38 C
Phnom Penh

ព្រះ​​​សង្ឃ​​​​​​រៀប​​​ចំ​​​ផែន​​​ការ​​​​​​ហែ​​​ក្បួន​​​ទៅ​​​ភ្នំ​​​ឧដុង្គ​​​ដើម្បី​​​តវ៉ា​​​ចំពោះ​​​ការ​​​បាត់​​​ព្រះ​​​សារីរិកធាតុ​​​របស់​​​ព្រះពុទ្ធ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ព្រះតេជគុណ​ ប៊ុត ប៊ុនទិញ ​ប្រធាន​បណ្ដាញ​​​ព្រះសង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម បាន​មាន​សង្ឃដីកា​កាលពីម្សិលមិញ​ថា ព្រះ​សង្ឃ​​នឹង​ហែក្បួន​ពី​ទីក្រុ​ង​ភ្នំពេញទៅភ្នំឧដុង្គ​នៅ​ដើម​ខែក្រោយ​ ដើម្បី​តវ៉ា​ចំពោះ​ការ​ដែល​អាជ្ញាធរ​មិន​អាច​រក​ឃើញ​ព្រះ​សារីរិកធាតុ​ព្រះ​​​​ពុទ្ធ ដែល​​ចោរ​​​​បាន​​​លួច​កាលពី​ដើម​ខែ​នេះ​។ 

ព្រះ​តេជគុណ​បានមាន​សង្ឃដីកា​ថា “ ការ​​​តវ៉ា​ចំពោះ​ការ​បាត់​ព្រះ​សារីរិកធាតុ​ដោយ​គ្មា​ន​​មូល​ហេតុ​​ពីព្រះ​សក្យ​មុនីចេតិយ​នៅភ្នំឧដុង្គ​កាលពី​ថ្ងៃទី​១០ ខែធ្នូ នឹង​ធ្វើ​ជាបីដំណាក់​កាល​។

ព្រះតេជគុណ​មាន​សង្ឃដីកា​ថា “ ដំណាក់​​កាល​ទី១ យើង​នឹង​ហែក្បួនពីក្រុង​ភ្នំពេញ​ទៅ​​​ភ្នំព្រះរាជទ្រព្យ​។ ដំណាក់​កាល​ទី២ យើង​​​នឹង​តវ៉ា​ឲ្យ​​លោក មិន ឃិន ចុះចេញពី​រដ្ឋមន្ត្រី​ក្រសួង​ធម្មការ និង​សាសនា​។ ដំណាក​់​កាល​ទី៣ យើង​នឹង​តវ៉ា​នៅ​ខាង​មុខ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​”។

ព្រះអង្គ​បាន​បន្ថែម​ថា កាល​បរិច្ឆេទ​នៃ​​​ការ​​​​តវ៉ា​ទាំង​នេះមិ​ន​ទាន់​បាន​កំណត់​ទេ​។

កាលពីថ្ងៃទី​១៧ ខែធ្នូ​ ព្រះ​សង្ឃ​ដែល​ដឹក​នាំ​ដោយ​ព្រះតេជគុណ ប៊ុត ប៊ុនទិញ បាន​ឡោម​ព័ទ​្ធ​​​​កន្លែង​​​​​​ធ្វើ​​​អនុសំវច្ឆរមហាសន្និបាត​សង្ឃ​នៅ​សាល​សន្និសីទ​ចតុមុខ​ ដើម្បី​​​ទាម​ទារ​ឲ្យ​​សម្ដេច​អគ្គ​មហា​សង្ឃរាជ​ ទេព វង្ស ស្នើ​ឲ្យ​រដ្ឋាភិបាល​របស់​លោក​ ហ៊ុន សែន ចាត់​វិធាន​ការ​លើ​ចោរកម្ម​នេះ​។

ព្រះសង្ឃ​មកពី​គណៈ​មហានិកាយ និង​គណៈធម្មយុត្តិក​និកាយ​ បាន​​ផ្សព្វ​ផ្សាយ​សំណើ​​នេះ​មួយ​ថ្ងៃ​ក្រោយ​មក​ ដើម្បីទាម​ទារ​ឲ្យ​រដ្ឋា​ភិបាល​ស៊ើប​អង្កេត​ការ​លួច​នេះ​ និង​យក​ព្រះ​សារីរិកធាតុ​ទាំង​នោះ​ម​ក​វិញ។

ព្រះ​តេជគុណ​ ឃឹម សន មេគណ​រាជ​ធានី​​ភ្នំពេញ​ ដែល​បាន​ចរចា​ជាមួយ​ព្រះ​តេជគុណ​ ប៊ុត ប៊ុនទិញ ឲ្យ​បញ្ចប់​ការ​ឡោម​ព័ទ្ធ​របស់​ព្រះសង្ឃ​នៅ​សាល​សន្និសីទ​ចតុ​មុខ​កាល​ពី​សប្ដាហ៍មុន ​បាន​មាន​សង្ឃដីកា​ថា ព្រះ​សង្ឃ​ទាំង​នោះ​​មិន​បានទទួល​ព័ត៌មាន​ថ្មីពីអាជ្ញាធរ​ទេ ពី​​​ព្រោះ​មានការ​ចាប់​ខ្លួន​ជន​សង្ស័យ​ប្រាំ​នាក់​កាលពីថ្ងៃ​ទី​១៥ ខែធ្នូ​។

លោក លឹម សុគន្ថា ចៅក្រម​ស៊ើប​សួរ​សាលា​ដំបូង​ខេត្ត​កណ្ដាល​ មាន​ប្រសាសន៍​​ថា ការ​ស៊ើប​អង្កេត​ក្នុង​រឿង​នេះ​​​​​មាន​​​ការ​​​ពិបាក។

លោក​បាន​មាន​ប្រសាសន៍​ថា “ នគរ​បាល​និង​តុលាការ​បាន​ប្រឹង​ប្រែង​ស៊ើប​អង្កេត​ទាំង​យប់​ទាំង​ថ្ងៃ​ ប៉ុន្តែ​យើង​មិនទាន់​បានទទួល​អ្វី​មួយ​សំខាន់​នៅ​ក្នុង​រឿង​នេះទេ​។ ជន​សង្ស័យ​​​ទាំង​ប្រាំនាក​់​បាន​បដិសេធ​ថា ​មិន​បាន​លួច​ព្រះ​សារីរិកធាតុ​ទាំងនោះ ឬបានជាប់​ពាក់​ព័ន្ធ​ឡើយ​”។

លោកចៅក្រម សុគន្ថា បាន​បន្ថែម​ថា លោក​សង្ឃឹម​ថា ​ការ​ស៊ើ​ប​អង្កេត​បន្ត​ទៀត​នឹង​អាច​រក​ឃើញ​តម្រុយ​ ហើយ​នគរ​បាល​ព្រំដែន​បាន​ទទួល​ការ​ណែនាំ​​ឲ្យ​ពង្រឹង​ការ​ឃ្លាំមើល​​ដើម្បី​​​​ទប់​​​ស្កាត់​​​​កុំ​ឲ្យ​ព្រះ​សារីរិកធាតុ​ចាក​ចេញពី​កម្ពុជា​។

ក្រុម​មន្ត្រី​ទាំង​នៅ​ច្រក​ទ្វា​រព្រំ​ដែន​បាវិត ​ខេត្ត​ស្វាយ​រៀងជាប់​​​ព្រំដែន​​​វៀត​​​ណាម​​​ និង​នៅ​ច្រក​ទ្វារ​ព្រំដែន​ចាំយាម​ខេត្ត​កោះ​​​កុង​​​ជាប់​​​ប្រទេស​​​ថៃ​​​ បាន​និយាយ​ថា ពួក​​​គេ​​​​មិន​​​ទាន​់​បានទទួ​ល​បទ​បញ្ជានេះទេ​៕​គឹមហឿន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស