នគរបាលចរាចរខេត្តកណ្តាលបានឲ្យដឹងកាលពីម្សិលមិញថា មនុស្សបីនាក់បានស្លាប់នៅពេលរថយន្តសង្គ្រោះបន្ទាន់មួយគ្រឿងបុក កាលពីយប់ថ្ងៃច័ន្ទ ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល។
លោក ព្រាប សុថា នាយនគរបាលចរាចរស្រុកអង្គស្នួលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សាន ចន្ធី អាយុ២៨ឆ្នាំ និង តោក សុធារី អាយុ២២ឆ្នាំ ព្រមទាំងកូនរបស់ពួកគាត់ឈ្មោះ ចន្ធី វណ្ណាកា អាយុ១១ខែផង បានស្លាប់នៅពេលរថយន្តសង្គ្រោះបន្ទាន់មួយគ្រឿងមកពីគ្លីនិកឯកជនមួយឈ្មោះ ថ្នល់ទទឹងព្យាយាមបើកជែងរថយន្តមួយចំនួនផ្សេងទៀត ប៉ុន្តែ បែរជាជ្រុលទៅបុកម៉ូតូមួយគ្រឿងរបស់ជនរងគ្រោះទាំងបីនាក់នេះនៅតាមផ្លូវជាតិលេខ៤តែម្តង។
លោក សុថា បានមានប្រសាសន៍ថា “ វាជារឿងមួយគួរឲ្យសោកស្តាយណាស់ដែលជនរងគ្រោះទាំងបីបានស្លាប់ ពីព្រោះពួកគេមិនបានបើកបរខុសច្បាប់ចរាចរណ៍ឡើយ។ ហើយនេះគឺជាកំហុសរបស់រថយន្តសង្គ្រោះបន្ទាន់។[រថយន្តសង្គ្រោះបន្ទាន់ ជារឿយៗតែងតែបើកលឿនណាស់ហើយមិនដែលគិតអំពីអាយុជីវិតរបស់ពលរដ្ឋឡើយ”។
រីឯគ្លីនិកថ្នល់ទទឹងវិញមិនបានលើកទូរស័ព្ទឡើយ នៅពេលមានការហៅទូរស័ព្ទចូល។
ដោយឡែកនៅយប់ថ្ងៃច័ន្ទដដែលនោះ ក៏មានបុរសពីរនាក់បានស្លាប់ផងដែរ បន្ទាប់ពីពួកគេទាំងពីរនាក់បើកជែងកាត់ពីមុខរថយន្តក្រុងមួយគ្រឿងនៅតាមបណ្តោយផ្លូវជាតិលេខ៥នៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោក អ៊ុំ សុផល នាយនគរបាលក្រុងប៉ោយប៉ែតបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ហំ ចន្ធី អាយុ២០ឆ្នាំ និងអ្នករួមដំណើរជាមួយឈ្មោះ ហួរ វួច អាយុ២៤ឆ្នាំ បានស្លាប់បន្ទាប់ពីត្រូវរថយន្តក្រុងរបស់ក្រុមហ៊ុនដឹកជញ្ជូនកម្ពុជា អង្គរ អិចប្រេសបុក។
លោក សុផល បានមានប្រសាសន៍ថា “ ខ្ញុំគិតថា ជនរងគ្រោះបានបើកបរលឿនខ្លាំងណាស់ ហើយមិនបានប្រុងប្រយ័ត្ន”។ លោកបន្ថែមថា រថយន្តក្រុងមិនបានឈប់ឡើយបន្ទាប់ពីបុកម៉ូតូមួយគ្រឿងរួច៕ ស៊ុយឈាង