38.1 C
Phnom Penh

​បក្សសង្គ្រោះ​ជាតិ​សើច​ចំអក​ចំពោះការ​បំពេញទស្សនកិច្ច​ផ្លូវ​រដ្ឋ​​នៅ​​វៀតណាម​របស់​លោក ហ៊ុន សែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​ពេល​ការ​ធ្វើបាតុកម្ម​ចំនួន​ប្រាំ​បួន​ថ្ងៃ​ជាប់​ៗគ្នា​របស់គណបក្ស​សង្គ្រោះ​ជាតិ​ប្រឆាំង​ នឹង​ការ​ដឹក​នាំ​របស់លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន បាន​មកដល់​ទី​បញ្ចប់​កាលពី​យប់​មិញ​ លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​សើច​ចំអក​ការ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​​នៅ​​ប្រទេស​វៀត​ណាម​ក្នុង​ពេល​ឆាប់​ៗ​របស់​លោក ហ៊ុន សែន ​ថា ​ជា​ការ​​ “ រត់​រក​ជំនួយ​”។ 

អ្នក​តវ៉ា​ប្រមាណ​៦.០០០នាក់​ដែល​ភាគ​ច្រើន​ជិះម៉ូតូ​បាន​នាំ​គ្នា​ហែក្បួន​យ៉ាង​វែង​តាម​រាជធានី​កាលពី​ម្សិលមិញ ហើយ​មាន​អ្នក​តវ៉ា​រាប់​ពាន់​នាក់​ផ្សេង​ទៀត​បាន​នាំ​គ្នា​ហែក្បួន​តាម​ផ្លូវ​ហើយ​ស្រែក​ថា ហ៊ុន សែន​ អើយ​
“ ចុះ​ចេញ​ទៅ” ។

បន្ទាប់​ពី​អ្នក​តវ៉ា​ជា​ច្រើន​បាន​ទៅ​ជួប​ជុំ​គ្នា​ម្តង​ទៀត​នៅ​ទីលាន​ប្រជា​ធិបតេយ្យ​នៅ​ប្រហែល​ម៉ោង​៧ល្ងាច​ លោក កឹម សុខា បាន​សូម​ឲ្យ​លោក​​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ជ្រើស​​រើស​រវាង​វៀតណាម​ និង​ពលរដ្ឋ​ខ្មែរ​របស់លោក​។

លោក កឹម​ សុខា បាន​មាន​ប្រសាសន៍​ទៅ​កាន់​អ្នក​តវ៉ា​ជាច្រើន​ថា “ កាល​ពី​ម្សិលមិញ​[ថ្ងៃ​អាទិត្យ​]មាន​មនុស្ស​ភ្លូក​​ទឹក​ភ្លូក​ដី​ចេញមក​តវ៉ា​តាម​ផ្លូវ​។ វា​ហាក់​បី​ដូច​ជា​ប្រផ្នូល​អាក្រក់​សម្រាប់​លោក​ ហ៊ុន សែន”។

លោក កឹម​ សុខា ​បាន​មាន​​​ប្រសាសន៍​​​បន្ត​​​ទៀត​​​​ថា “ ឥឡូវ​នេះ​គាត់​កំពុង​តែ​​រត់​ទៅ​ប្រទេស​វៀត ណាម​​​​ដើម្បី​សុំ​ជំនួយ​។​​​ សូម​រង​់​ចាំ​មើលនៅ​ថ្ងៃទី​២៦ ថា តើ​គាត់​ស្តាប់​​កម្ពុជា​ ឬ​វៀតណាម?”។

កាលពី​ម្សិលមិញ​ រដ្ឋាភិបាល​បាន​ប្រកាស​ថា លោក​ ហ៊ុន សែន នឹង​ដឹក​នាំ​ការ​ទៅ​បំពេញ​​​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​​នៅ​​ប្រទេស​វៀតណាម​នៅ​ថ្ងៃ​ព្រហស្បតិ៍។

កាល​​​ពីយប់​មិញលោក កឹម​ សុខា បាន​លើក​ឡើង​​ថា នេះ​គឺ​ជា​ការ​អំពាវ​នាវ​សុំ​ជំនួយ​របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្ទាប់​ពី​ប្រជា​​​ពលរដ្ឋ​យ៉ាង​តិច​៣០.០០០នាក់​ បាននាំ​គ្នា​ចេញ​មក​តវ៉ា​តាម​ផ្លូវក្នុង​​​រាជធានី​​​ភ្នំពេញ ​កាលពី​ថ្ងៃ​អាទិត្យ​ នៅ​​​ក្នុង​បាតុកម្ម​ដ៏​ធំ​បំផុត​របស់​ជាតិ​មិន​ដែល​ធ្លាប់​មាន​ក្នុងប៉ុន្មាន​​ទស្ស​វត្សរ៍​នេះ​។

លោក កឹម សុខា បាន​មាន​ប្រសាសន៍​ដោយ​ប្រើ​ពាក្យ​ប្រមាថ​វៀតណាម​ថា “ កាលពី​ម្សិល​មិញ [ថ្ងៃអាទិត្យ​]ខ្ញុំ​បាន​ទទួល​ដំណឹង​ថា គាត់​បាន​គម្រោង​ចុះ​ចេញ​ពី​តំណែង​គឺ​មាន​ន័យ​ថា ​គាត់​នឹង​ស្តាប់​តាម​ពលរដ្ឋ​ខ្មែរ​។ ពល​រដ្ឋ​ខ្មែរ​កំពុង​តែ​ស្រែក​ថា ‘ ចុះ​ចេញ​ទៅ’​ តែ​យួន​ប្រាប់​គាត់​ថា ឲ្យ​នៅ។ តើ​គាត់​នឹង​ជ្រើស​រើស​យក​អ្នក​ណា​?​”។

លោក កឹម សុខា និង​លោក សម រង្ស៊ី បាន​អវត្តមាន​នៅ​ពេល​ចាប់​ផ្តើម​ការ​ជួប​ជុំ​កាលពី​ម្សិលមិញ​ ប៉ុន្តែ អ្នក​គាំទ្រ​បានដឹក​នាំ​ការ​ស្រែក​​​​​តវ៉ា​ពី​លើ​រុឺម៉កកង់​បី​តាម​ឧគ្ឃោសន​សព្ទ​ ខណៈ​ការ​តវ៉ា​ដោយ​សន្តិវិធី​កំពុង​ប្រព្រឹត្ត​​ទៅ​​ក្នុង​រាជធានី​ភ្នំពេញ។

លោក កឹម សុខា បាន​ចូល​រួម​ការ​តវ៉ា​នៅ​វេលាម៉ោង​ប្រហែល​​​៥ល្ងាច​ដោយ​ជិះ​​​លើ​រថយន្ត​​នៅខាង​មុខ​ក្បួន​ដង្ហែ​ រីឯ​លោក សម រង្ស៊ី វិញ​បាន​ជួប​អ្នក​តវ៉ា​ជាច្រើន​នៅ​ទី​លាន​ប្រជា​ធិបតេយ្យ​បន្ទាប់​ពីជួប​ជុំ​ជាមួយ​កម្មករ​ដែល​ធ្វើ​កូដកម្ម​ក្នុង​ខេត្ត​ស្វាយ​រៀង​ ដើម្បី​​ប្រាប់​​អ្នក​គាំទ្រ​របស់​លោកឲ្យ​រក្សា​កម្លាំង​របស់​ខ្លួន​រួច​។

លោក សម រង្ស៊ី​ បានមាន​ប្រសាសន៍​ទៅ​កាន់​​អ្នក​តវ៉ា​ជា​ច្រើនថា “ នេះ​គឺ​ជា​ទំព័រ​ថ្មី​ក្នុង​ប្រវត្ដិ​សាស្ត្រ​កម្ពុជា​។ ១០ឆ្នាំ​ទៅ​មុខ​បន្ទាប់ពី​ឥឡូវ​នេះ​ទៅ យើង​អាច​ប្រាប់​អ្នក​ជំនាន់​ក្រោយ​ថា យើង​បាន​ចូល​រួម​នៅ​ក្នុង​បាតុកម្ម​ទាំង​នេះ​ដើម្បី​តស៊ូ​សម្រាប់​សេរី​ភាព សន្តិភាព និង​យុត្តិធម៌”។

លោក​បន្ត​ថា “ យើង​ឥឡូវ​នេះអាច​រួច​ផុត​ពី​ការ​គាប​សង្កត់​របស់​យួនកុម្មុយ​នីស្ត​ហើយ​”៕ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស