មន្ត្រីនគរបាលពីរនាក់នៅបាត់ខ្លួនរកមិនទាន់ឃើញនៅឡើយទេ បន្ទាប់ពីកាណូតរបស់ពួកគេបានលិចកាលពីថ្ងៃអង្គារ ដោយសារការបុកទូកមួយគ្រឿងទៀត ដែលពួកគេបានប្រដេញនៅលើទន្លេសាបក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
លោក ហុល វាសនា អធិការនគរបាលស្រុកកំពង់ត្រឡាច បានឲ្យដឹងថា មន្ត្រីនគរបាលទាំងពីរនាក់ គឺលោក មីុ សារ៉ន អាយុ៥៣ឆ្នាំ និងលោក សម រីុ អាយុ៣៤ឆ្នាំ នៅបាត់ដំណឹងសូន្យឈឹងនៅឡើយទេ បន្ទាប់ពីមានហេតុការណ៍បុកគ្នាជាមួយទូកនេសាទខុសច្បាប់មួយគ្រឿងទៀតនោះ។
គួររំឭកថា នៅវេលាកណ្ដាលអធ្រាត្រកាលពីថ្ងៃអង្គារ មន្ត្រីនគរបាលទាំងពីររូបនេះបានប៉ុនប៉ងឃាត់ទូកពីរគ្រឿងដែលធ្វើសកម្មភាពនេសាទខុសច្បាប់ ប៉ុន្តែខណៈនោះ ទូកមួយគ្រឿងក្នុងចំណោមនោះក៏បានបើកគេចខ្លួន។
លោក វាសនា បានឲ្យដឹងថា ភ្លាមនោះក៏មានការបើកប្រដេញគ្នា ហើយទីបំផុតកាណូតដឹកមន្ត្រីនគរបាលទាំងពីរនាក់និងអ្នកបើកម្នាក់នេះបានបុកចំពីក្រោយទូកមួយគ្រឿងទៀតនោះ។ លោកបាននិយាយថា “ កាណូតនគរបាលបានក្រឡាបរួចក៏លិចចូលទន្លេ ខណៈទូកមួយគ្រឿងទៀតបើកគេចខ្លួនបាត់ស្រមោល។
លោក ខើយ ចំរើន អ្នកបើកកាណូតអាយុ៥០ឆ្នាំ ដែលបានអមដំណើរជាមួយមន្ត្រីនគរបាលទាំងពីរនាក់នោះ បានឲ្យដឹងថា ខ្លួនមានលទ្ធភាពហែលមកដល់ច្រាំងទន្លេកាត់ចរន្តទឹកហូរយ៉ាងខ្លាំង ប៉ុន្តែលោកជឿថា មន្ត្រីនគរបាលទាំងពីរនាក់ទៀតនេះបានលង់ទឹកស្លាប់បាត់ទៅហើយ៕ សេរីវុធ