មេដឹកនាំព្រះសង្ឃមួយក្រុមដែលសកម្មក្នុងរឿងនយោបាយបានប្ដេជ្ញាធ្វើ “សង្គ្រាម”ប្រឆាំងសាលារាជធានីភ្នំពេញរហូតទាល់តែអភិបាលរាជធានី លោក ប៉ា សុជាតិវង្ស ព្រមសុំអភ័យទោសជាសាធារណៈចំពោះការប្រើកម្លាំងបំបែកក្រុមអ្នកតវ៉ាជាព្រះសង្ឃនិងប្រជាពលរដ្ឋដែលប្រឆាំងការបណ្ដេញចេញដោយបង្ខំ និងដែលបានប៉ុនប៉ង់ធ្វើបាតុកម្មតវ៉ាដោយអង្គុយស្ងៀមស្ងាត់មួយកន្លែងកាលពីព្រឹកម្សិលមិញនៅក្រៅសាលារាជធានីភ្នំពេញ។
អ្នកតវ៉ាប្រហែលជា១០នាក់មកពីសហគមន៍បឹងកក់និងព្រះសង្ឃចំនួនប្រាំអង្គបានព្យាយាមបិទមហាវិថីព្រះមុនីវង្សនៅទល់មុខសាលារាជធានីនៅវេលាម៉ោងប្រហែល៨ និង៣០នាទីព្រឹក ប៉ុន្តែត្រូវកងរាជអាវុធហត្ថ និងសន្ដិសុខរុញច្រានឲ្យឡើងលើចិញ្ចើមផ្លូវវិញ។
ខណៈព្រះសង្ឃនិងអ្នកតវ៉ាទាំងនេះប៉ុនប៉ងចុះមកតវ៉ានៅលើផ្លូវវិញនោះ នគរបាលបានវាយអ្នកតវ៉ាយ៉ាងតិចម្នាក់ និងតាមចោទថា បានធ្វើឲ្យព្រះសង្ឃរងរបួសបីអង្គ។
លោក ឌឹម ឆន អាយុ៤០ឆ្នាំ ត្រូវបានកងរាជអាវុធហត្ថក្របួចកនិងវាយមួយដំបងឆក់ចំក្បាលមុនពេលត្រូវបានធាក់ឲ្យដួលទៅលើថ្នល់។ សៀតផ្កាផ្នែកខាងស្ដាំរបស់លោក ឆន បានជាំដោយមានឈាមហូរដោយសាររបួសត្រង់ក្បាលក្រោយមានការប៉ះទង្គិចនេះ។
លោក ឌឹម ឆន បាននិយាយថា “ខ្ញុំខកចិត្តណាស់ដែលកម្លាំងរដ្ឋាភិបាលបានប្រើអំពើហិង្សាលើខ្ញុំ ព្រោះខ្ញុំគ្រាន់តែបានជួយព្រះសង្ឃមួយអង្គពេលខ្ញុំឃើញកងរាជអាវុធហត្ថវាយព្រះអង្គប៉ុណ្ណោះ” ដោយបន្ថែមថា លោកធ្វើដំណើរតាំងពីខេត្តព្រៃវែងមកចូលរួមក្នុងការប្រមូលផ្ដុំគ្នាធ្វើបាតុកម្មរបស់គណបក្សសង្គ្រោះជាតិក្បែរទីលានប្រជាធិបតេយ្យ។
នៅវេលាម៉ោងប្រហែលជា១រសៀល ព្រះសង្ឃមួយក្រុមមានសមាជិកយ៉ាងតិច៥០អង្គដែលមានទំនាក់ទំនងជាមួយនឹងបណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គមបានវិលមកកាន់សាលារាជធានីវិញដើម្បីទាមទារឲ្យលោក ប៉ា សុជាតិវង្ស ធ្វើការសុំទោសជាសាធារណៈចំពោះការធ្វើឲ្យព្រះសង្ឃយ៉ាងតិចបីអង្គរងរបួសនៅព្រឹកនោះក្រោមស្នាដៃរបស់កម្លាំងសន្ដិសុខរបស់លោក។
មានសង្ឃដីកាសំដៅទៅអភិបាលរូបនេះ ព្រះតេជគុណ ប៊ុត ប៊ុនទិញ ប្រធានបណ្ដាញព្រះសង្ឃឯករាជ្យនេះ បានបញ្ជាក់ថា “សូមចេញមកសុំទោសព្រះសង្ឃទៅ [ បើព្រម] ថ្ងៃស្អែកព្រះសង្ឃនឹងមិនធ្វើការតវ៉ាទៀតទេ។ ប្រសិនបើមិនចេញមកសុំទោសព្រះសង្ឃទេស្អែកយើងនឹងប្រមូលព្រះសង្ឃមកតវ៉ាកាន់តែច្រើនទៀត”។
រូបភាពវីដេអូមួយដែលត្រូវបានបង្ហោះតាមហ្វេសបុ៊ក បានបង្ហាញឲ្យឃើញពីសកម្មភាពព្រះសង្ឃនិមន្តមកដល់សាលារាជធានីរុញច្រានរបាំងជុំវិញច្រកចេញចូល និងបានបោះទម្លាក់របាំងយ៉ាងតិចមួយរំលងរបងសាលារាជធានី។
រូបភាពវីដេអូមួយទៀតដែលត្រូវបានបង្ហោះតាមហ្វេសប៊ុកដែរនោះបានបង្ហាញពីសកម្មភាពបុរសពីរនាក់ចេញមកឈរនៅមុខព្រះសង្ឃ ហើយបានយករបស់របរផ្សេងៗគប់ និងរុញរបាំងមួយផ្ទប់ក្ដារខៀនផ្សព្វផ្សាយព័ត៌មាននៅក្រៅសាលារាជធានី ធ្វើឲ្យបែកកញ្ចក់យ៉ាងតិចចំនួនបី។ ពេលកងរាជអាវុធហត្ថចាប់ផ្ដើមអន្តរាគមន៍ ព្រះតេជគុណ ប៊ុត ប៊ុនទិញ បាននិមន្តព្រះសង្ឃផ្សេងៗទៀតឲ្យដកថយទៅទីលានប្រជាធិបតេយ្យវិញ។
ព្រះតេជគុណបានប្រាប់ព្រះសង្ឃនិងគ្រហស្ថដែលបានប្រមូលផ្ដុំគ្នាថា “ សូមនាំគ្នាវិលទៅវិញ ទុកឲ្យខ្ញុំព្រះករុណា អាត្មាភាពត្រៀមកម្លាំងដែលមានចំនួនស្នើគ្នា [នឹងកម្លាំងសន្ដិសុខរដ្ឋាភិបាល] ហើយយើងនឹងបូជាជីវិតរបស់យើង។ ខ្ញុំព្រះករុណា អាត្មាភាពនឹងបង្កើតយុទ្ធសាស្ត្រថ្មីមួយដើម្បីធ្វើសង្គ្រាមជាមួយសាលារាជធានី។ ហើយនៅពេលដែលខ្ញុំព្រះករុណា អាត្មាភាពប្រមូលព្រះសង្ឃបាន៥.០០០អង្គហើយនោះ ខ្ញុំព្រះករុណា អាត្មាភាពនឹងប្រើយុទ្ធសាស្ត្រនេះភ្លាម”។
ឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ ស្នងការនគរបាលស្ដីទីរាជធានីភ្នំពេញ បានបដិសេធថា នគរបាលមិនបានធ្វើឲ្យអ្នកតវ៉ា មិនថាព្រះសង្ឃឬគ្រហស្ថរងរបួសក្នុងការប៉ះទង្គិចគ្នាកាលពីម្សិលមិញទេ ហើយបានបញ្ជាក់ថា នឹងមានការចាត់វិធានការតាមផ្លូវច្បាប់ចំពោះអ្នកណាដែលបានធ្វើឲ្យខូចខាតទ្រព្យសម្បត្តិសាធារណៈ។ លោកបានមានប្រសាសន៍ថា “យើងនឹងចាត់វិធានការតាមផ្លូវច្បាប់ដោយអនុលោមតាមច្បាប់។ យើងមានរូបភាពវីដេអូ [បង្ហាញពីសកម្មភាពរបស់អ្នកប្រព្រឹត្ត]”។
លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីប្រាប់ថា មន្ត្រីសាលារាជធានីប្រហែល១០០នាក់បានដាក់ពាក្យបណ្ដឹងប្ដឹងបាតុករបន្ទាប់ពីពួកគេបានបិទច្រកចេញចូលទាំងបីនៅជុំវិញសាលារាជធានីពុំឲ្យពួកគេចេញទៅណារួចរហូតដល់ល្ងាចណាស់ទៅហើយ។
លោកបានមានប្រសាសន៍ថា “នេះគឺជាទង្វើខុសច្បាប់ ហើយព្រះសង្ឃនិងក្រុមអ្នកតវ៉ាអនាធិបតេយ្យបានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ។ ទង្វើបែបនេះគួរមានការដាក់ទោសតាមច្បាប់”។
បន្ទាប់ពីមានការហែក្បួនមួយផ្សេងទៀតពីសំណាក់ក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិនៅជុំវិញរាជធានីភ្នំពេញកាលពីរសៀលថ្ងៃម្សិលមិញ លោក សម រង្ស៊ី បានប្រាប់ក្រុមអ្នកចូលរួមប្រហែល៥.០០០នាក់ ដែលបានប្រមូលផ្ដុំគ្នានៅទីលានប្រជាធិបតេយ្យថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺជាអ្នកទទួលខុសត្រូវចំពោះការវាយដំព្រះសង្ឃ។
លោកបានមានប្រសាសន៍ថា “ព្រះសង្ឃបីអង្គបានរងរបួសនៅមុខសាលារាជធានី” ដោយបានបន្ថែមថា នាយករដ្ឋមន្ត្រីរូបនេះភ្លេចថា ខ្លួនឯងក៏ធ្លាប់ជាក្មេងវត្តពេលខ្លួននៅក្មេងដែរ។ លោកបានថ្លែងថា “[លោក ហ៊ុន សែន] ធ្លាប់ហូបបាយបាត្រដែរ ប៉ុន្តែពេលនេះបែរជាបណ្ដោយឲ្យគេវាយព្រះសង្ឃទៅវិញ”៕ សេរីវុធ