កាលពីម្សិលមិញ ឈ្មួញស្រូវម្នាក់បានធ្វើពាក្យបណ្ដឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ ខុទ្ទកាល័យរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងក្រសួងបី ដើម្បីចោទមន្ត្រីខេត្តកំពង់ចាមថា បានពិន័យអ្នកស្រីខុសចំពោះរថយន្តដឹកលើសទម្ងន់ បន្ទាប់ពីបានប្រើប្រាស់ជញ្ជីងថ្លឹងទម្ងន់មិនត្រឹមត្រូវ។
មន្ត្រីសាធារណការស្រុកត្បូងឃ្មុំ បានចាប់ទុករថយន្តរបស់អ្នកស្រី សាំង ដាលីន កាលពីថ្ងៃទី២ ខែធ្នូ នៅពេលដែលអ្នកស្រីដឹកស្រូវទម្ងន់២៣តោនពីខេត្តសៀមរាប ទៅព្រំដែនវៀតណាម។ មន្ត្រីស្រុកនេះមិនព្រមប្រគល់រថយន្តនោះវិញទេ លុះត្រាតែអ្នកស្រីបង់ប្រាក់ពិន័យចំនួន៦,១៣លានរៀលសិន។
អ្នកស្រីបាននិយាយថា “ ខ្ញុំបានទិញស្រូវទម្ងន់២៣តោន ហើយរថយន្តទទេរបស់ខ្ញុំមានទម្ងន់តែ១៦តោនប៉ុណ្ណោះ ដូច្នេះទម្ងន់រថយន្តសរុបគឺប្រហែល៣៨ ឬ៣៩តោន។ ប៉ុន្តែពួកគេបានថ្លឹងរថយន្តខ្ញុំឃើញមានទម្ងន់៤៥តោន។ ពួកគេកេងប្រវ័ញ្ចខ្ញុំដោយការប្រើប្រាស់ជញ្ជីងថ្លឹងរថយន្តរបស់ខ្ញុំឃើញមានទម្ងន់៤៥តោន”។
អ្នកស្រី ដាលីន ក៏បានធ្វើពាក្យប្ដឹងទៅសាលាដំបូងរាជធានីផងដែរដើម្បីទាមទារយករថយន្តរបស់អ្នកស្រីមកវិញ ដែលសព្វថ្ងៃនេះត្រូវបានឃាត់ទុកនៅអធិការដ្ឋាននគរបាលស្រុក និងទាមទារសំណងសម្រាប់ស្រូវរបស់អ្នកស្រី ព្រោះវាបានខូចដោយសារទឹកភ្លៀង។
លោក នួន គឹមហេង អនុប្រធានមន្ទីរសាធារណការខេត្តបានបដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់ពីអ្នកស្រី ដាលីន និងមានប្រសាសន៍ថា មន្ត្រីរបស់លោកបានថ្លឹងរថយន្តរបស់អ្នកស្រីជាច្រើនដងដោយប្រើជញ្ជីងគុណភាពខ្ពស់ផលិតនៅប្រទេសកូរ៉េ។ លោកបានមានប្រសាសន៍ថា “ ជាក់ស្ដែងរថយន្តទទេមានទម្ងន់ជាង១៧តោន”។
លោក ឆាយ សាវុធ អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយបានមានប្រសាសន៍ថា អង្គភាពប្រឆាំងអំពើពុករលួយនឹងពិនិត្យមើលពាក្យបណ្ដឹងនោះ។
លោកបានមានប្រសាសន៍ថា “ ប្រសិនបើម្ចាស់រថយន្តត្រូវបានស្នើសុំឲ្យបង់ប្រាក់ពិន័យតាមច្បាប់ វាមិនជាបញ្ហាទេ។ ប៉ុន្តែវាគឺជាអំពើពុករលួយ ប្រសិនបើមានការទាមទារឲ្យមានការបង់ប្រាក់ពិន័យផ្ទុយពីច្បាប់”។
នគរបាលស្រុកបាននិយាយថា ពួកគេនឹងមិនឲ្យរថយន្តរបស់អ្នកស្រី ដាលីន ចេញទេលុះត្រាតែតុលាការខេត្តដោះស្រាយរឿងនេះរួចហើយសិន។
លោក ឡុង សារិន អធិការរងនគរបាលស្រុកមានប្រសាសន៍ថា “ បញ្ហានេះពិបាក ណាស់ ដូច្នេះមានតែតុលាការទេទើបអាចដោះស្រាយរឿងនេះបាន៕គឹមហឿន