កាលពីម្សិលមិញ អង្គបុរេជំនុំជម្រះនៅសាលាក្ដីខ្មែរក្រហមបានស្នើឲ្យក្រុមមេធាវីការពារក្ដីផ្ដល់របាយការណ៍អំពីស្ថានភាពកូនក្ដីរបស់ខ្លួនថា តើអាចឡើងសវនាការក្នុងដំណាក់កាលទី២នៃសំណុំរឿងបច្ចុប្បន្នបានឬអត់ ឲ្យបានមុនថ្ងៃទី១៥ ខែមករា ហើយបានស្នើឲ្យភាគីទាំងអស់លើកជាសំណើពាក់ព័ន្ធនឹងវិសាលភាពនៃសវនាការវគ្គតូចបន្ទាប់ឲ្យបានមុនថ្ងៃទី៣១ ខែមករា។
កាលបរិច្ឆេទនេះគឺជាផ្នែកនៃផែនការការងារដ៏ទូលំទូលាយមួយដែលអង្គបុរេជំនុំជម្រះបានដាក់ចេញកាលពីម្សិលមិញសម្រាប់ដំណាក់កាលទី២នៃសំណុំរឿង០០២ ដែលក្នុងនោះ មេដឹកនាំជាន់ខ្ពស់ខ្មែរក្រហម នួន ជា និង ខៀវ សំផន ជាប់ចោទពីបទប្រព្រឹត្តអំពើប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងការរំលោភបំពានយ៉ាងធ្ងន់លើអនុសញ្ញាក្រុងហ្សឺណែវ ឆ្នាំ១៩៤៩។
ខណៈពុំបានកំណត់កាលបរិច្ឆេទសម្រាប់ការចាប់ផ្ដើមសវនាការលើសំណុំរឿង០០២/០២នោះ ផែនការការងារនេះគឺ ជាកាលវិភាគសម្រាប់ការសម្រេចចិត្តថាតើបទឧក្រិដ្ឋកម្មអ្វីឲ្យពិតប្រាកដដែលសវនាការដ៏ស្មុគស្មាញនេះគួរផ្ដោតលើ។
លោក និល នុន ប្រធានអង្គបុរេជំនុំជម្រះបានលើកឡើងថា ដំណាក់កាលនៅក្នុងផែនការការងារថ្មីនេះមានការគិតគូអំពីចំណុចទាំងនេះ ដែលចំណុចនីមួយៗត្រូវវាយតម្លៃមុនពេលអង្គបុរេជំនុំជម្រះកំណត់កាលបរិច្ឆេទសម្រាប់ការចាប់ផ្ដើមបើកសវនាការ។
បន្ទាប់ពីក្រុមមេធាវីការពារក្ដីទាំងពីរនិងអយ្យការដាក់ជូនសំណើពាក់ព័ន្ធនឹងវិសាលភាពនៃសវនាការនេះមុនដំណាច់ខែមករារួចផែនការការងារនេះតម្រូវឲ្យមានការផ្ដល់ទឡ្ហីករណ៍ផ្ទាល់មាត់រយៈពេលមួយថ្ងៃពាក់ព័ន្ធនឹងសំណើរបស់ខ្លួននៅថ្ងៃទី១១ ខែកុម្ភៈ។
បច្ចុប្បន្ននេះ អង្គបុរេជំនុំជម្រះកំពុងពិចារណាអំពីសាលក្រមក្នុងសវនាការវគ្គតូចទី១នៃសំណុំរឿង០០២សម្រាប់ចុងចោទទាំងពីរនាក់ ហើយរំពឹងថា នឹងចេញសេចក្ដីសម្រេចអំឡុងត្រីមាសទី១នៃឆ្នាំក្រោយនេះ។
ក្រុមមេធាវីការពារក្ដីរបស់លោក ខៀវ សំផន បានស្នើឲ្យតុលាការពន្យារពេលចាប់ផ្ដើមសវនាការវគ្គតូចទី២ រហូតទាល់តែសវនាការវគ្គតូចទី១ បានបញ្ចប់ជាស្ថាពរ ក្នុងនោះរាប់ទាំងដំណើរការប្ដឹងជំទាស់ផង។ ក្រៅពីវិសាលភាពនៃសវនាការទី២ ក្រុមមេធាវីនេះនឹងផ្ដល់ទឡ្ហីករណ៍សម្រាប់ការពន្យារពេលនេះនៅចំពោះមុខអង្គបុរេជំនុំជម្រះនៅថ្ងៃទី១១ ខែកុម្ភៈ។
នៅថ្ងៃទី១៥ ខែមករា មេធានីការពារក្ដីទាំងពីរនឹងជម្រាបប្រាប់តុលាការថា តើខ្លួនជឿថា ស្ថានភាពកូនក្ដីរបស់ខ្លួនគួរវាយតម្លៃឡើងវិញឬយ៉ាងណានោះ៕សុធា