អតីតអ្នកគ្រប់គ្រងម្នាក់និងអ្នកគិតលុយនៅសណ្ឋាគារបា៉រីសក្នុងរាជធានីភ្នំពេញបានប្រាប់សាលាឧទ្ធរណ៍កាលពីម្សិលមិញថាពួកគេមិនបានដឹងថាមានមនុស្សរួមភេទនៅក្នុងបន្ទប់មា៉ស្សារបស់សណ្ឋាគារបា៉ារីសនោះទេ ហើយបានលើកឡើងថាអតិថិជនបានទៅទីនោះគឺដើម្បីតែម៉ាស្សាប៉ុណ្ណោះ។
លោក ពួយ គៀក អាយុ៣៦ឆ្នាំ អតីតអ្នកគ្រប់គ្រងនិងអ្នកគិតលុយ ឈ្មោះ ដួង ដានី អាយុ២៩ឆ្នាំត្រូវបានរកឃើញថាមានទោស កំហុសកាលពីខែតុលា ហើយពួកគេត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល៥ខែ ហើយត្រូវបានព្យួរទោសរយៈពេល៧ែខក្នុងម្នាក់ៗ។ ពួកគេក៏ត្រូវបានពិន័យជាប្រាក់ប្រហែល១.៨០០ដុល្លាក្នុងម្នាក់ៗផងដែរ ពីបទរកស្រីឲ្យអតិថិជននិងផ្តល់កន្លែងសម្រាប់រួមភេទ។
លោក ពួយ គៀក បានប្រាប់តុលាការកាលពីម្សិលមិញថា លោកមិនបានអនុញ្ញាតឲ្យមានការរួមភេទនៅក្នុងបន្ទប់ម៉ាស្សាឡើយ ហើយប្រសិនបើរឿងនេះកើតឡើងមែននោះគឺលោកមិនដឹងទេ។ លោកបន្តថាស្រោមអនាម័យប្រើរួចដែលនគរបាលបានរកឃើញគឺជារបស់អតិថិជនដែលមកស្នាក់នៅក្នុងសណ្ឋាគារបា៉រីស។
រីឯអ្នកគិតលុយ ដួង ដានី វិញបានឲ្យដឹងថាខ្លួនគ្រាន់តែជាអ្នកគិតលុយប៉ុណ្ណោះ។អ្នកស្រីបាននិយាយថា “ ខ្ញុំគ្រាន់តែជាអ្នកគិតលុយប៉ុណ្ណោះ ។ ខ្ញុំមិនដឹងអ្វីនោះទេ”។
ប៉ុន្តែអ្នកម៉ាស្សាមួយចំនួនបានលើកឡើងថា ពួកគេពិតជាបានរួមភេទជាមួយអតិថិជនមែនដោយអ្នកស្រី ដានី បានយកប្រាក់ចំនួន ៥ដុល្លារពីពួកគេ។ ហើយអ្នកអនាម័យម្នាក់នៅក្នុងសណ្ឋាគារនិយាយថា នាងបានឲ្យស្រោមអនាម័យទៅស្ត្រីម៉ាស្សា។
កាលពីខែមិថុនា នគរបាលបានឆ្មក់ចូលក្នុងសណ្ឋាគារប៉ារីសនេះហើយបានចាប់ខ្លួនលោក ពួយ គៀក អ្នកស្រី ដានី អ្នកម៉ាស្សា ជនជាតិខ្មែរចំនួន២៥នាក់ និង អ្នកមា៉ាស្សាជនជាតិ វៀតណាម ចំនួន១០នាក់។
លោក ឱម សារិទ្ធ ចៅក្រមប្រធានក្រុមប្រឹក្សាជំនុំជម្រះបានលើកឡើងថា តុលាការនឹងប្រកាសសាលក្រមនៅថ្ងៃទី២២ ខែមករាឆ្នាំក្រោយ៕ ស៊ុយឈាង