​​ពួក​គេ​ធ្វើ​ប្រតិបត្តិការ​បន្លំ​ខ្លួន​​ចាប់​គ្រឿង​ញៀន​បរាជ័យ​នៅ​ក្នុង​ស្រុក​សំពៅលូន ខេត្ត​បាត់​ដំបង កាលពីថ្ងៃ​សុក្រ។

លោក ជេត​ វណ្ណី ស្នង​ការ​រង​នគរ​បាល​ខេត្ត​​​បាន​មាន​ប្រសាសន៍​ថា ប្រតិបត្តិ​កាល​ពី​​ថ្ងៃ​សុក្រនេះ  គឺ​ជា​ផ្នែក​មួយ​នៃការ​បន្ត​បង្ក្រាប​លើការ​ជួញ​ដូរ​គ្រឿង​ញៀន​នៅ​​ក្នុង​ស្រុក​នេះ​​ដែល​មាន​​ព្រំប្រទល់​ជាប់​ប្រទេស​ថៃ។

លោក​បាន​​មាន​ប្រសាសន៍​ថា “​ នគរ​បាល​បាន​យក​លុយ​នោះទៅ​ជួប​អ្នក​ជួញ​ដូរ​គ្រឿង​ញៀន​នៅ​កន្លែង​មួយ​ បន្ទាប់​មក​អ្នក​ជួញ​ដូរ​គ្រឿង​ញៀន​​បាន​ប្លន់​​ពួកគេ​តែម្ដង​។ យើង​ដឹង​ថា ក្រុម​ចោរ​ប្លន់​ទាំង​នោះ​ប្រដាប់​ដោយ​​អាវុធ​​​” ។ ​​ប៉ុន្តែ​លោក​មិន​ដឹ​ង​ថា ពួកគេ​ប្រើ​កាំភ្លើង​ប្រភេទ​​​ណាទេ​។

លោក​​ វណ្ណី បាន​មាន​ប្រសាសន៍​ថា ក្រុម​ចោរ​ប្លន់​ប្រដាប់​អាវុធ​ទាំង​នោះ​បាន​ប្លន់​យក​លុយ​​នោះ​លឿន បន្ទាប់មក​បាន​រត់​​គេច​ខ្លួន​ជាមួយ​គ្រឿង​ញៀន​ទៅបាត់​។

មន្ត្រី​ប្រឆាំង​គ្រឿង​ញៀន​ទាំង​ពីរ​​​នាក់​មិន​អាច​ចាប់​អ្នក​ជួញដូរ​គ្រឿង​ញៀន​ទាំង​​​នោះ​បានទេ ពីព្រោះពួកគេ​អត់​មាន​កំា​ភ្លើង​។

លោក​ឧត្តម​សេនីយ៍​ឯក​ មាស វីរិទ្ធ អគ្គ​លេខាធិការ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំ​ង​គ្រឿង​​​​ញៀន​នៃ​ក្រសួង​មហាផ្ទៃ​ បានមាន​ប្រសាសន៍​ថា លោក​​ត្រូវ​បាន​ជូន​ដំណឹង​អំពី​ប្រតិបត្តិការ​ធ្វេស​ប្រហែស​របស់​មន្ត្រី​នគរ​បាល​គ្រឿង​ញៀន​ទាំងពីរ​នាក់នេះ​។

លោក​បាន​មាន​ប្រសាសន៍​ថា គេ​​បាន​ទូរ​​ស័ព្ទ​​ប្រាប់​​ខ្ញុំ​​ថា​ អ្នក​ជួញដូរ​គ្រឿង​ញៀន​បាន​ប្លន់​យក​លុយពី​នគរបាល​ នៅពេល​ពួក​គេ​ព្យាយាម​​ទិញ​គ្រឿង​ញៀន​​ពីក្រុម​នោះ​”។

លោក​ឧត្តម​សេនីយ៍​ឯក​ វីរិទ្ធ បាន​មាន​ប្រសាសន៍​ថា មន្ត្រី​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ធ្លាប់​បាន​ធ្វើ​ប្រតិប​ត្តិ​ការ​ស្រដៀង​គ្នា​នេះ​នៅ​ក្នុង​តំបន់​នេះដែរ​ ដូច្នេះ​អ្នក​ជួញដូរ​គ្រឿង​ញៀន​ដែល​ជា​គោល​​​ដៅ​នោះ​ប្រហែល​ជា​ត្រូវ​បានគេ​រាយ​ការណ៍​​ប្រាប់​ថា ការ​ទិញ​គ្រឿង​ញៀន​នេះ​គឺ​ជា​ការ​ក្លែង​បន្លំ​។

លោក​បានមាន​ប្រសាសន៍​ថា “ យើង​ស្គាល់​​អត្តសញ្ញាណ​ជន​សង្ស័យ​ហើយ ហើយ​នគរ​បាល​កំពុង​ស្វែង​រក​ចាប​់​ខ្លួនពួក​គេ​។
លោក វណ្ណី បានមាន​ប្រសាសន៍​ថា ឥឡូវ​នេះ​នគរ​បាល​កំពុង​សា​ក​សួរលោក ជួង សុធី អាយុ​៥២​ឆ្នាំ​ជាមន្ត្រី​នគរ​បាល​ព្រំដែន​ដែល​បាន​ទូរស័ព្ទ​ហៅ​អ្នក​ជួញដូរ​គ្រឿង​ញៀន​មក​កំណត់​កន្លែង​ដោះដូរ​គ្រឿង​ញៀន​នេះ​។

លោក​ឧត្តម​សេនីយ៍​ឯក​ វីរិទ្ធ បានមាន​ប្រសាសន៍​ថា មន្ត្រី​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ដែល​ចូល​រួម​នៅ​ក្នុង​ប្រតិបត្តិការ​បន្លំ​ខ្លួន​ទិញ​គ្រឿង​ញៀន​នេះ​បាន​ប្រើ​មូលនិធិ​មកពីក្រសួង​មហាផ្ទៃ​នៅ​ក្នុង​ការ​ប៉ុន​ប៉ង​ទិញ​មេតំ​ហ្វេតាមីន ហើយ​នេះគឺ​ជា​លើ​ទី​១​ហើយ​​​ដែល​មន្ត្រី​ប្រឆាំង​គ្រឿង​ញៀន​ត្រូវ​បាន​ប្លន់​ពេល​ធ្វើ​​ប្រតិ​បត្តិ​ការ​បន្លំខ្លួន​៕ គឹមហឿន​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស