លោក ត្រាំ អីុវតឹក រដ្ឋមន្ត្រីនៃក្រសួងដឹកជញ្ជូន បានឲ្យដឹងកាលពីម្សិលមិញថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងនាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន តាន់ ឌុង នឹងបើកការដ្ឋានស្ថាបនាស្ពានមួយខ្សែប្រវែង៤២៨ម៉ែត្រ ដែលលាតសន្ធឹងកាត់តាមទន្លេបាក់ដៃ ភ្ជាប់ស្រុកកោះធំខេត្តកណ្ដាលទៅខេត្ត An Giang របស់វៀតណាមនៅថ្ងៃទី១៤ ខែមករា ឆ្នាំក្រោយនេះ។
ស្ពានជ្រៃធំថ្មីនេះត្រូវបានរំពឹងថា នឹងកាត់បន្ថយពេលវេលាធ្វើដំណើរពីរាជធានីភ្នំពេញ ទៅប្រទេសវៀតណាម ហើយនឹងជួយដល់ការបង្កើនសកម្មភាពពាណិជ្ជកម្មរវាងប្រទេសទាំងពីរនេះ។
លោក ត្រាំ អីុវតឹក បានមានប្រសាសន៍ថា “ស្ពាននេះនឹងសម្រួលដល់ការភ្ជាប់ទំនាក់ទំនងរវាងប្រជាពលរដ្ឋកម្ពុជា និងប្រជាជនវៀតណាម។ វាមានសារៈសំខាន់ណាស់ ព្រោះវានឹងក្លាយជាចំណុចតភ្ជាប់សម្រាប់ការធ្វើពាណិជ្ជកម្ម។ ស្ពាននេះត្រូវបានរំពឹងថា នឹងចំណាយប្រាក់សាងសង់អស់១៩លានដុល្លារ ក្នុងនោះវៀតណាមរ៉ាប់រងការចំណាយពាក់កណ្ដាល ហើយពាក់កណ្ដាលទៀតគឺជាបន្ទុករបស់រដ្ឋាភិបាលកម្ពុជា ដោយប្រើប្រាក់កម្ចីពីប្រទេសវៀតណាម” ដោយបានបន្ថែមថា លោកមិនចំាតួលេខពិតប្រាកដនៃទឹកប្រាក់ ដែលកម្ពុជាគ្រោងខ្ចីពីវៀតណាមសម្រាប់គម្រោងនេះទេ៕ សេរីវុធ