សាលារាជធានីភ្នំពេញបានបដិសេធការអះអាងរបស់លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិដែលថា មន្ត្រីសាលារាជធានីបានប្រព្រឹត្តមិនគប្បីលើព្រះសង្ឃ។
លោក សម រង្ស៊ី ដែលបានអះអាងបែបនេះអំឡុងការតវ៉ាដ៏ធំមួយប្រឆាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃអាទិត្យនោះ បានលើកឡើងពីការគំរាមរបស់លោក ប៉ា សុជាតិវង្ស អភិបាលរាជធានី ដែលថា នឹងមានការដកហូតសិទ្ធិបោះឆ្នោតរបស់ព្រះសង្ឃ ប្រសិនបើនៅតែបន្តពាក់ព័ន្ធនឹងរឿងនយោបាយទៀត។
សាលារាជធានីបានលើកឡើងតាមរយៈសេចក្ដីថ្លែងការណ៍មួយដែលបានចេញកាលពីថ្ងៃច័ន្ទថា “ការចោទប្រកាន់គ្មានមូលដ្ឋាន [របស់លោក សម រង្ស៊ី] គឺគ្មានការពិតទេ”។
លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានឲ្យដឹងកាលពីម្សិលមិញថា រដ្ឋាភិបាលមានការខកចិត្តចំពោះការអះអាងរបស់ថ្នាក់ដឹកនាំគណបក្សប្រឆាំងដែលថា សាលារាជធានីបានប្រព្រឹត្តមិនគប្បីលើព្រះសង្ឃ ប៉ុន្តែរូបលោកផ្ទាល់ក៏បាននិយាយដូចលោក ប៉ា សុជាតិវង្ស ដែរថា ព្រះសង្ឃដែលធ្វើការតវ៉ាគឺបានបំពានភារកិច្ចសាសនារបស់ខ្លួន ហើយលោកបានចោទប្រកាន់ព្រះសង្ឃទាំងនោះថា ជាអ្នកបង្កបញ្ហា។
លោកបានមានប្រសាសន៍ថា “យើងបានឃើញព្រះសង្ឃមួយចំនួនតូចដែលបានធ្វើសកម្មភាពហួសពីអ្វីដែលព្រះសង្ឃគួរធ្វើ។ ព្រះសង្ឃមិនត្រូវបង្កភាពអនាធិបតេយ្យអំពើហិង្សា ឬភាពចលាចលឡើយ”។
ព្រះសង្ឃរាប់រយអង្គបានចូលរួមក្នុងការប្រមូលផ្ដុំគ្នានិងការធ្វើបាតុកម្មក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដែលភាគច្រើនបានប្រព្រឹត្តទៅដោយសន្ដិវិធី។
ប៉ុន្តែកាលពីម្សិលមិញនេះ ព្រះសង្ឃមួយចំនួនតូចដែលបានធ្វើការតវ៉ា បានរំលំរបាំងនគរបាលនៅជុំវិញសាលារាជធានី បន្ទាប់ពីកងរាជអាវុធហត្ថបានប្រើកម្លាំងបំបែកព្រះសង្ឃដែលបាននិមន្តមកធ្វើការតវ៉ាសម្ដែងការគាំទ្រចំពោះសហគមន៍បឹងកក់។
គួររំឭកថា ប្រជាពលរដ្ឋរាប់ពាន់នាក់ត្រូវបានបណ្ដេញចេញពីតំបន់បឹងកក់ដោយមានការចូលរួមពីសាលារាជធានីដើម្បីត្រួសត្រាយផ្លូវសម្រាប់គម្រោងសាងសង់លំដាប់ខ្ពស់មួយ ដែលជាកម្មសិទ្ធិរបស់សមាជិកព្រឹទ្ធសភាមួយរូបមកពីគណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
តាមរយៈសេចក្ដីថ្លែងការណ៍របស់ខ្លួនកាលពីថ្ងៃច័ន្ទ សាលារាជធានីបានលើកឡើងថា ខ្លួនមានភារកិច្ច “ពង្រឹងព្រះពុទ្ធសាសនាដោយអនុលោមតាមរដ្ឋធម្មនុញ្ញ”៕ សេរីវុធ