29 C
Phnom Penh

សាក្សី​​ក្នុង​សំណុំរឿង​រៀប​ចំ​ផែនការ​ធ្វើ​ឃាត​អ្នក​នាំ​ឈើ​ចេញ​ដ៏​ធំ​មួយ​រូប​​ប្រាប់​ការពិតដល់​តុលាការ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីម្សិលមិញ សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​បើកសវនាការ​ជំនុំ​ជម្រះរឿង​ក្តី​​របស់​ឈ្មួញកណ្តាល​ម្នាក់​ដែល​ត្រូវ​គេ​ចោទ​ប្រកាន់​ពី​បទ​សម​គំនិត​ក្នុង​ការ​រៀប​ផែន​ការ​សម្លាប់​ថៅកែ​នាំ​ចេញ​ឈើ​ដែល​មាន​ទំនាក់​ទំនង​យ៉ា​ង​ជិត​សិ្នទ​្ធ​ជាមួយ​ខ្លួន​។

លោក សំ ឌីចាម អាយុ​៤០ឆ្នាំ​ មាន​សញ្ជាតិ​ពីរ​គឺ​កម្ពុជា​ និងឡាវ​ ត្រូវ​បាន​ចាប់​ខ្លួនកាលពី​ឆ្នាំ​២០១១ ពី​បទ​ឆ​បោក និង​រៀប​ផែនការ​សម្លាប់​អ្នកស្រី​ ខៃ ​ណារិន​ ដែល​ជា​អតីត​ថៅកែ​របស់​ខ្លួន​។ ដោយ​សារ​តែ​មូល​ហេតុ​មិនបាន​ដឹង​ច្បាស់លាស់​ ការ​ចោទ​ប្រកាន់​ពី​បទ​រៀប​ផែនការ​ធ្វើ​ឃាត​ត្រូវ​បានរក្សា​ទុក​មួយ​ឡែក​រហូត​មក​ទល់​ពេល​ឥឡូវ​​ ហើយ​លោក ឌីចាម ត្រូវ​បានផ្តន្ទា​ទោស​តែ​ពីបទ​ឆបោក​ប៉ុណ្ណោះ​។ ​បន្ទាប់​ពី​ផ្តន្ទាទោស​រួច​លោក ឌីចាម ត្រូវ​បាន​ជាប់​ពន្ធនាគារ​ចាប់​តាំង​ពី​ខែ​តុលា ឆ្នាំ​២០១១មក​។

កាលពី​ម្សិលមិញលោក គង់ សុវណ្ណ ​សាក​្សី​​ចុង​ក្រោយ​នៅ​ក្នុង​សំណុំ​រឿង​រៀប​ផែនការ​ធ្វើ​ឃាត​នេះ​បាន​ប្រាប់តុលាការ​ថា កាលពី​ឆ្នាំ​២០១១ លោក អ៊ូច លីវណ្ណ ជា​បុរស​ម្នាក់​ដែលនិយាយ​ថា ខ្លួន​ត្រូវ​គេ​ជួល​ឲ្យ​អនុវត្ត​ផែនការ​ធ្វើ​ឃាតនេះ​ បាន​លាត​ត្រដាង​ពី​ការ​រៀបចំផែនការសម្លាប់​អ្នក​ស្រី ណារិន។

លោក សុវណ្ណ​ បាន​ប្រាប់​តុលាការ​ថា“ លោក លីវណ្ណ បាន​ប្រាប់​ខ្ញុំ​ថា គាត់​នឹង​ទទួល​បាន​ប្រាក់​១០.០០០ដុល្លារ​ពី​លោក ឌីចាម​[សម្រាប់​ការ​ធ្វើឃាតនេះ​] ហេតុ​ដូច្នេះ​ទើប​ខ្ញុំ​យក​រឿង​នេះ​ប្រាប់​នគរបាល”។​

ដោយ​សារ​តែ​ទទួល​បានដំណឹង​ពី​លោក​សុវណ្ណ ទើប​នាំ​ឲ្យ​មាន​ការ​ចាប់​ខ្លួន​លោក ឌីចាម និង​លោក លីវណ្ណ។ លោក លីវណ្ណ ត្រូវ​​បាន​ដោះ​លែង​វិញ​បន្ទាប់​ពី​បានសាក​សួរ​រួច​ ហើយ​ទោះ​បី​ជា​លោក​បាន​សារ​ភាព​ថា ខ្លួន​បាន​យល់​ព្រម​អនុវត្ត​ផែនការ​ធ្វើ​ឃាត​នេះក៏​ដោយ​ ក៏​លោក​នៅ​តែ​មិន​ប្រឈមនឹង​ការ​ចោទ​ប្រកាន់​ណា​មួយ​ឡើយ​។

កាលពី​ម្សិលមិញ​ លោក លីវណ្ណ បាន​បញ្ជាក់​ប្រាប់​តុលាការ​ម្តង​ទៀត​ថា​ “ ខ្ញុំ​បាន​សន្យា​ជាមួយ​លោក ឌីចាម ថា នឹង​សម្លាប់​អ្នកស្រី​ ណារិន​ នៅ​ពេលខ្ញុំ​ទទួល​បាន​ប្រាក់​។

លោក ឌីចាម ​​​មាន​កំហឹង​នឹង​អ្នកស្រី ណារិន កាលពី​ឆ្នាំ​២០១១ នៅ​ពេល​ប្រាក់​ចំនួន​៥០.០០០ដុល្លារ​បាន​បាត់​ នៅ​ក្នុង​កិច្ច​ព្រម​ព្រៀង​ដឹក​ឈើ​ប្រណិត​ទៅកាន់​ប្រទេស​​ចិន​​ ដែល​លោក ឌីចាម ត្រូវ​បាន​ជួល​ឲ្យ​ធ្វើ​ជា​ឈ្មួញ​កណ្តាល​។

លោក ឌីចាម អាច​នឹង​ប្រឈម​ជាប់​ពន្ធ​នាគារ​អស់​មួយ​ជីវិត​ ប្រសិន​បើ​​​ត្រូវ​បាន​ផ្តន្ទា​ទោស​ពី​បទ​រៀប​ផែនការ​ធ្វើ​ឃាត​មែន​នោះ​ ប៉ុន្តែ លោក​នៅ​តែ​ប្រកែក​ថា ខ្លួន​គ្មាន​កំហុស​ឡើយ​កាលពី​ម្សិលមិញ​។

លោកស្រី​ ងួន មករា មេធាវី​របស់​អ្នកស្រី ណារិន បាន​ទាម​ទារ​ប្រាក់​សំណង​ជំងឺ​ចិត្ត​២០០.០០០ដុល្លារ​សម្រាប់​កូន​ក្តី​របស់​ខ្លួន​។

កាលពី​ឆ្នាំ​២០០៧ អ្នកស្រី ណារិន ត្រូវ​អង្គការ​ Global Witness កត់​ត្រា​ចូល​ក្នុង​របាយ​ការណ៍​របស់​ខ្លួន​ជាម្ចាស់​រោង​អារឈើ​ដែល​គេ​រក​ឃើញ​ថា កំពុង​អារឈើ​ខុស​ច្បាប់​នៅ​ជាយ​ក្រុង​ភ្នំពេញ​។

របាយការណ៍​នេះ​ដែល​មាន​ចំណង​ជើង​ថា “ សែស្រឡាយគ្រួសារ​របស់​ប្រទេស​កម្ពុជា​: ការ​កាប់​ឈើ​ខុស​ច្បាប់ និងការរឹប​អូសទ្រព្យ​សម្បត្តិ​សាធារណៈ​ដោយ​បុគ្គល​មាន​ទ្រព្យ​សម្បត្តិ​ស្តុក​ស្តម្ភរបស់​ប្រទេស​កម្ពុជា​” ក៏​បាន​ផ្សារ​ភ្ជាប់​អ្នកស្រី ណារិន ទៅ​នឹង​គំនរ​ឈើនៅ​ក្នុង​ព្រៃ​ឡង់ផងដែរ។ ​​​គេ​រក​​ឃើញ​ថា អ្នកស្រី​ជាម្ចាស់គំនរ​ឈើនេះ​​ដោយ​​មាន​ទំនាក់​ទំនង​ជា​មួយ​ក្រុមហ៊ុន ​សេង ​គៀង​។

របាយការណ៍​របស់​អង្គការ​ Global Witness បាន​ចាត់​ទុក​ក្រុម​ហ៊ុន​សេង​គៀង​ជា​ “ ក្រុម​ហ៊ុន​កាប់ឈើ​ដ៏មាន​អំណាច​បំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា​”។ អ្នក​ស្រី សេង គៀង​ គឺ​ជា​អតីត​ភរិយា​របស់​ឌីចូច​ដែល​ត្រូវ​ជា​ក្មួយ​ប្រុស​​របស់​លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន​។

តុលាការ​គ្រោង​នឹង​ប្រកាស​សាលក្រម​​​ក្នុង​សំណុំ​រឿង​រៀប​ផែន​ការ​ធ្វើ​ឃាត​នេះ​​នៅ​ថ្ងៃ​ច័ន្ទ៕ ស៊ុយឈាង​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស