35 C
Phnom Penh

ការ​​​មិន​​​អនុវត្ត​​​ច្បាប់​​​ចរាចរណ៍ធ្វើ​​​ឲ្យ​​​ខូច​​​កិច្ច​​​ប្រឹង​​​ប្រែង​​​អនុវត្តកម្មវិធី​​​សុវត្ថិភាព​​​តាម​​​ដង​​​ផ្លូវ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គកា​​​រ​​​ជនពិការ​​​អន្តរជាតិ​​​បែល​​​ហ្សុិក​​​ហៅ​​​កាត់​​​ថា H.I. ដែល​​​មាន​​​បេសកកម្ម​​​​​​ផ្ដល់​​​ជំនួយ​​​ដល់​​​​​​ជន​​​ពិការ​​​​​​នៅ​​​ក្នុង​​​ប្រទេស​​​កំពុង​​​អភិវឌ្ឍ​​​ បាន​​​ឲ្យ​​​ដឹង​​​កាលពី​​​ម្សិលមិញ​​​ថា ការ​​​ខក​​​ខាន​​​​​​របស់​​​​​​នគរបាល​​​ចរាចរ​​​ក្នុង​​​ការ​​​អនុ​​​វត្ត​​​ច្បាប់​​​ចរាចរណ៍​​​ចាប់​​​តាំង​​​ពី​​​​​​អំឡុង​​​ពេលមុន​​​​​​ការ​​​បោះឆ្នោត​​​​​​​​​ខែ​​​កក្កដា​​​មកនោះ​​​ បាន​​​ធ្វើ​​​ឲ្យ​​​ខូច​​​កិច្ច​​​ប្រឹង​​​ប្រែង​​​របស់​​​ខ្លួន​​​ក្នុង​​​ការ​​​ធ្វើ​​​ឲ្យ​​​សុវត្ថិ​​​ភាព​​​​​​តាម​​​ដង​​​ផ្លូវ​​​​​​មាន​​​ភាព​​​ប្រសើរឡើង​​​។ 

កម្មវិធី​​​សុវត្ថិភាព​​​តាម​​​ដង​​​ផ្លូវ​​​របស់​​​អង្គការ​​​ H.I. ដែល​​​បានចាប់​​​ផ្ដើម​​​ក្នុង​​​ឆ្នាំ​​​២០០៤​​​នេះ​​​​​​បាន​​​រួម​​​ចំណែក​​​​​​ដល់​​​ការ​​​ធ្វើ​​​​​​ឲ្យ​​​ការ​​​ពាក់​​​​​​មួក​​​​​​សុវត្ថិភាព​​​ក្នុងរាជធានីភ្នំពេញ​​​ កើនឡើង​​​​​​​​​ពី​​​​​​៧​​​ភាគរយ​​​ក្នុងឆ្នាំ​​​២០០៤ ដល់​​​៧៤​​​ភាគរយ​​​ក្នុង​​​ឆ្នាំ​​​២០១៣​​​នេះ​​​។ អង្គការ​​​នេះ​​​បាន​​​​​​ឲ្យ​​​ដឹង​​​ថា ឥឡូវ​​​​​​តួលេខ​​​នេះ​​​កំពុង​​​​​​ធ្លាក់​​​ចុះ​​​វិញ​​​ហើយ​​​​​​។

លោក​​​ អ៊ា ចរិយា ប្រធាន​​​កម្មវិធីសុវត្ថិ​​​ភាព​​​តាម​​​​​​ដង​​​ផ្លូវ​​​របស់​​​អង្គការ​​​ ​​H.I.​ បាន​​​មាន​​​ប្រសាសន៍​​​ថា “រយៈ​​​ពេល​​​ប៉ុន្មាន​​​ឆ្នាំ​​​មក​​​នេះ​​​ យើង​​​បាន​​​ព្យាយាម​​​​​​ជំរុញ​​​រដ្ឋាភិបាល​​​និង​​​នគរ​​​បាល​​​​​​ឲ្យ​​​ពង្រឹង​​​ការ​​​អនុវត្ត​​​​​​ច្បាប់​​​ចរាចរណ៍​​​ទាំង​​​ពេល​​​ថ្ងៃ​​​ និង​​​ពេល​​​យប់​​​។ យើង​​​បាន​​​ទទួល​​​​​​លទ្ធ​​​ផល​​​​​​វិជ្ជមាន​​​ ប៉ុន្តែ​​​​​​​​​ឥឡូវបែរ​​​ជា​​​​​​មាន​​​ការ​​​បោះ​​​ជំហាន​​​ថយ​​​ក្រោយ​​​​​​​​​យ៉ាង​​​​​​​​​ធំ​​ទៅ​​​វិញ​​​​​​។ ការ​​​ពាក់​​​មួក​​​សុវត្ថិភាព​​​កំពុង​​​​​​មាន​​​ការ​​​ធ្លាក់​​​ចុះ​​​ទៀត​​​ហើយ​​​។ នេះ​​​គឺ​​​​​​ជា​​​លទ្ធផល​​​នៃ​​​កង្វះ​​​​​​ការ​​​​​​អនុវត្តច្បាប់​​​”។

មុន​​​ការ​​​បោះឆ្នោត​​​​​​កាល​​​ពី​​​ខែ​​​កក្កដា​​​ នគរ​​​បាល​​​ចរាចរណ៍​​​គឺ​​​ត្រូវ​​​បាន​​​បញ្ជា​​​ឲ្យ​​​​​​ផ្អាក​​​ការ​​​​​​អនុវត្ត​​​ច្បាប់​​​ចរាចរណ៍​​​ ខណៈ​​​មាន​​​ការ​​​​​​​​​ធ្វើ​​​យុទ្ធ​​​នាការ​​​ឃោសនា​​​រក​​​សំឡេង​​​ឆ្នោត​​​​​​ដោយ​​​​​​ប្រើ​​​ទោចក្រ​​​យានយន្ត​​​​​​ជា​​​មធ្យោបាយ​​​​​​សម្រាប់​​​ការ​​​​​​​​​ប្រមូល​​​ផ្ដុំ​​​គ្នា​​​​​​ហែក្បួន​​​។

ទិន្នន័យ​​​ដែល​​​ប្រមូល​​​បាន​​​ដោយ​​​អង្គការ​​​ H.I. ពី​​​ភ្នំពេញ​​​ ខេត្ត​​​កណ្ដាល​​​ កំពង់​​​ស្ពឺ កំពង់​​​ចាម និង​​​​​​សៀម​​​រាប​​​​​ បង្ហាញ​​​ថាការ​​​ពាក់​​​មួក​​​​​​សុវត្ថិភាព​​​បាន​​​ធ្លាក់​​​ចុះ​​​ពី​ចំនួន​​​​​​​​៦៣​​​ភាគ​​​រយ​​​ក្នុង​​​ខែ​​​ឧសភា​​​ មក​​​ត្រឹម​​​៤៧​​​ភាគរយ​​​ក្នុងខែ​​​វិច្ឆិកា។
លោក​​​ ចរិយា បាន​​​ឲ្យ​​​ដឹង​​​កាល​​​​​​ពី​​​ម្សិល​​​មិញ​​​ថា នៅ​​​ពេល​​​កើត​​​មាន​​​គ្រោះ​​​ថ្នាក់​​​ចរា​​​ចរណ៍​​​មួក​​​សុវត្ថិភាព​​​អាច​​​ជួយ​​​សង្គ្រោះ​​​ជីវិត​​​​​​មនុស្ស​​​បាន​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “លទ្ធ​​​ផល​​​នៃ​​​ការសិក្សា​​​បង្ហាញ​​​ថា ការ​​​ពាក់​​​មួក​​​​​​​​​សុវត្ថិ​​​ភាព​​​អាច​​​ទប់ស្កាត់​​​​​​ការ​​​បាត់​​​បង់​​​ជីវិត​​​​​​ដោយ​​​សារ​​​​​​គ្រោះ​​​ថ្នាក់​​​ចរាចរណ៍​​​ប្រហែល​​​៤០​​​ភាគ​​​រយ​​​ និង​​​​​​អាច​​​​​​បញ្ចៀស​​​ការ​​​រង​​​របួស​​​ធ្ងន់​​​ត្រង់​​​ក្បាល​​​​​​៧០​​​ភាគ​​​រយ​​​”។
ថ្មីៗ​​​នេះ​​​​​​ នគរបាល​​​​​​​​​ចរាចរណ៍​​នៅ​​​រាជ​​​ធានី​​​ភ្នំពេញ​​​បាន​​​បន្ត​​​ការ​​​ពង្រឹង​​​ការ​​​អនុវត្ត​​​ច្បាប់​​​ចរាចរណ៍​​​វិញ​​​ហើយ​​​ ហើយ​​​នៅ​​​សប្ដាហ៍​​​នេះ​​​នគរបាល​​​ចរាចរ​​​នៅ​​​មហាវិថី​​​ព្រះ​​​មុនីវង្ស​​​នឹង​​​​​​សុធារស ត្រូវ​​​គេ​​​សង្កេត​​​​​​ឃើញ​​​ធ្វើ​​​សកម្ម​​​ភាព​​​​​​ឃាត់​​​អ្នក​​​បើក​​​បរ​​​ដែល​​​គ្មាន​​​​​​មួក​​​សុវត្ថិភាព​​​។

លោក​​​ ព្រាប ចាន់​​​វិបុល​​​ ប្រធាន​​​នាយក​​​ដ្ឋាន​​​​​​ដឹកជញ្ជូន​​​ផ្លូវ​​​គោក​​​​​​នៃ​​​ក្រសួង​​​សាធារណៈ​​​ការ​​​និង​​​​​​ដឹកជញ្ជូន​​​ បាន​​​និយាយ​​​ថា ការ​​​មិន​​​ពង្រឹង​​​​​​​​​ការ​​​អនុវត្តច្បាប់​​​​​​ចរាចរណ៍​​​គឺ​​​ដោយ​​​សារ​​​តែ​​​ស្ថានភាព​​​នយោបាយ​​​​​​បច្ចុប្បន្ន​​​នេះ​​​។ លោក​​​បាន​​​​​​បង្វែ​​​រសំនួរ​​​បន្ថែម​​​ទៀត​​​ទៅ​​​លោក​​​ ចេវ ហាក់​​​ នាយការិយាល័យ​​​​​​នគរបាល​​​ចរា​​​ចរណ៍​​​ជើង​​​គោក​​​រាជ​​​ធានីភ្នំពេញ​​​​​​ ដែល​​​បាន​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ​​​។

មន្ត្រី​​​នគរបាល​​​ចរាចរ​​​​​ជើង​​​គោក​​​មួយ​​​រូប​​​ដែល​​​សុំ​​​មិន​​​បញ្ចេញ​​​ឈ្មោះ​​​ដោយ​​​សារ​​​តែ​​​ខ្លួន​​​ពុំ​​​​​​ត្រូវ​​​បាន​​​អនុញ្ញាត​​​ឲ្យ​​​និយាយ​​​ជាមួយ​​​អ្នក​​​យក​​​ព័ត៌មាននោះ​​​​​​ បាន​​​លើក​​​ឡើង​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា  ខ្លួន​​​ធូរ​​​ចិត្ត​​​ណាស់​​​​​​ដែល​​​​​​អាច​​​​​​ពង្រឹង​​​​​​ការ​​​អនុវត្តច្បាប់​​​ចរាចរណ៍​​​​​​ជា​​​ថ្មី​​​ទៀត​​​បាន​​​​​​តាម​​​រយៈ​​​ការ​​​ផាក​​​ពិន័យ​​​ក្រៅ​​​ផ្លូវ​​​ការ​​​ចំពោះ​​​អ្នក​​​បើក​​​ប​​​រ​​​ដែល​​​ខ្លួន​​​ហៅ​​​ឲ្យ​​​ឈប់​​​។

លោក​​​បាន​​​និយាយ​​​​​​ថា “ខ្ញុំ​​​រីករាយ​​​ណាស់​​​ ព្រោះ​​​ពី​​​មុន​​​​​​ខ្ញុំ​​​ត្រូវ​​​​​​ចេញ​​​លុយ​​​ចាក់​​​សាំង​​​ខ្លួន​​​ឯង​​​ ចេញ​​​លុយ​​​ថ្លៃ​​​បាយ​​​ខ្លួន​​​ឯង​​​ ហើយ​​​ត្រូវ​​​​​​ចំណាយទៅ​​​​​​លើ​​​អ្វីៗ​​​សព្វ​​​មុខ​​​​​​​​​ទាំង​​​អស់​ហ្នឹង​​​​​​​​” ដោយ​​​លោក​​​បាន​​​រំឭក​​​ពី​​​រយៈ​​​ពេល​​​ប៉ុន្មាន​​​​​​ខែ​​​មុន​​​ពេល​​​ខ្លួន​​​គ្មាន​​​លទ្ធភាព​​​រក​​​ប្រាក់​​​បាន​​​ពី​​​​​​អ្នក​​​រំលោភ​​​ច្បាប់​​​ចរាចរណ៍​​​។

លោកបាន​​​បន្ត​​​​​​ថា “ដូច​​​ប្អូន​​​ដឹង​​​ស្រាប់​​​ហើយ​​​ ប្រាក់ខែ​​​ខ្ញុំ​​​​​​មិន​​​គ្រប់​​​គ្រាន់​​​សម្រាប់​​​​​​ការ​​​ចំណាយ​​​លើ​​​អ្វី​​​ៗ​​​សព្វ​​​មុខ​​​​​​ និង​​​សម្រាប់​​​ចិញ្ចឹម​​​គ្រួសារ​​​របស់​​​ខ្ញុំ​​​ទេ​​​”៕ សេរីវុធ

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស