28 C
Phnom Penh

លោក ហ៊ុន សែន និង​មន្ត្រី​ជាន់​ខ្ពស់​ នឹង​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវ​​ការ​នៅ​ប្រទេស​​វៀត​ណាម​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​សេចក្ដី​​ជូន​​ព័ត៌មាន​​ក្រសួង​ការ​បរទេស​ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន នឹង​ដឹក​នាំ​គណៈប្រតិភូ​មន្ត្រី​​ជាន់​ខ្ពស់​ទៅ​​បំពេញ​ទស្សនកិច្ច​ផ្លូវ​ការ​​នៅ​​​វៀត​ណាម​នៅ​សប្ដាហ៍​នេះ ដើម្បី​ជួប​​ពិភាក្សា​ការ​ងារ​​ជា​មួយ​នាយក​រដ្ឋមន្ត្រី​វៀតណាម លោក ង្វៀន តាន់​យ៉ុង​ និង​​ចុះ​ហត្ថលេខា​លើកិច្ច​ព្រម​​ព្រៀង​ចំនួន​ប្រាំ​បី ដើម្បីពង្រឹង​កិច្ច​សហ​ប្រតិ​បត្តិការ​ទ្វេ​ភាគី​។ 

សេចក្ដី​ជូន​​ព័ត៌​មាននេះ​លើក​ឡើង​ថា ​គណៈ​ប្រតិភូ​ដែល​នឹង​អម​ដំណើរ​លោក ហ៊ុន សែន ​រួម​មាន ​​​​លោកស្រី​ ប៊ុន​ រ៉ានី ភរិយា​របស់​​លោក លោក ហោ ណាំហុង រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស លោក ស៊ុន ចាន់​ថុល រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម និង​លោក អូន ព័ន្ធ​មុនី​រ័ត្ន​ រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញ​វត្ថុ។

លោក​ ហ៊ុន សែន និង​លោក​ តាន់​យុ​៉ង នឹង​​​ធ្វើ​ជា​អធិបតី​នៅ​ក្នុង​ពិធី​ចុះ​ហត្ថ​លេខា​លើ​​ឯកសារ​​ចំនួន​ប្រាំបី​​ដើម្បី​ពង្រឹង​កិច្ច​សហ​ប្រតិ​ប​ត្តិការ​ទ្វេ​ភាគីដូចជា​កិច្ច​សម្រួល​​ពាណិជ្ជកម្ម​ទ្វេភាគី​ កិច្ច​ព្រម​ព្រៀង​ស្តី​ការ​ផ្លាស់​ប្តូរ​ទំនិញ​ ​សន្ធិសញ្ញា​ស្តី​​ពី​បត្យាប័ន​ និង​​កិច្ច​ព្រម​ព្រៀង​ឥណទាន​​សម្បទាន​​ រួម​ជាមួយ​ផែន​ការ​នានា​ដើម្បី​ធានា​ឲ្យ​មាន​កិច្ច​សហ​ប្រតិបត្តិការ​រវាង​ក្រសួង​​អប់រំ ក្រសួង​មហា​ផ្ទៃ និង​ក្រសួង​ព័ត៌​មាន​កម្ពុជា ជាមួយ​ក្រសួង​ដូច​គ្នា​​នេះ​របស់​​វៀត​ណាម​។

យោងតាម​សេចក្ដី​ជូន​ព័ត៌មាននេះ​ គណៈ​​​ប្រតិភូ​កម្ពុជា​​ក៏ជួប​ជាមួយ​លោក ង្វៀន សីុន​ហុ៊ង ប្រធាន​រដ្ឋសភា​នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម លោក​ ជ្រឿង ទឹង​​សាង ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម និង​លោក ង្វៀន ភូ ត្រុង អគ្គ​លេខា​​ធិការ​បក្ស​កុម្មុយ​នីស្ត​វៀតណាម។

លោក កុយ គួង អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​ ​មាន​ប្រសាសន៍​ថា “ នេះ​ជា​ដំណើរ​ទស្សនកិច្ច​ដែល​យើង​ធ្វើ​ជាធម្មតា​​ដូច​ៗ​គ្នា​ជាមួយ​​រដ្ឋ​ និង​ភាគី​ទាំង​អស់​”​។

ថ្វីបើ​មានការ​ទាម​ទារ​ពីគណបក្ស​សង្គ្រោះ​​​ជាតិ​​មិន​ឲ្យ​រដ្ឋាភិបាល​បរទេស​ធ្វើ​កិច្ច​សន្យា​ថ្មី​ជាមួយ​រដ្ឋាភិបាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​ពួកគេ​អះអា​ង​ថា បាន​កាន់​អំណាច​តាម​រយៈការ​បោះឆ្នោត​មិន​ស្រប​ច្បាប់​ក៏​ដោយ​ ក៏សហគមន៍អន្តរជាតិ​បាន​បន្ត​ធ្វើ​ការ​ជា​ធម្មតា​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែរ។

កាលពីដើម​ខែ​នេះ​ លោក ហ៊ុន សែន​ បាន​​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ទីក្រុង​តូក្យូ ហើយ​លោក​បាន​​​ជួបជាមួយ​នាយក​រដ្ឋមន្ត្រី​ ស៊ិន ហ្សូ៊ អាបេ និង​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​បង្កើន​កិច្ច​សហ​ប្រតិបត្តិការ​ផ្នែក​ការពារ​ជាតិ ជាពិសេស​ការ​​ហ្វឹក​ហាត់​ទាហាន​។

កាលពីដើម​ខែ​នេះដែរ​ អាល្លឺម៉ង់​បាន​សន្យា​ផ្ដល់ជំនួយ​ដល់​កម្ពុជា​ចំនួន​៦៤​លាន​ដុល្លារ​សម្រាប់​ឆ្នាំនេះ​ និង​​ឆ្នាំ​ក្រោយ ​​ដែល​ស្ថាន​ទូត​អាល្លឺម៉ង​់​ចាត់​ទុក​ថា ជា​ការ​បង្កើន​ជំនួយ​យ៉ាង​ច្រើន​៕ គឹមហឿន​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស