34 C
Phnom Penh

លោក ខៀវ កាញារីទ្ធលើកឡើង​ថា មិន​ចាំបាច់​ធ្វើ​សេចក្តី​កែតម្រូវ​លើ​ទំព័រ​ហ្វេស​ប៊ុក​របស់​លោក​ឡើយ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីម្សិលមិញ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មានបានឲ្យ​ដឹង​ថា លោក នឹងមិន​ធ្វើការ​កែ​តម្រូវ​លើ​ការ​អះ​អាង​ខុស​​ដែល​លោក​បាន​បង្ហោះ​នៅលើ​ទំព័រហ្វេស​ប៊ុក​​របស់លោក​ឡើយ​។ លោក ខៀវ កាញារីទ្ធ​បាន​បង្ហោះ​រូប​ភាព​ដែល​បង្ហាញ​ពី​ព្រះតេជ​គុណ​ ប៊ុត ប៊ុនទិញ សកម្ម​ជន​ជា​ព្រះ​សង្ឃ​ដ៏​លេច​ធ្លោបាន​ថើបស្ត្រី​ម្នាក់​។
រូប​ភាព​ដែល​ចែក​រំលែក​ដោយ​លោក ខៀវ កាញារីទ្ធ បន្ទាប់​ពីលោក​បាន​ទទួល​ពី​អ្នក​ប្រើ​ហ្វេស​ប៊ុក​ផ្សេង​ម្នាក់​ទៀត​ បាន​បង្ហាញ​រូប​របស់​ព្រះ​តេជគុណ ប៊ុត​ ប៊ុន​ទិញ ដែល​កំពុង​គ្រង​​ស្បង់ជីពរថើប​ស្ត្រី​ម្នាក់​។

ព្រះសង្ឃ​ដែល​ឱបថើបស្ត្រី​ម្នាក់​នេះ​ការ​ពិត​ទៅ​គឺ​ជា​រូប​របស់​ព្រះ​សង្ឃ​នៅ​ស្រីលង្កា ហើយ​រូប​ភាព​ដែល​លោក​ ខៀវ កាញារីទ្ធ ចែក​រំលែក​នេះ​ទំនង​ជា​ថត​ចេញ​ពី​ខ្សែ​អាត់​វីដេអូដែល​លេច​ធ្លាយនៅ​ប្រទេស​​ស្រី​លង្កា​កាលពីខែ​កញ្ញា​ នៅពេល​ខ្សែ​អាត់​នេះ​ទំនង​ជា​បង្ហាញពី​ព្រះ​សង្ឃ​ជាន់​ខ្ពស់មួយ​អង្គ​នៅ​ទី​នោះ​ថើប​ស្ត្រីអឺរ៉ុប​ម្នាក់​។

អត្ថបទ​ដែល​អម​ជាមួយ​រូប​ភាព​នៅ​លើ​ទំព័រហ្វេស​ប៊ុក​របស់​លោក ខៀវ កាញារីទ្ធ គឺ​មាន​បំណង​ផ្សារភ្ជាប់​ព្រះតេជគុណ ប៊ុត ប៊ុន​ទិញ ទៅ​នឹង​គណបក្ស​សង្គ្រោះ​ជាតិ​។

អត្ថបទ​នេះមាន​ខ្លឹម​សារ​ថា “ គិ​ត​ឲ្យ​បាន​ហ្មត់​ចត់​អំពី​គណបក្ស​សង្គ្រោះជាតិ​។ ពួក​គេ​ស្ទើរ​ទាំង​អស់​គឺ​ជា​ក្មេង​បាតផ្សារ​។ ចូល​មើល​ព្រះសង្ឃ​រូប​នេះ​ដែល​កំពុង​បំផ្លាញ​ព្រះពុទ្ធ​សាសនា​ដោយ​ថើប​ស្ត្រី​បរទេស​។ ចូលគិត​អំពី​​អ្នក​ទាំង​អស់​នោះ​ដែល​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​”។

លោក ខៀវ កាញារីទ្ធ ដែល​មាន​មិត្ត​ចំនួន​​​២៥.៤៥៥នាក់​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​បាន​លើក​ឡើង​ថា លោកនឹងមិន​ចេញ​សេចក្តី​​កែតម្រូវ​ ឬក៏​ការ​បញ្ជាក់​ដោយ​ពន្យល់​ថា រូប​ភាព​ដែល​លោក​បាន​បង្ហោះ​នោះ​មិន​មែន​ជា​ព្រះ​សង្ឃកម្ពុជា​ឡើយ​។

លោក ខៀវ កាញារីទ្ធ​ បាន​មាន​ប្រសាសន៍​​ទាក់​ទិននឹង​រូប​ភាព​នេះ​ថា “ ខ្ញុំបាន​លុប​ចោល​​វា​ហើយ​”។ លោក​បាន​បន្ថែម​ថា លោក​​មិន​ចាំ​បាច់​ត្រូវ​កែតម្រូវ​ ឬក៏​បញ្ជាក់​ពី​អ្វី​ដែល​លោក​បាន​បង្ហោះនេះឡើយ​ ព្រោះ​ព័ត៌មាន​នៅ​ក្នុង​បណ្តាញ​ទំនាក់​ទំនង​សង្គម​មិន​ជា​ព័ត៌មាន​ផ្លូវ​ការ​នោះ​ទេ។ លោក ខៀវ កាញារីទ្ធ បាន​មាន​​​ប្រសាសន៍​​ថា “ ទេ ហ្វេសប៊ុក​មិនមែន​ជា​កន្លែង​​ផ្តល់​ព័ត៌មាន​ផ្លូវការ​ឡើយ​”។

ព្រះ​តេជគុណ​ ប៊ុត ប៊ុនទិញ ដែល​ដឹក​នាំ​បណ្តាញ​ព្រះ​សង្ឃ​ឯករាជ្យ​សម្រាប់​យុត្តិធម៌​សង្គម​​​មាន​សង្ឃ​ដីកាថា ព្រះ​តេជ​គុណ​មិន​ចង់​ទទួល​បាន​ការ​សូម​អភ័យ​ទោស​ពី​លោក ខៀវ កាញារីទ្ធឡើយ​។

ព្រះ​តេជគុណ​ ប៊ុត ប៊ុន​ទិញ​ មាន​សង្ឃ​ដីកាថា “ ខៀវ កាញារីទ្ធ​ គឺ​ជា​រដ្ឋមន្ត្រី​អាក្រក់​ណាស់​”។ ព្រះ​តេជគុណ​មាន​សង្ឃ​ដីកា​បន្ត​ថា ព្រះ​តេជគុណ​មិនដែល​បាន​ប៉ះ​ពាល់​ស្ត្រី​អស់​រយៈពេល​២៥ព្រះ​វស្សា​មក​ហើយ​ចាប់​តាំង​ពី​​បួស​មក​។

ព្រះតេជគុណ​ ប៊ុត​ ប៊ុន​ទិញ មានសង្ឃ​ដីកា​​បន្ត​ទៀត​ថា “ [ខៀវ កាញារីទ្ធ]គួរ​តែ​ចំណាយ​​ពេល​ធ្វើការ​និង​ផ្តល់​ព័ត៌មាន​ពិត​ដល់​ពលរដ្ឋ​​ ​មិន​មែន​មក​​វាយ​ប្រហារ​ពលរដ្ឋ​ខ្មែរបែប​នេះ​ទេ។ នេះ​មិនមែនតួនាទី​របស់​រដ្ឋមន្ត្រី​ឡើយ​”។

លោក មឿន ឈានណារិទ្ធ ប្រធាន​វិទ្យា​ស្ថាន​កម្ពុជា​សម្រាប់ការ​សិក្សា​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​បាន​លើក​ឡើង​ថា បើ​យោង​តាម​វិជ្ជា​ជីវៈ​និងក្រម​សីល​ធម៌​អ្នក​សារ​ព័ត៌មាន​លោក ខៀវ កាញារីទ្ធ​ គួរ​តែ​បញ្ជាក់ថា រូបភាព​ដែល​លោក​បាន​បង្ហោះ​នៅ​ទំព័រហ្វេស​ប៊ុករបស់​លោក​គឺមិន​មែន​ជា​ព្រះ​សង្ឃ​កម្ពុជា​ឡើយ​។

លោក​ ណារិទ្ធ​ ​​មានប្រសាសន៍​ថា “ ការ​​​ចេញ​សេចក្តី​កែ​តម្រូវ​អាច​នឹង​កែ​កំហុស​ឆ្គង​នេះ។ការបង្ហោះ​​​​រូប​ភាព​ព្រះ​សង្ឃ​ថើប​ស្ត្រី​គឺជា​រឿង​ធ្ងន់​ធ្ងរ​ណាស​់ ព្រោះ​ជា​ការខុស​ឆ្គង​ ហេតុដូច្នេះ​គួរ​តែមានការ​សូម​អភ័យ​ទោស​ប្រសិន​បើ​ព្រះ​សង្ឃស្នើ​សុំ​”៕ ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស