35 C
Phnom Penh

ជីដូនជីតា​​​និង​​​ចៅ​​​ស្រី​​​ត្រូវ​​​បាន​​​សម្លាប់​​​​​​យ៉ាង​​​ឃោរឃៅ​​​តាម​​​ផ្លូវ​​​ក្នុង​​​ក្រុង​​​កំពង់​​​ចាម​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ជីដូនជីតា​​​ពីរនាក់​​​​​​និងចៅ​​​​​​ស្រី​​​​​​អាយុ​​​១៦​​​ខែ​​​របស់​​​ខ្លួន​​​បាន​​​បាត់​​​បង់​​​ជីវិត​​​កាលពី​​​ថ្ងៃ​​​ពុធ​​​ បន្ទាប់ពី​​​បាន​​​​​​​​​រង​​​របួស​​​​​​ធ្ងន់​​​ត្រង់​​​​​​ក្បាល​​​ក្នុង​​​​​​ហេតុ​​​ការណ៍​​​​​​ប្លន់​​​ប្រដាប់​​​អាវុធ​​​​​​តាម​​​ដង​​​ផ្លូវ​​​​​​មួយ​​​ករណី​​​ក្នុង​​​ខេត្ត​​​កំពង់​​​ចាម​​​។  

លោក​​​ អេង ម៉េង​​​គ្រី​​​ អាយុ​​​៤៨​​​ឆ្នាំ​​​​​​​​​​​​និង​​​​​​ភរិយារបស់​​​ខ្លួន​​​​​​ឈ្មោះ​​​ ដន ចាន់​​​ថា អាយុ​​​៤៥​​​ឆ្នាំ​​​​​​​​​បាន​​​ដេក​​​​​​ស្លាប់​​​ក្នុង​​ថ្លុក​​​ឈាម​​​​​​​​​នៅ​​​តាម​​​ផ្លូវ​​​​​​ក្នុង​​​សង្កាត់​​​ពង្រ ក្រុង​​​កំពង់ចាម​​​ ខណៈ​​​ចៅ​​​ស្រី​​​របស់​​​ខ្លួន​​​​​​ឈ្មោះ​​​​​​ រ៉ា កញ្ញា ដេក​​​រង​​​របួស​​​​​​នៅ​​​ក្បែរ​​​​​អ្នក​​​ទាំង​​​ពីរ​​​​​​។

លោក ធូ សម្បត្តិ នាយ​​​ប៉ុស្ដិ៍​​​នគរបាល​​​សង្កាត់​​​ពង្រ បាន​​​ឲ្យ​​​​​​​​​ដឹង​​​ថា សម្រែក​​​ក្មេង​​​ស្រី​​​​​​រងរបួស​​​នេះ​​​បាន​​​ធ្វើ​​​ឲ្យ​​​ភ្ញាក់​​​ផ្អើល​​​ដល់​​​​​​អ្នក​​​ភូមិ​​​ដែល​​​ភ្លាម​​​នោះ​​​​​​បាន​​រួស​​​​​​រាន​​​​​​មក​​​កន្លែង​​​កើត​​​ហេតុ​​​នៅ​​​វេលា​​​ម៉ោង​​​​​​៣​​​រសៀល​​។ ប្ដីប្រពន្ធ​​​ដែល​​​ត្រូវ​​​ជា​​​​​​ជីដូនជីតា​​​របស់​​​ក្មេង​​​ស្រី​​​​​​រូប​​​នេះបាន​​​រង​​​របួស​​​ត្រង់​​​ក្បាល​​​​​​ច្រើន​​​កន្លែង​​​ពេក​​​​​​​​​ដល់​​​ថ្នាក់​​​បែក​​​ថ្គាម​​​និង​​​ស្ទើ​​រ​តែ​​​ដាច់​​​ក្បាល​​​ទៅ​​​ហើយ​​។

លោក​​​ សម្បត្តិ បាន​​​មាន​​​ប្រសាសន៍​​​ថា “ពួក​​​​​​គេ​​​​​​ស្លាប់​​​​​​ក្នុង​​​​​​ថ្លុក​​​ឈាម​​​របស់​​​​​​ខ្លួន​​​​​​ឯង​​​តែ​​​​​​ម្ដង​​​”។

ក្មេងស្រី​​​ដែល​​​ត្រូវ​​​បាន​​​វាយ​​​​​​នឹង​​​ដំបង​​​ចំ​​​មុខ​​​នេះ​​​ក៏​​​បាន​​​បែក​​​ថ្គាម​​​​​​និង​​​រង​​​របួសធ្ងន់​​​ដែរ​​​ ហើយ​​​​​​ត្រូវ​​​បាន​​​បញ្ជូន​​​ទៅ​​​មន្ទីរពេទ្យ​​​ខេត្ត​​​ ប៉ុន្តែ​​​ដោយ​​​សារ​​​របួស​​​ធ្ងន់​​​ពេក  ​​​​នាង​​​ត្រូវ​​​បាន​​​បញ្ជូន​​​​​​ទៅ​​​មន្ទីរពេទ្យ​​​គន្ធបុប្ផា​​​ក្នុង​​​រាជធានី​​​ភ្នំពេញ​​​វិញ​​​។ នាង​​​បាន​​​ស្លាប់​​​ភ្លាមៗ​​​បន្ទាប់ពី​​​បាន​​​ទៅ​​​ដល់ទីនោះ​​​នៅ​​​ល្ងាច​​​ថ្ងៃ​​​ពុធ​​​​​​។

គួរ​​​រំឭកថា មុន​​​ពេល​​​កើត​​​ហេតុ​​​  ជន​​​រង​​​គ្រោះ​​​បាន​​​ធ្វើ​​​ដំណើរ​​​តាម​​​​​​ម៉ូតូ​​​មួយ​​​គ្រឿង​​​​​​ចេញ​​​ពី​​​​​​ស្រុក​​​កោះ​​​សូទិន​​​ ឆ្ពោះ​​​ទៅ​​​លំនៅ​​​ដ្ឋាន​​​វិញ​​​​​​។ នៅ​​​ពេល​​​​​​មាន​​​​​​ការ​​​ប្រទះ​​​ឃើញ​​​សាក​​​សព​​​របស់​​​ពួក​​​​​​គេ​​​​​​ ម៉ូតូ​​​របស់​​​ពួក​​​គេ​​​​​​មិន​​​ឃើញ​​​នៅ​​​កន្លែង​​​កើត​​​ហេតុ​​​ឡើយ​​​ ហើយ​​​ប្រាក់​​​ចំនួន​​​៥០​​​មឺុនរៀល​​​​​​បាន​​​បាត់​​​​​​ពី​​​ហោប៉ៅ​​​របស់​​​ឈ្មោះ​​​ ដន ចាន់​​​ថា ដែល​​​ចំណុច​​​នេះ​​​​​​ធ្វើ​​​​​​ឲ្យ​​​នគរបាល​​​​​​សន្និដ្ឋាន​​​ថា ​​​ជា​​​ករណី​​​ប្លន់។

លោក​​​ សម្បត្តិ​​​ បាន​​​និយាយ​​​ថា “យើង​​​សន្និដ្ឋាន​​​ថា ជន​​​រងគ្រោះ​​​ត្រូវ​​​បាន​​​ចោរ​​​ប្លន់​​​និង​​​សម្លាប់​​​​​​ចន្លោះ​​​ពី​​​ម៉ោង​​​១២ ថ្ងៃ​​​ត្រង់​​​ទៅ​​​ម៉ោង​​​២​​​រសៀល​​​” ដោយ​​​បាន​​​បន្ថែម​​​ថា ពួក​​​គេ​​​បាន​​​ចាកចេញ​​​ពី​​​ផ្ទះ​​​សាច់​​​ញត្តិ​​​របស់​​ខ្លួន​​​នៅ​​​វេលាម៉ោង​​​ប្រហែល​​​១១ព្រឹក​​​។

លោក ម៉ា ចាន់ដា អធិការ​​​នគរបាល​​​ស្រុក​​​​​​កោះ​​​សូទិន​​​ បាន​​​ឲ្យ​​​ដឹង​​​ថា នគរបាល​​​​​​បាន​​​រក​​​ឃើញ​​​ដំបង​​​ប្រឡាក​​់​​​ឈាម​​​ចំនួន​​​មួយ​​​នៅ​ឯ​​កន្លែង​​​​​​កើត​​​ហេតុ​​​​​ និង​​​ថា​​​ នគរបាល​​​សង្ស័យ​​​​​​ថា អំពើ​​​ប្លន់​​​នេះ​​​ត្រូវ​​​បាន​​​ប្រព្រឹត្ត​​​ដោយ​​​បុរស​​​ពី​​​ពីរ​​​​​​ទៅ​​​បួន​​​នាក់​​​។

លោក​​​បាន​​​និយាយ​​​ថា “យើង​​​កំពុង​​​​​​ស៊ើប​​​អង្កេត​​​ ​​​និង​​​ស្វែង​​​រក​​​អ្នក​​​ប្រព្រឹត្ត​​​”៕ សេរីវុធ

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស