32 C
Phnom Penh

ម៉ាឡេស៊ី​មិនអាច​ធានា​ពីសិទ្ធិមនុស្ស​ជ​ាមូល​ដ្ឋានសម្រាប់​ពល​ករ​ចំណាក​ស្រុក​កម្ពុជា​​បានឡើយ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​ការងារ​សង្ឃឹម​ថា អនុស្សរណៈ​នៃការយោគ​យល់​គ្នា​ នឹង​អាច​ជួយ​ឲ្យ​ប្រទេស​​កម្ពុជា​បន្ត​បញ្ជូន​ពលករ​ចំណាក​ស្រុក​ទៅកាន់​ប្រទេស​ម៉ាឡេស៊ី​បាន​ឡើង​វិញ នៅ​ត្រឹម​ខែ​កុម្ភៈ ប៉ុន្តែ ការចរចា​​​ស្តី​ពី​បញ្ហា​នេះ​បាន​ជាប់​គាំង​បន្ទាប់​ពី​ប្រទេស​ម៉ាឡេស៊ី​បាន​ច្រាន​ចោល​​៩០ភាគរយ​នៃ​ ខ ដែល​កម្ពុជា​បាន​ស្នើ​ឡើង​ដើម្បី​ការពារ​សិទ្ធិ​របស់​ពលករ​ចំណាក​ស្រុក​។

ក្នុង​ពេលថ្មីៗនេះ ប្រទេស​ម៉ាឡេស៊ី​បាន​បញ្ជូន​សេចក្តី​ព្រាង​អនុស្សរណៈ​​នៃការ​យោគ​​យល់​គ្នា​ដែល​កម្ពុជា​បាន​ស្នើ​ឡើង​ដោយ​មាន​​​បន្ទាត់​ខ្មៅ​គូស​ពីលើ​ខ​មួយ​ដែល​និយោជក​គួរតែ​ “ គោរព​សិទ្ធិ​ជាមូល​ដ្ឋាន​របស់​ពល​ករ​ចំណាក​ស្រុក​”។

ប្រទេស​ម៉ាឡេស៊ី បាន​ច្រានចោល​សំណើ​​​​របស់​ប្រទេស​កម្ពុជា​​ដែល​លើក​ឡើង​ថា ពល​ករ​ចំណាក​ស្រុក​គួរ​តែ​មានសិទ្ធិ​រក្សា​ទិដ្ឋា​ការ​ផ្ទាល់ខ្លួន​របស់​ខ្លួន​ អាច​ពិនិត្យ​មើល​ និង​ចុះ​ហត្ថលេខា​លើកិច្ច​សន្យាការ​ងារ​មុន​ពេល​ចាក​ចេញពីប្រទេស​កម្ពុជា អាច​ទទួល​បាន​អាហារ​បីពេល​ក្នុង​មួយថ្ងៃ​ និង​អាច​ទទួល​បាន​ថ្ងៃ​ឈប់​សម្រាក​ប្រចាំ​ឆ្នាំ​ផង​ដែរ​។

លោកស្រី ចេន​ណា ហូលីដេ( Jenna Holli-day) អ្នក​ជំនាញខាង​ផ្នែក​ទំនាក់​ទំនង​នៅ​អង្គការ​សហ​ប្រជាជាតិ​​ដើម្បីស្ត្រី​ ដែល​ដឹក​នាំ​សិក្ខាសាលាមួយ​ដើម្បី​ពិភាក្សា​ពី​សេចក្ដី​ព្រាង​នៃ​អនុស្សរណៈ​នៃការ​យោគ​យល់​គ្នា​កាលពីម្សិលមិញថា ការ​ទាមទារ​មួយចំនួន​របស់​ប្រទេស​ម៉ាឡេស៊ី គឺ​មិនអាច​ទទួល​យក​បាន​ឡើយ​”។

លោកស្រី ហូលីដេ ​បន្ថែ​ម​ថា “ ភាគី​ខាង​ប្រទេស​ម៉ាឡេស៊ី​បានច្រាន​ចោល​ប្រហែល​៩០​ភាគរយនៃការ​កែប្រែ​ដែល​បាន​ដាក់​បញ្ចូល​​​នៅ​ក្នុង [​សេចក្ដី​ព្រាង] ​នេះ​។វាពិត​ជា​ធ្វើ​ឲ្យមាន​ចម្ងល់​ថា តើ​និយោជក​ម៉ាឡេស៊ី មាន​ទស្សន​របៀបណា​មកលើ​ពល​ករ​ចំណាក​ស្រុក​កម្ពុជា​?”។

កាល​ពី​ខែ​តុលា ឆ្នាំ​២០១១ លោក​នាយក​​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចេញ​បទ​បញ្ជា​ឲ្យ​​ផ្អាក​​​ការ​បញ្ជូន​​ពល​ករ​ចំណាក​ស្រុក​ទៅ​ប្រទេស​ម៉ាឡេស៊ី បន្ទាប់ពីមានរបាយការណ៍​ជាបន្ត​បន្ទាប់អំពីការ​រំលោភបំពាន​លើ​ពល​ករ​ចំណាក​​​​ស្រុក​កម្ពុជា​​ពីសំណាក់​​និយោជក​ម៉ាឡេស៊ី និង​​​ទីភ្នាក់​ងារ​ជ្រើសរើស​​ពល​ករ​កម្ពុជា​។

នៅក្នុង​ពិធី​បើក​សិក្ខាសាលា​កាលពីម្សិល​មិញ លោក​ អូស្មាន់ ហាសាន់ រដ្ឋ​លេខាធិការ​ក្រសួង​ការ​ងារ​បាន​មាន​ប្រសាសន៍​ថា វា​ជា​រឿង​ដ៏មាន​សារៈសំខាន់ណាស់​ដែលអនុស្ស​រណៈ​នៃការ​យោគ​យល់គ្នា​អាច​បញ្ចប់​ទៅ​បាន​ក្នុងពេល​ឆាប់ៗតាម​ ដែលអាច​ធ្វើទៅ​បាននោះ​។
លោក អូស្មាន់ ហាសាន់ មាន​ប្រសាសន៍​ថា “ នៅពេល​ណា​យើង​បញ្ជូន​ [ពល​ករ] ​ចំណាក​ស្រុក​កាន់​តែច្រើន​ មានន័យ​ថា យើង​​​អាច​រក​ប្រាក់​បានកាន់​តែច្រើន​ ហើយ​ប្រាក់​កាន់​តែ​ច្រើននឹង​ហូរ​ចូល​ប្រទេស​កម្ពុជា​”។

លោកបាន​​បន្ថែម​ថា ពេល​បញ្ជូន​ពលករ​ចំណាក​ស្រុក​៣០​.០០០​នាក់ទៅកាន់​ប្រទេស​ម៉ាឡេស៊ី នឹង​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ទទួល​បាន​ប្រាក់​ចំណូល​​ពី​ប្រទេស​ក្រៅ​​​​កើនឡើង​ដល់​១,៥លាន​ដុល្លារ​ប្រចាំ​ឆ្នាំ​ ជាគោល​ដៅ​មួយ​ដែល​លោក​ចង់​បាន​។

លោក​បាន​មាន​ប្រសាសន៍បន្ថែមទៀត​ថា“ វា​គឺ​ជា​អនាគត​សម្រាប់​ប្រទេស​កម្ពុជា​​។ ​យើង​ត្រូវ​តែ​បញ្ជូន​ពល​ករ​របស់​យើង​ដើម្បី​បំពេញ​តម្រូវ​ការ​ទីផ្សារ​ពិភព​លោក​”។​លោក​​​បាន​បន្ថែមថា លោក​នឹង​ខិត​ខំ​ដើម្បី​ការ​ពារ​​ពល​ករ​​​​ចំណាក​ស្រុក​កម្ពុជាមិន​ឲ្យ​គេ​កេង​ប្រវ័ញ្ច​ឡើយ​”។

លោក អូស្មាន់ ហាសាន់ បាន​ចាកចេញ​ពី​សិក្ខាសាលា​ភ្លាម​ បន្ទាប់ពី​ថ្លែង​សុន្ទរកថា​បើក​សិក្ខាសាលា​រួច​។

លោក​ ម៉ន ញឹម ប្រធាន​សហព័ន្ធ​សហជីព​​កម្ពុជា​ បានមាន​ប្រសាសន៍​ថា “ ពួកគេ​មិន​អាច​​​ផ្ដល់​​អាហារ​បីពេល​ក្នុង​មួយ​ថ្ងៃ​បានឡើយ​។ ពួកគេ​មិន​អាច​ផ្ដល់​ប្រាក់​ខែ​អប្បបរមា​​បាន​ឡើយ​។ ហើយ​ពួកគេ​ក៏មិនអាច​អនុញ្ញាត​​ឲ្យ​ពល​ករ​ចំណាក​ស្រុក​កម្ពុជា​កាន់​ទិដ្ឋាការ​ផ្ទាល់​ខ្លួន​របស់​ខ្លួន​បាន​ដែរ​។

លោក​បន្ត​ថា ប្រសិន​បើ​ពួកគេ​​​មិនអាច​សូម្បីតែ​ធានា​ដល់​សិទ្ធិ​មនុស្ស​ជាមូល​ដ្ឋាន​របស់​ពល​ករ​ចំណាក​ស្រុក​របស់​យើង​បានផង​ចុះ​តើ​យើង​គួរ​តែ​បញ្ជូន​ពល​ករ​របស់​យើង​ទៅ​ប្រទេ​សម៉ាឡេស៊ី​​ ឲ្យទៅ​ទទួល​រង​ការ​ឈឺ​ចាប់​ធ្វើអី​”។

អង្គការ​សហ​ប្រជា​ជាតិ​ អង្គការ​ពល​កម្ម​ពិភព​លោក និង​តំណាង​រដ្ឋាភិបាល​ ព្រម​ទាំង​​​អង្គការ​ក្រៅ​រដ្ឋាភិបាល​នឹង​កំណត់​ពេលជួប​ប្រជុំ​​គ្នា​ម្ដង​ទៀត​នៅ​ចុង​ខែមករា សម្រាប់​កិច្ច​ពិភាក្សាស​្ដីពីសេចក្ដី​ព្រាងនៃអនុស្សរណៈ​នៃ​ការ​យោគយល​់​គ្នា​នេះម្ដង​ទៀត​៕ ស៊ុយឈាង

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស