35 C
Phnom Penh

ក្រុម​​អ្នក​​​តវ៉ា​​​ប្រឆាំង​​​ការ​​​បណ្ដេញ​​​ចេញ​​​ដោយ​​​បង្ខំ​​​បិទ​​​ផ្លូវស្ទើរ​​​​​​ពេញ​​​មួយ​​​ថ្ងៃ​​​នៅ​​​មុខ​​​សាលា​​​រាជ​​​ធានី​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​​​អ្នក​​​តវ៉ា​​​ប្រឆាំង​​​ការ​​​បណ្ដេញ​​​ចេញ​​​​​​ដោយ​​​បង្ខំ​​​ប្រហែល​​​​​​៥០​​​នាក់​​​បាន​​​បិទ​​​មហា​​​វិថី​​​​​​ព្រះ​​​មុនីវង្ស ​​​​​​មុខ​​​សាលា​​​រាជធានី​​​ភ្នំពេញ​​​​​​ស្ទើ​រតែ​​​​​​ពេញ​​​​​​​​​មួយ​​​ថ្ងៃ​​​​​​កាលពី​​​ម្សិល​​​មិញ​​​នេះ​​​​​​ ដោយ​​​បាន​​​ព្យាយាម​​​​​​ជំរុញ​​​ឲ្យ​​​មាន​​​ជំនួប​​​​​​ជា​​​មួយ​​​អភិបាល​​​រាជធានី​ លោក​​​ ប៉ា សុជាតិវង្ស។ 

អ្នក​​​តវ៉ា​​​ភាគ​​​ច្រើន​​​​​​ស្ថិត​​​ក្នុង​​​ចំណោម​​​ប្រជា​​​ពល​​​រដ្ឋ​​​​​​ប្រហែល​​​៣.០០០​​​គ្រួសារ​​​ ដែល​​​ត្រូវ​​​បាន​​​បណ្ដេញ​​​ចេញ​​​ពី​​​តំបន់​​​បឹងកក់​​​ រាជធានី​​​ភ្នំពេញ​​​ ហើយ​​​​​​ចង់​​​ជួប​​​ជាមួយ​​​អភិបាល​​​រាជ​​​ធានី​​​​​​រូប​​​នេះ​​​​​​ដើម្បី​​​ទាម​​​ទារ​​​​​​ឲ្យ​​​មានការ​​​បន្ថែម​​​ប្រាក់​​​​​​សំណង​​​ឲ្យ​​​បាន​​​សម​​​រម្យ​​​ពី​​​លើ​​​​​​ចំនួន​ទឹក​ប្រាក់​​​ដែល​​​ខ្លួន​​​ទទួល​​​បាន​​​សម្រាប់​​​ការ​​​​ចាក​​​ចេញ​​ពី​​​ផ្ទះ​​​សំបែង​​​​​​របស់​​​ខ្លួន​​​។

អំឡុង​​​ការ​​​តវ៉ា​​​នេះ​​​ ពួក​​​គេ​​​បាន​​​ប្រើ​​​​​​របាំង​​​​​​ឃាំង​​​ផ្លូវ​​​របស់​​​អាជ្ញាធរ​​​​​​ដើម្បី​​​បិទ​​​ផ្លូវ​​​នេះ​​​ចាប់​​​ពី​​​ម៉ោង​​​៩ព្រឹក​​​​​​​​​រហូត​​​ដល់​​​ម៉ោង​​​​​​៥​​​ល្ងាច​​​ ដោយ​​​បាន​​​​​​ចងរបាំង​​​នេះ​​​​​​តភ្ជាប់​​​​​​គ្នា​​​​​​​​​ជាមួយ​​​នឹង​​​​​​បដា​​​ប្រឆាំង​​​ការ​​​បណ្ដេញ​​​ចេញ​​​។

អ្នក​​​ស្រី​​​ អឹុម​​​ ស្រី​​​តូច​​​ ដែល​​​​​​ស្ថិត​​​​​​ក្នុង​​​ចំណោម​​​​​​​​​អ្នក​​​ត្រូវ​​​គេ​​​បណ្ដេញ​​​ចេញ​​​ បាន​​​និយាយតាម​​​ឧគ្ឃោសនស័ព្ទ​​​​​​ថា “ ថ្ងៃ​​​នេះ​​​យើង​​​បាន​​​ឃើញ​​​ច្បាស់​​​នឹង​​​ភ្នែក​​​ថា លោ​​​ក ប៉ា សុជាតិវង្ស គ្មាន​​​​​​ឆន្ទៈ​​​ ឬ​​​មាន​​​លទ្ធភាព​​​​​​ដោះស្រាយ​​​បញ្ហា​​​នេះ​​​ទេ​​​។ ប្រសិន​​​បើ​​​​​​លោក​​​ [បា៉ សុជាតិវង្ស] គ្មាន​​​​​​លទ្ធភាព​​​ជួយ​​​ប្រជាពល​​​រដ្ឋ​​​ទេនោះ ​​​អ៊ី​​​ចឹង​​​យើង​​​ពុំ​​​ត្រូវ​​​ការ​​​លោក​​​​​​ទេ​​​”។ ក្រុម​​​អ្នក​​​តវ៉ា​​​ក៏​​​បាន​​​ដុត​​​កង​​់​​​ឡាន​​​មួយ​​​ចំនួន​​​នៅ​​​លើ​​​ផ្លូវ​​​ដោ​​​យ​​​បង្ក​​​ជា​​​ផ្សែង​​​​​​ខ្មួលខ្មាញ់​​​ពី​​​លើ​​​​​​សាលា​​​រាជធានី​​​ផង​​​ដែរ​​។

នៅ​​​វេលា​​​ម៉ោង​​​ប្រហែល​​​ជា​​​៤​​​ល្ងាច​​​​​​ លោក​​​ សម រង្ស៊ី ​​​បាន​​​ទៅ​​​ដល់​​​ទី​​​នោះដើម្បី​​​ជួប​​​គ្នា​​​ជាមួយ​​​ក្រុម​​​អ្នក​​​តវ៉ា​​​ ប៉ុន្តែ​​​លោក​​​​​​បា​​​ន​​​ស្នើ​​​ឲ្យ​​​ពួក​​​គេចាក​​​ចេញ​​​ពី​​​​​​ផ្លូវ​​​នេះ​​​​​​តាម​​​​​​សំណើ​​​របស់​​​លោក ស ខេង​​​ រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​មហា​​​ផ្ទៃ។

លោក​​​ សម រង្ស៊ី ក៏​​​បាន​​​ប្រាប់​​​​​​ក្រុម​​​អ្នក​​​តវ៉ា​​​ផង​​​ដែរ​​​​​​ថា លោក​​​នឹង​​​នាំ​​​​​​កម្ម​​​ករ​​​កម្មការិនី​​​រោង​​​ចក្រ​​​កាត់​​​ដេរ​​​​​​រាប់​​​ពាន់​​​នាក់​​​​​​មក​​​ចូល​​​រួម​​​​​​ការ​​​តវ៉ា​​​​​​ប្រឆាំង​​​ការ​​​បណ្ដេញ​​​ចេញ​​​​​​ជាមួយ​​​ពួក​​​គេ​​​​​​នៅ​​​សាលា​​​រាជធានី​​​នៅ​​​ថ្ងៃ​​​នេះ​​​។ ប៉ុន្តែ​​​លោក​​​បាន​​​​​​បន្ថែម​​​ថា ការ​​​​​​​​​បញ្ឆេះ​​​នគរបាល​​​​​​ឲ្យ​​​ប្រើ​​​អំពើ​​​​​​ហិង្សា​​​​គឺ​​​អាច​​​បញ្ឆេះ​​​ឲ្យ​​​មាន​​​​​​ការ​​​ឆ្លើយ​​​តប​​​ដោយ​​​ហិង្សា​​​​​​ចំពោះ​​​​​​ក្រុម​​​អ្នក​​​តវ៉ា​​​ប្រឆាំង​​​រដ្ឋា​​​ភិបាល​​​​​​រាប់​​​ពាន់​​​នាក់​​​ដែល​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ប្រមែប្រមូល​​​មក​​​​​​ធ្វើ​​​បាតុកម្ម​​​នៅ​​​ទី​​​លាន​​​ប្រជាធិបតេយ្យ​​​មិន​​​ឆ្ងាយ​​​ប៉ុន្មាន​​​​​​ពី​​​​​​ទី​​​នោះ​​​។

អ្នក​​​ស្រី​​​ ទេព​​​ វន្នី ដែល​​​ស្ថិត​​​ក្នុង​​​​​​ចំណោម​​​​​​​​​អ្នក​​​តវ៉ា​​​ប្រឆាំង​​​ការ​​​បណ្ដេញ​​​នេះ​​​មិន​​​បាន​​​យល់​​​​​​ស្រប​​​ជាមួយ​​​លោក​​​ សម រង្ស៊ី ទេ​​ ​ហើយ​​​​​​បាន​​​បដិសេធ​​​​​​មិន​​​យក​​​របាំង​​​ឃាំង​​​ផ្លូវ​​​ចេញ​​​​​​ឡើយ​​​។ ទោះ​​​​​​ជា​​​ដូច្នេះ​​​ក្ដី​​​ ក្រុម​​​អ្នក​​​តវ៉ា​​​ទាំង​​​នេះ​​​បាន​​​​​​បញ្ចប់​​​ការ​​​បិទ​​​ផ្លូវ​​​នេះ​​​​​​រយៈ​​​ពេល​​​មិន​​​ដល់​​​មួយ​​​ម៉ោង​​​​​​ក្រោយ​​​មក​នៅ​​​ពេល​បុគ្គលិក​​​សាលា​​​រាជ​​​ធានី​​​ចប់​​​​​​ម៉ោង​​​​​​ធ្វើការ​​​​​​។

ពេល​​​ទាក់​​​ទង​​​បាន​​​នៅ​​​ពេល​​​ក្រោយ​​​មក​​​​​​លោក​​​ ប៉ា សុជាតិ​​​វង្ស បាន​​​អះអាង​​​ថា លោក​​​​​​បាន​​​អញ្ជើញ​​​​​​តំណាង​​​ក្រុម​​​អ្នក​​​តវ៉ា​​​ឲ្យ​​ទៅ​​​ជួប​​​លោក​​​ក្នុង​​​បរិវេន​​​សាសា​​​រាជធានី​​​ដែរ​​​ ​​ក៏​​​ប៉ុន្តែ​​​ការ​​​អញ្ជើញ​​​នេះ​​​ត្រូវ​​​បាន​​​បដិសេធ​​​។

លោក​​​​​​ក៏​​​បាន​​​ច្រាន​​​ចោល​​​​​​ការ​​​ទាម​​​ទារ​​​របស់​​​ពួក​​​គេ​​​​​​ឲ្យ​​​​​​លោក​​​ចុះ​​​ចេញ​​​ពី​​​តំណែង​​​​​​ផង​​​ដែរ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “រឿង​​​អី​​​​ខ្ញុំ​​​ត្រូវ​​​ធ្វើ​​​​​​តាម​​​សំណើ​​​របស់​​​​​​អ្នក​​​តវ៉ានោះ​​​? ខ្ញុំ​​​មិន​​​និយាយ​​​ពី​​​រឿង​​​នេះ​​​ទេ​​​”៕ សេរីវុធ

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស